នៅថ្ងៃស្អែក ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី

ភ្នំពេញ: ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ីនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៥ ខែកក្កដា នេះ។

ឯកឧត្តម ប្រាក់ សុខុន

ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំពិសេសនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេច បានក្នុងរយៈពេល២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យ នយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាបន្តតាមដានការងារក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ស្តីពីជំងឺកូវីដ-១៩
ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុងមានបញ្ហាប្រឈម។
គួរកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ២០២១ នេះ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner