ទឹកប្រាក់ជិត ២សែនដុល្លារ បានមកពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ បានជួយដល់រដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីជួយប្រយុទ្ធប្រឆាំងកូវីដ-១៩
រាជធានីភ្នំពេញ៖ អំណោយជាទឹកប្រាក់ចំនួនសរុប ១៩៩.៧៥៧ ដុល្លារត្រូវបានក្រសួងបរិស្ថានរួមទាំងអង្គការសម័្ពន្ធមិត្តសត្វព្រៃ ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។
គួរបញ្ជាក់ថាទឹកប្រាក់នេះគឺជាមូលនិធិរួមរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដែលបានមកពីការលក់ថាមពលកាបូន (ឥណទានកាបូន) ដើម្បីជួយធ្វើឱ្យប្រសើរឡើងផ្នែកជីវភាព និងចូលរួមអភិវឌ្ឍន៍សហគមន៍អ្នករស់នៅតំបន់ផ្ទៃរងទឹកភ្លៀងជួរភ្នំក្រវាញ ។
សម្រាប់ជំនួយនេះដែរត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំថវិកាពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីចុងខែមិថុនាកន្លងទៅនេះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បានឆ្លងជាបន្តបន្ទាប់មក។
កញ្ញា សូ វណ្ណា នាយិការអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានឱ្យដឹងក្នុងពិធីប្រគល់អំណោយជាទឹកប្រាក់កាលពីថ្មីៗមកនេះឱ្យដឹងថា គោលបំណងនៃការជូនអំណោយជាទឹកប្រាក់នេះ គឺដើម្បីឱ្យរដ្ឋបាលខេត្តចាត់ចែងទិញសម្ភារ គ្រឿងបរិក្ខារវេជ្ជសាស្ដ្រសម្រាប់ក្រុមការងារ និងក្រុមគ្រូពេទ្យជួរមុខប្រើប្រាស់ ក្នុងការអនុវត្តវិធានសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់។
នាយិការអង្គការសម័្ពន្ធមិត្តសត្វព្រៃ រូបនេះបានឱ្យដឹងបន្ថែមថា ជំនួយហិរញ្ញវត្ថុផ្តល់ជូនខេត្តពោធិ៍សាត់ គឺជា លទ្ធផលផ្ទាល់ពីឥណទានកាបូន ដែលទិញដោយក្រុមហ៊ុនអន្តរជាតិ ដែលជាការទូទាត់ការបំភាយឧស្ម័នកាបូនិករបស់ខ្លួន តាម រយៈការស្រូបយកកាបូនដោយព្រៃឈើតំបន់ជួរភ្នំក្រវាញ។
ក្នុងពិធីនេះដែរឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួង បរិស្ថាន បានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុនេះបានមកដោយសារការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការថែរក្សាព្រៃឈើឱ្យគង់វង្ស នៅតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ។
ឯកឧត្តមបន្តឱ្យដឹងថា ថវិកាដែលបានមកនេះ គឺជាប្រាក់ចំណូលបានមកពីមុខងារព្រៃឈើ (មុខងារស្រូបឧស្ម័នកាបូនិកនៃព្រៃឈើ)។ នេះជាបរិបទថ្មីមួយ ដែលប្រទេសកម្ពុជាយើងអាចទទួលបានប្រាក់ចំណូលពីការរក្សាឈើឈរ សម្រាប់យកមកប្រើប្រាស់ក្នុង ១)ការការពារព្រៃឈើឱ្យបានគង់វង្ស ២)ការលើកកម្ពស់ជីវភាពសហគមន៍ឱ្យល្អប្រសើរ និង៣)ការកសាងសមត្ថភាពស្ថាប័នឱ្យរឹងមាំ។
ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងដោយសំណូមពរដល់ស្ថាប័នពាក់ពន្ធ័ ជាពិសេសអជ្ញាធរដែនដី ជួយសហការជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូ ការពារព្រៃឈើឱ្យបានល្អ សម្រាប់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផង និងកិត្យានុភាពប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិផង។
សូមរំលឹកថារេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានបង្កើតឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមានគោលបំណង៣យ៉ាងគឺ ទី១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅក្នុងមូលដ្ឋាន ទី២ ដើម្បីការពារព្រៃឈើ ពីព្រោះវាជាកន្លែងស្តុកកាបូនសម្រាប់ការ លក់ឥណទានកាបូន និងទី៣ ដើម្បីនាំប្រាក់ចំណូលជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ការលក់ឥណទានកាបូនពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ បានចាប់ផ្តើមនៅខែមករាឆ្នាំ ២០១៩ ហើយអ្នកទិញបច្ចុប្បន្នគឺមកពីបណ្តាប្រទេសប៉ែកអឺរ៉ុបនិងអាមេរិក៕ដោយ៖ម៉ាដេប៉ូ