ចំនួនអ្នកស្លាប់កើនដល់៤៧នាក់ និង៤៩នាក់ទៀតរបួស ក្រោយហេតុការណ៍ធ្លាក់យន្តហោះយោធានៅហ្វីលីពីន

ហ្វីលីពីន មនុស្សដែលបានជិះនៅលើយន្តហោះយោធា ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ មានចំនួនសរុប៩៦នាក់ ហើយតួលេខអ្នកស្លាប់ក្នុងចំណោមពួកគេ បានកើនឡើងដល់៤៧នាក់ និង៤៩នាក់ទៀតរងរបួស ។

ភាគច្រើននៃកងទ័ពទាំង ៩៦នាក់ ដែលស្ថិតនៅលើយន្តហោះប្រភេទ C-130 Hercules ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin គឺជាយោធាដែលទើបបញ្ចប់ការសិក្សា ។ គ្រោះថ្នាក់ដ៏អាក្រក់នេះដែរ ក៏បានធ្វើអោយប្រជាជននៅលើដី០៣នាក់បានស្លាប់ និង០៤នាក់ទទួលរងរបួសផងដែរ ដោយសារត្រូវយន្តហោះយោធាធ្លាក់ចំទីតាំង ដែលពួកគេកំពុងស្ថិតនៅ ។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វី ឡូរិនហ្សាណា បាននិយាយថា ការស៊ើបអង្កេតរកមូលហេតុធ្លាក់នឹងត្រូវធ្វើឡើង ក្រោយប្រតិបត្តិការសង្គ្រោះនៅកន្លែងកើតហេតុចប់រួចរាល់។

សូមជម្រាបថា យន្តហោះយោធានេះត្រូវបានគេដឹងថា គ្រោងនឹងទៅចុះចតនៅព្រលានយន្តហោះទីក្រុងចូឡូ ស្ថិតក្នុងខេត្តដីកោះ ស៊ូលូ ភាគខាងត្បូងហ្វីលីពីន ប៉ុន្តែក៏បានហោះជ្រុលហួសព្រលាន ដោយសារតែមានបញ្ហាបច្ចេកទេស ហើយនៅពេលមិនអាចគ្រប់គ្រងម្ចាស់ការបានទៀត វាក៏បានធ្លាក់នៅតំបន់ ផាទីកាល់ ដែលស្ថិតនៅក្បែរនោះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner