ក្រុមប្រទេស G-20 គាំទ្រកំណែទម្រង់ប្រព័ន្ធពន្ធលើសាជីវកម្មអន្តរជាតិ

ក្រុម​ប្រទេស​សេដ្ឋកិច្ច​លំដាប់​កំពូល​ទាំង ២០ ឬ ហៅ​កាត់​ថា​ក្រុម​ប្រទេស G-20 បាន​គាំទ្រ​​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធ​សាជីវកម្ម​ពិភពលោក​ ដែល​ដាក់​ចេញ​ដោយ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (OECD) នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្ដាល​នៃ​ G-20 ​ធ្វើ​ឡើង​រយៈពេល ២ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី៩ និង​ថ្ងៃ​ទី១០ ខែ​កក្កដា នៅ​ឯ​​ទីក្រុង​ពាណិជ្ជកម្ម​បុរាណ Venice ប្រទេស​អ៊ីតាលី​។

ប្រទេស G-20 ជា​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​នៅ​ក្នុង​ពិភពលោក ដោយ​ ២០ប្រទេស​នេះ​បូក​បញ្ចូល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ប្រមាណ ៨០% នៃ​ GDP ពិភពលោក និង​មាន​ពាណិជ្ជកម្ម​ស្មើ​នឹង​ ៧៥%​ នៃ​​ពិភពលោក។

កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ​គឺ​ជា​កិច្ច​ប្រជុំ​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​លើក​ដំបូង​រវាង​រដ្ឋមន្ត្រី​សមាជិក​ G20 ចាប់​តាំង​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មាន​រដ្ឋមន្ត្រី​ខ្លះ​ដូច​ជា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ចិន​លោក Liu Kun បាន​ចូល​រួម​តាម​ប្រព័ន្ធ​វីដេអូ។ ​ក្រោយ​ពី​ប្រជុំ​បាន​បញ្ចប់​ ក្រុម​រដ្ឋមន្ត្រី និង​ទេសាភិបាល​ធនាគារ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ប្រវែង ៦ ទំព័រ​ ដែល​និយាយ​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​យុត្តិនាការ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ផង​ដែរ។

តាម​រយៈ​សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ខាង​លើ​នេះ ក្រុម​ប្រទេស​ G-20 បាន​ប្រកាស​ពី​ការ​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់​ៗ​នៃ កិច្ចព្រមព្រៀង​ថ្មី​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​របស់​អង្គការ សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច(OECD) ដែល​យល់ព្រម​ដោយ​ប្រទេស​ចំនួន ១៣១ កាល​ពី​សប្ដាហ៍​មុន​នេះ។

ក្របខ័ណ្ឌ​កំណែទម្រង់​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​នេះ​មាន ២សសរស្ដម្ភ ដែល​ជា​លទ្ធផល​នៃ​ការ​ចរចា​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ហើយ​ក្របខ័ណ្ឌ​មាន​បំណង​ពង្រឹង​ស្ថិរភាព​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ​ទៀត​ផង​។

សសរស្ដម្ភ​ទាំង​ ២នេះ​មាន​ដូច​ជា (១) ធានា​ឱ្យ​បាន​នូវ​ការ​បែងចែក​សិទ្ធិ​ក្នុង​ការ​យក​ពន្ធ​ពី​ក្រុមហ៊ុន​ពហុជាតិ​ធំ​ៗ ដែល​រួម​មាន​ក្រុមហ៊ុន Amazon និង Google ជា​ដើម​ ទៅ​តាម​បណ្ដា​ប្រទេស​ដែល​ក្រុមហ៊ុន​ទាំង​នេះ​បាន​ទទួល​ប្រាក់​ចំណេញ​។ នេះ​បាន​សេចក្ដី​ថា ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​តែ​បង់​ពន្ធ​ឲ្យ​ប្រទេស​នានា ដែល​សាខា​របស់​ខ្លួន​ដំណើរការ ដោយ​មិន​ត្រឹម​តែ​បង់​ពន្ធ​ឱ្យ​ប្រទេស​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នោះ​ទេ។ (២) កំណត់​អត្រា​ពន្ធ​សាជីវកម្ម​អប្បបរមា​ឱ្យ​ស្មើគ្នា​ជុំវិញ​ពិភពលោក​ ដើម្បី​កុំ​ឱ្យ​ក្រុមហ៊ុន​ទាំង​នោះ​គេច​ចេញ​ពី​ការ​បង់ពន្ធ​ ដោយ​រើ​ទីស្នាក់ការ​កណ្ដាល​សាជីវកម្ម​របស់​ខ្លួន ទៅ​ប្រទេស​ដែល​មាន​អត្រា​ពន្ធ​ទាប​បំផុត។ ពន្ធ​សាជីវកម្ម​ជា​ពន្ធ​ដែល​យក​លើ​ប្រាក់​ចំណេញ​របស់​ចំណូល​ក្រុមហ៊ុន​ធំ​ៗ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G-20 មិន​បញ្ជាក់​ថា ពិភពលោក​ត្រូវ​កំណត់​យក​ពន្ធ​ប៉ុន្មាន​នោះ​ទេ ដោយ​ការ​ចរចា​ពី​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​គឺ​នៅ​បន្ត​នៅ​ឡើយ​។ យោង​តាម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire បាន​ឱ្យ​ដឹង​ថា ក្រុម​រដ្ឋមន្ត្រី​នឹង​ធ្វើ​ការ​ចរចា​ជា​លើក​ចុង​ក្រោយ​នៅ​ខែ​តុលា​ខាង​មុខ​នេះ។ ប្រសិន​បើ​ការ​ចរចា​បាន​សម្រេច គម្រោង​កំណែ​ទម្រង់​អស់​ទាំង​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ២០២៣។

លោកស្រី Janet Yellen រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​បង្ហោះ​នៅ​ក្នុង Twitter កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «កិច្ចប្រជុំ​ G-20 បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ថា ពិភពលោក​កំពុង​តែ​ត្រៀម​ខ្លួន​ក្នុង​ការ​បញ្ចប់​ការ​ប្រកួត​ប្រជែង​ទៅ​រក​ពន្ធ​សាជីវកម្ម​ដ៏​ទាប​បំផុត​ហើយ ព្រម​ទាំង​មូល​មតិ​គ្នា​ក្នុង​ការ​បញ្ចប់​ការ​ប្រណាំង​ប្រជែង​បែប​នេះ​តាម​រយៈ​កម្រិត​ពន្ធ​សាជីវកម្ម​សកល​ ១៥%»។

រដ្ឋមន្ត្រី​បារាំង​លោក Le Maire បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​សាជីវកម្ម​ទាំង​នេះ​អាច​យក​មក​ផ្គត់ផ្គង់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។

មាន​សេចក្ដីរាយការណ៍​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ផែនការ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​កម្រិត​យក​ពន្ធ​សាជីវកម្ម​អប្បបរមា​មិន​ទទួល​បាន​ការ​ស្វាគមន៍​ប៉ុន្មាន​នោះ​ទេ​ពី​ប្រទេស​ដែល​យក​ពន្ធ​តិច​បំផុត ដោយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​ទ្វីប​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ​ដូច​ជា សាធារណរដ្ឋ​អៀរឡង់ និង​ហុងគ្រី​ជា​ដើម។

កម្រិត​ពន្ធ​សាជីវកម្ម​អប្បបរមា ១៥% ជា​គំនិត​ផ្ដួចផ្ដើម​របស់​សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ចូ បៃដិន​។

បើ​តាម​ការ​ប៉ាន់ស្មាន​របស់​ OECD បាន​ឲ្យ​ដឹង​ថា ពិភពលោក​អាច​នឹង​ចំណេញ​ប្រាក់​ប្រមាណ ១០០ពាន់​លាន​ដុល្លារ​ពី​សសរ​ស្ដម្ភ​ទី១ និង​១៥០ពាន់​លាន​ដុល្លារ​ពី​សសរ​ស្ដម្ភ​ទី២។

ក្រៅ​ពី​ពិភាក្សា​អំពី​កំណែទម្រង់​ពន្ធ​ពិភពលោក​នេះ រដ្ឋមន្ត្រី​ G-20 បាន​កត់​សម្គាល់​ថា ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​កើន​ឡើង​ល្អ​ក្រោយ​ពី​វិបត្តិ​ជំងឺ​ឆ្លង​សកល​កូវីដ១៩ ប៉ុន្តែ​ការ​ងើប​ឡើង​វិញ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​មិន​មាន​ភាព​ស្មើ​គ្នា​នោះ​ទេ ដែល​កាន់​តែ​លំបាក​ដោយ​សារ​ការ​រីក​រាលដាល​នៃ​វីរុស​បម្លែង​ដែលតា និង​ភាព​យឺតយ៉ាវ​នៃ​ការ​ចាក់​វ៉ាក់សាំង៕

ប្រភព៖ Kyodo News, Ny Times, OECD, Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner