សមាគមទេសចរណ៍ធំៗចំនួន ៦ថ្លែងអំណរគុណ រាជរដ្ឋាភិបាល ដែលបានដាក់ចេញគោលនយោបាយជួយដល់វិស័យទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩

សមាគម និងសហព័ន្ធធំៗក្នុងវិស័យទេសចរណ៍ចំនួន៦ តាមរយៈក្រសួងទេសចរណ៍ បានរួមគ្នាថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការជួយដល់វិស័យទេសចរណ៍បានទាល់ពេលវេលា និងចំគោលដៅ ក្នុងអំលុងពេលជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា។

តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចំនួន៦ រួមមាន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), សហព័ន្ធទេសចរណ៍កម្ពុជា (CTF), សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC), សមាគមសណ្ឋាគារកម្ពុជា (CHA), សមាគមភោជនីយដ្ឋានកម្ពុជា (CRA) និងសមាគមសហគមន៍ចុងភៅកម្ពុជា (CCS) ត្រូវគេឃើញបានសរសេរលិខិត សម្ដែងការថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លិខិតបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការបានទាល់ពេលវេលា និងចំគោលដៅ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបបានចំនួន៩ ជុំហើយ ដែលបានជួយសម្រួលបន្ទុក និងការលំបាករបស់អាជីវកម្មទេសចរណ៍ជាច្រើននៅទូទាំងប្រទេស រួមទាំងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ផងដែរ។

លិខិត បានបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយបានដាក់ចេញផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ (ប្រមាណ ៩៩.៦៤%) បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចរាល់ ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀត ក៏បាននិងកំពុងទទួលការចាក់វ៉ាក់សាំងទៅតាមផែនការរបស់រាជរដ្ឋាភិបាលផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner