​​តាលីបង់​អះអាង​ថា​ ខ្លួន​​កាន់​កាប់​ព្រំដែន​សំខាន់​ជាប់​ប៉ាគីស្ថាន​

ហួន​ ឌីណា ​

​ក្រុម​​ឧទ្ទាម​​តាលីបង់​បាន​​និយាយ​ថា​ ខ្លួន​បា​ន​កាន់​កាប់​ច្រក​ព្រំដែន​​ Spin ​Boldak​ ជាប់​ប៉ាគីស្ថាន​​ និង​បន្ត​ពង្វាត​ទី​​​ ខណៈ​​ក្រសួង​មហា​ផ្ទៃ​អាហ្វហ្គានីស្ថាន​អះអាង​​ថា​ កង​កម្លាំង​រដ្ឋាភិបាល​បាន​គ្រប់​គ្រង​​ និង​បង្ក្រាប​ជា​ស្ថាពរ​លើ​ការ​វាយ​ប្រហារ​របស់​ក្រុម​ប្រដាប់​អាវុធ​មួយ​​នេះ​។​

​លោក​ Arif​ Kakar​ មន្ត្រី​រដ្ឋបាល​មូលដ្ឋានប៉ាគីស្ថាន​​បាន​បញ្ចាក់​ពី​ការ​អះអាង​នេះ​ ដោយ​និយាយ​ថា​ ​  ​ប៉ាគីស្ថាន​បាន​បិទ​​ច្រក​ព្រំដែន​​ Chaman-Spin Boldak​ ​ជាប់​​អាហ្វហ្គានីស្ថាន​ ដោយ​មិន​អនុញ្ញាតិឱ្យ​ទំនិញ​ ឬ​​ប្រជាជន​ឆ្លង​កាត់​តាម​ច្រក​​​សំខាន់​នេះ​ឡើយ​។​ ​លោក​បាន​ប្រាប់​​សារព័ត៌មាន​ Al Jazeera ​ថា ​គេ​អាច​ឃើញ​ពី​វត្តមាន​របស់​ពួក​តាលីបង់​នៅ​ខាង​ក្រៅ​ព្រំដែន​ប្រទេស​​ ដោយ​គ្មាន​កង​កម្លាំង​ទ័ព​របស់​រដ្ឋាភិបាល​​អាហ្វហ្គានីស្ថាន​នោះ​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​នៃរដ្ឋាភិបាល​អាហ្វហ្គានីស្ថានលោក​ Tareq​ Arian​ បាន​បដិសេធ​ការ​អះអាង​នេះ​ដោយ​និយាយ​ថា​ ​ពួក​​ភេរវជន​បាន​ធ្វើ​សកម្មភាព​នៅ​ក្បែរ​ព្រំដែន​ ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​​បង្រ្កាប​។​ យ៉ាង​ណា​មិញ​ ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​ បាន​បដិសេធ​នឹង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​។​

លោក​ Raz​ Mohammad ​​អ្នក​លក់​ឥវ៉ាន់​ម្នាក់​នៅ​ក្បែរ​ព្រំដែន​បាន​និយាយ​ថា​៖​ «​ខ្ញុំ​ទៅ​កន្លែង​លក់​ឥវ៉ាន់​កាល​ពី​ព្រឹក​មិញ​ ទាំង​ឃើញ​ពួក​តាលីបង់​គ្រប់​កន្លែង​ទាំង​អស់​ ហើយ​ខ្ញុំ​ក៏​ឮ​សម្លេង​បាញ់​គ្នា​ក្បែរ​នោះ​ដែរ​»​។​

ពួក​តាលីបង់​បាន​ធ្វើ​ការ​វាយ​លុក​​ពាស​ពេញអាហ្វហ្គានីស្ថាន​​ ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​ នៅ​ពេល​ដែល​កង​កម្លាំង​បរទេស​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​ណាតូ​បាន​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ​។ ​តាំង​ពី​ពេល​នោះ​មក​ ក្រុម​នេះ​បាន​ចាប់​យក​ច្រក​ឆ្លង​កាត់​យ៉ាង​តិច​ចំនួន​ ៣ ​ទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​តាហ្ស៊ីគីស្ថាន​ តួកម៉េនីស្ថាន​ និង​អ៊ីរ៉ង់​។​ ​

ច្រក​ Spin​ Boldak ​គឺ​ជា​ច្រក​ចុងក្រោយ​បង្អស់​តាម​ខ្សែ​បន្ទាត់​ព្រំដែន​​​ ដែល​​ពួក​តាលីបង់​បាន​រឹបអូស​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​​ ក្រោយ​ការ​ប្រយុទ្ធបង្ហូរ​​ឈាម​នៅ​ទូទាំង​ខេត្ត​ Kandahar​ ​ជា​កន្លែង​ដែល​រដ្ឋាភិបាល​​បង្ខំ​​ចិត្ត​ពង្រាយ​កង​កុម្ម៉ង់​ដូ​ដើម្បី​ការពារ​​។​

​កាល​ពី​សប្តាហ៍​មុន​ ពួក​តាលីបង់​បាន​និយាយ​ថា​ ខ្លួន​បាន​គ្រប់គ្រង​ទឹក​ដី​ជាង​ ៨៥​ ភាគរយ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ជា​ការ​អះអាង​​មិន​អាច​ផ្ទៀង​ផ្ទាត់​បាន​។​​ តួរលេខ​នេះ​ខ្ពស់​ជាង​សេចក្តី​ថ្លែងការណ៍​របស់​តាលីបង់​កាល​ពី​លើក​មុន​​ ដែល​ថា​ខ្លួន​បាន​កាន់​កាប់​ ជាង​មួយ​ភាគ​បី​នៃ​ស្រុក​​ចំនួន​ ៤២១ ​របស់​ប្រទេស​​​ ក្រោយ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​បោះបង់​ចោល​ ដោយ​ដក​ប្រតិបត្តិការ​របស់​ខ្លួន​ពី​ស្រុក​ទាំង​នោះ​។​

​​លោក​ Fahim ​Sadat​ ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ Kardan​ ក្នុង​ទី​ក្រុង​កាប៊ុល​ បាន​និយាយ​ថា ​​ពួក​តាលីបង់​កំពុង​ព្យាយាម​គ្រប់គ្រង​ចំណុច​​ដែល​អាច​រាំងស្ទះ​ដល់​សេដ្ឋកិច្ច​ដែល​រួម​មាន​ច្រក​ព្រំដែន​នេះ​ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ក៏​ដូច​ជា​ប្រជាជន​ដែល​ស្ថិត​នៅ​ក្នុង​ដែន​របស់​រដ្ឋាភិបាល​។​

​​​​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​អាហ្វហ្គានីស្ថាន​បញ្ជាក់ថា​​ ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​របាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​រួម​មាន​ការ​សម្លាប់​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​​និង​ការ​រើសអើង​ ជា​ពិសេស​ទៅ​លើ​ស្រ្តី ​និង​ក្មេង​ស្រី​។​ យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​តាលីបង់​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា​ពួក​គេ​រំលោភ​សិទ្ធិ​ ហើយ​និយាយ​ថា​ស្ត្រី​នឹង​មិ​ន​ត្រូវ​បាន​គេ​ធ្វើ​បាប​ឡើយ​ប្រសិន​បើ​តាលីបង់​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​។​

ក្រុមតាលីបង់​ក៏​បាន​ប្តេជ្ញាចរចា​ជាមួយ​គូ​ប្រជែង​អាហ្វហ្គានីស្ថាន​របស់​ខ្លួន​ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀងដែល​សហរដ្ឋ​អាមេរិក​យល់​ព្រម​ដក​ទ័ព​ចេញ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ ការ​វិវត្ត​ទៅ​មុខ​មាន​តិច​តួច​ប៉ុណ្ណោះ​​។​

ប្រភព៖

  1. Taliban claims capturing key Afghan border crossing with Pakistan https://www.aljazeera.com/news/2021/7/14/taliban-claims-capturing-key-afghan-border-crossing-with-pakistan
  2. Taliban press advances, take key border post with Pakistan https://apnews.com/article/afghanistan-taliban-pakistan-6e7a6d46490a21119b5281a3a1b2c2b7
  3. Afghan Taliban seize border crossing with Pakistan in major advance https://www.reuters.com/world/asia-pacific/taliban-claims-control-key-afghan-border-crossing-with-pakistan-2021-07-14/
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner