លោកវ៉ាង យី៖ ចិនប្រកាន់ជំហររឹងមាំប្រឆាំងនឹងការផ្លាស់ប្ដូររបបកាន់អំណាចនៅស៊ីរី

កាល​ពី​ថ្ងៃ​សៅរ៍​នេះ ទីប្រឹក្សា​រដ្ឋ​ និងជា​​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យីវ​បាននិយាយ​ថា​ក្រុង​ប៉េកាំង​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ជំរុញ​ការ​ផ្លាស់​ប្ដូរ​របប​នៅ​ស៊ីរី ហើយ​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រុង​ដាម៉ាសគូស លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រវាត់ និង​ផ្លូវ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​។

លោក​វ៉ាង​បាន​និយាយ​បែប​នេះ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​ជា​មួយ​ប្រធានាធិបតី​ស៊ីរី​លោក​បាសា អាល់-អាសាដ ដែល​ជា​ផ្នែក​មួយ​នៃ​ទស្សនកិច្ច​លើក​ទី ២ របស់​លោក​ទៅ​កាន់​មជ្ឈិមបូព៌ា​ក្នុង​ឆ្នាំ​នេះ​។

បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ចិន​ លោក​វ៉ាង​បាន​និយាយ​ថា​៖ «រាល់​សកម្មភាព​ជ្រៀតជ្រែក​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​បរាជ័យ​ក្នុង​ពេល​កន្លង​មក ហើយ​សកម្មភាព​ទាំង​នេះ​នឹង​មិន​ទទួល​បាន​ជោគជ័យ​នា​ពេល​អនាគត​ឡើយ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «ប្រទេស​ចិន​គាំទ្រ​ប្រទេស​ស៊ីរី​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កម្លាំង​ភេរវកម្ម​គ្រប់​រូបភាព ហើយ​មាន​ឆន្ទៈ​ពង្រឹង​ការ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជួយ​ប្រទេស​នេះ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​»។​

ក្នុង​ការ​ពិភាក្សា​ជា​មួយ​លោក​អាសដ​ លោក​វ៉ាង​បាន​និយាយ​ថា​ប្រទេស​ចិន​ស្វាគមន៍​ការ​គាំទ្រ​ដ៏​រឹងមាំ​ដោយ​គ្មាន​លក្ខខណ្ឌ​របស់​ប្រទេស​ស៊ីរី លើ​បញ្ហា​ដែល​ជាប់​ទាក់ទង​នឹង​ផល​ប្រយោជន៍​ស្នូល​របស់​ប្រទេស​ចិន​ដូចជា​បញ្ហា​ក្រុង​ហុងកុង កោះ​តៃវ៉ាន់​ និង​តំបន់​ស៊ីនជាំង​ជា​ដើម​។ លោក​ក៏​បាន​និយាយ​ថា​ក្រុង​ប៉េកាំង​ស្វាគមន៍​ការ​ចូលរួម​របស់​ក្រុង​ដាម៉ាសគូស​ក្នុង​គម្រោង​ក្រវាត់​ និង​ផ្លូវ​ បន្ទាប់​ពី​រង​ការ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ខ្លាំង​ដោយសារ​សង្គ្រាម​ស៊ីវិល​មួយ​ទសវត្ស​។

ប្រទេស​ស៊ីរី គឺ​ជា​ចំណត​ទី​មួយ​នៃ​ទស្សនកិច្ច​ ៤ ថ្ងៃ​ និង​ ៣ ​ប្រទេស​របស់​លោក​វ៉ាង​ ដោយ​លោក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ និង​អាល់ហ្សេរី​។ កាល​ពី​ថ្ងៃ​សៅរ៍ លោក​វ៉ាង​ក៏​បាន​និយាយ​តាម​ទូរស័ព្ទ​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​លោក Mohammad Javad Zarif ថា​ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជា​មួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ថ្មី និង​រួមគ្នា​ប្រឆាំង​នឹង​សកម្មភាព​ឯកតោ​ភាគី​និយម និង​ការ​យាយី​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់ឃើញ​ថា​ទស្សនកិច្ច​នេះ ជាមួយ​នឹង​ទស្សនកិច្ច​ទៅ​ប្រទេស​មជ្ឈិមបូព៌ា​ចំនួន​ ៦​ កាល​ពី​ខែ​មីនា​ បាន​បង្ហាញ​ថា​តំបន់​មជ្ឈិមបូព៌ា​បាន​ក្លាយ​ជា​ទិស​ដៅ​សំខាន់​មួយ​នៃ​នយោបាយ​ការទូត​របស់​ប្រទេស​ចិន ដោយ​ចិន​បង្កើន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់​នេះ​ និង​អាស៊ី​កណ្ដាល​ ខណៈ​ពេល​ដែល​អាមេរិក​ដក​វត្តមាន​មក​ផ្ដោត​លើ​តំបន់​ឥណ្ឌូ- ប៉ាស៊ីហ្វិក​វិញ​។

ដំណើរ​ទស្សនកិច្ច​នៅ​មជ្ឈិមបូព៌ា​របស់​លោក​វ៉ាង​បាន​កើត​ឡើង​បន្ទាប់​ពី​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​អាស៊ី​កណ្ដាល​កាល​ពី​សប្ដាហ៍​មុន​ ខណៈ​ពេល​ដែល​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ប្រយុទ្ធ​មួយ​តាលីបង់​បន្ទាប់​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner