ប៉ុន្មានថ្ងៃមុនកីឡាអូឡាំពិក អត្តពលិកជាច្រើននាក់តេស្តវិជ្ជមានកូវីដ-១៩

ប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍កីឡាអូឡាំពិកគ្រោងនឹងចាប់ផ្តើម សមាជិក​ប៉ុន្មាននាក់ ដែល​មក​ពី​​ក្រុម​​បាល់​​​ទាត់​​​អូឡាំពិក​នៃ​ប្រទេសអាហ្វ្រិកខាងត្បូងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់​ពីបាន​ទៅ​ដល់​ភូមិ​អូឡាំពិក​ទី​ក្រុងតូក្យូ​។

លោក Mxolisi Sibam អ្នកចាត់ការទូទៅ​សមាគមន៍​បាល់ទាត់អាហ្វ្រិកខាងត្បូង​ បានឱ្យដឹងនៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មានកាលពីថ្ងៃ អាទិត្យ ថា៖​ «យើង​រកឃើញ​​ករណី​វិជ្ជមាន​ចំនួន ៣ នៅក្នុងជំរំ​នៅទី​នេះ​ អ្នក​លេងពីរនាក់ និងមន្ត្រីម្នាក់»។

យោងតាមសមាគម​បានឱ្យដឹងថា អត្តពលិកទាំងពីរគឺជាកីឡាករបាល់ទាត់លោក​ Thabiso Monyane និងលោក​ Kamohelo Mahlatsi និង​មន្ត្រីវិភាគវីដេអូ​ លោក Mario Masha។ ពួកគេជាអត្តពលិក​ដំបូង​គេ​ ​​​ដែល​បានធ្វើតេស្តវិជ្ជមាននៅក្នុងភូមិ​កីឡា​នេះ​។ ក្រុមកីឡានេះ បានចាកចេញ​ពី​អាហ្វ្រិក​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​ ១៣ ខែកក្កដា ហើយបានទៅដល់ទីក្រុងតូក្យូ​នៅថ្ងៃ​បន្ទាប់​ ហើយ​​លទ្ធផលតេស្ត​គឺ​ ​អវិជ្ជមាន។​

សមាគម​បាននិយាយថា មន្ត្រី​វិភាគវីដេអូ ​បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃ ព្រហស្បតិ៍ ហើយ​បាន​ធ្វើ​ចត្តាឡី​ស័ក​​​ ដោយ​ឡែក​អ​ត្តពលិកបានធ្វើ​តេស្តវិជ្ជមា​ននៅថ្ងៃ សុក្រ និង​​ថ្ងៃ​ សៅរ៍​។​ ឥឡូវ​​​នេះ ​ក្រុម​ទាំង​មូល​កំពុង​ស្ថិត​​ក្នុង​ការ​ដាក់​ឱ្យ​ដាច់ដោយឡែក​​ពី​គ្នា រហូត​ដល់​ស្ថានភាព​ល្អ​ប្រសើរ​វិញ​។

លោក Sibam បាននិយាយថា៖ «ឥឡូវនេះ យើងទាំងអស់គ្នា​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក​​​មុន​​នឹ​ង​ហាត់​សម​​​សម្រាប់ថ្ងៃនេះ ដោយរ​ង់ចាំលទ្ធផលនៅព្រឹកនេះ។ ស្ថានភាពអកុសលនេះ បាន​ធ្វើ​ឱ្យ​យើង​ខក​ខាន​វគ្គ​ហ្វឹក​ហាត់​ ហើយ​ហាត់​សង​វិញ​យ៉ាង​សកម្ម​កាលពីយប់មិញ»​។

ករណីដំបូងនៅក្នុងភូមិកីឡា ត្រូវបានគេ​រកឃើញ​កាលពីថ្ងៃ សៅរ៍ ក្រោយ​ពី​បុគ្គលម្នាក់​ (អាច​មិន​មែន​ជា​អត្តពលិក​) បាន​ធ្វើ​​តេស្តវិជ្ជមាន​។​ អ្នករៀបចំការ​ប្រកួត​ បាននិយាយថា នៅ​ខាង​ក្រៅ​ភូមិ​អូឡាំពិកករណី​ទី ៣​ ដែលជាអត្តពលិក​​ ត្រូវ​បានគេ​រកឃើញ​កាលពី​ថ្ងៃ អាទិត្យ ប៉ុន្តែ​ឈ្មោះ និងស​ញ្ជាតិនៃបុគ្គល​នេះ​ មិន​ត្រូ​វ​បាន​បង្ហាញ​ទេ​។

កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ នឹងចាប់ផ្តើមនៅថ្ងៃ សុក្រ ប៉ុន្តែ​គេ​កំពុង​​ព្រួយបារ​ម្ភ​អំពី​ករណី​វិជ្ជមាន​កូវីដ-១៩ ដែល​កំពុង​រីក​រាល​ដាល​ ដោយ​មក​ដល់​បច្ចុប្បន្ន គេ​បាន​រកឃើញ​ករណី ៥៥ ករណី​ហើយទាក់​ទិន​នឹ​ងព្រឹត្តិការណ៍កីឡានេះ រួ​មទាំងមន្ត្រី និង​អ្នកម៉ៅការ​នានា​។

សាធារណជនជប៉ុន ក៏ដូចជា អ្នកសង្កេតការណ៍អន្តរជាតិ​ជាច្រើន​ បានសម្តែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​ព្រឹត្តិការណ៍​កីឡា​ ដែលនឹងដំណើរការទៅមុខ ខណៈដែលប្រទេសជប៉ុន​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីករាល​ដាល​​នេះ។

ប្រទេសនេះ ត្រូវ​ទទួល​រង​បទពិសោធន៍​រលកទីពី​រដ៏​ធំ​ ចាប់​តាំង​ពីខែ មីនា​ មក​ ហើយ​បន្ត​កើនឡើង​ខ្លាំង​នៅ​ខែ​ មេសា និង​ឧសភា ដោយ​រកឃើញ​​ករណីប្រចាំង​ថ្ងៃ​​ជិត ៦០០០ ករណី និង បាន​ចាប់ផ្តើមធ្លាក់ចុះ​នៅ​ក្នុង​ខែ មិថុនា ប៉ុន្តែបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឱ្យមានការភ័យ​ខ្លាច​ដល់​ការ​មក​ដល់​នៃ​ក្រុមអត្តពលិក​មក​ពី​ប្រមាណ​ ២០០ ប្រទេស ដែលអាចប្រែក្លាយ​ព្រឹត្តិការណ៍​ហ្គេម​ទៅ​ជា​ការ​រីក​រាល​ដាល​ជា​សកល​។

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា គិត​ត្រឹម​ថ្ងៃ​ សុក្រ បុគ្គល​អូឡាំពិកជាង ១៥.០០០ នាក់បានមក​ដល់​​ប្រទេសជប៉ុន និង​ស្នាក់​នៅ​ក្នុង​ភូមិអូឡាំពិក ដែល​​មាន​​អគារ​លំនៅដ្ឋាន​ចំនួន ​២១ នឹងមាន​អត្តពលិកប្រមាណ ១១.០០០ នាក់។

លោក Bach បានទទួលស្គាល់ការរិះគន់អំពី​ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ ប៉ុន្តែក៏​បានការពារវិធានការបង្ការដែលត្រូវបានអនុវត្ត។ លោក បាននិយាយនៅក្នុងស ន្និសីទ​សារព័ត៌​មាន​ កាលពីថ្ងៃ សៅរ៍ ថា៖ «យើងដឹងច្បាស់​ពី​ការព្រួយបារម្ភ​ពី​មនុស្ស​មួយ​ចំនួន ដែល​មក​ដល់​ប្រទេស​​ជប៉ុន ហើយ​ការអំពាវនាវ​របស់​ខ្ញុំគឺ សុំ​ឱ្យ​​​ប្រជាជន​ជប៉ុ​ន​​​ស្វាគមន៍ដល់​​អត្តពលិក ដែល​បាន​មក​ដល់​ ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​ផងដែរ​»។

គួរបញ្ជាក់ផងដែរថា ទីក្រុង​ត្យូក្យូបាន​រកឃើញ​ករណី​កូវីដថ្មី​ ១ ករណី កាលពីថ្ងៃ អាទិត្យ ដែ​លជាករណី​ខ្ពស់​ជាង ៧​ ថ្ងៃមុន។ កីឡាអូឡាំពិក នឹងប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ សុក្រ ក្រោមស្ថា​នភាព​អាសន្ន​នៅទី​ក្រុងតូក្យូ​ និងខេ​ត្តជិតខាងចំនួន ៣ ដែល​ការ​ដាក់​ក្នុង​ភាពអាសន្ន​នេះ​នឹង​បញ្ចប់​នៅ​​ថ្ងៃទី ២២ ខែសីហា ខណៈ​ ការ​ប្រកួតកីឡា​អូឡាំពិកនឹងបញ្ចប់​​នៅថ្ងៃទី ៨ ខែសីហា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner