លោក ចូ បៃដិន បង្ហាញការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរលើបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងឱកាសជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាក្នុងតំបន់ ក្នុងឱកាសជួបជាមួយព្រះមហាក្សត្រ អាប់ឌុលឡាទី២ (Abdullah II) របស់ប្រទេសហ្ស៊កដានី នៅឯសេតវិមាន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោកប្រធានាធិបតី ចូ បៃដិន បានសម្តែងការគាំទ្រចំពោះការដោះស្រាយបញ្ហារវាងប៉ាឡេស្ទីន និង អ៊ីស្រាអែល តាមរយៈដំណោះស្រាយរដ្ឋពីរ ក្នុងអំឡុងពេលប្រជុំ និងគោរពតួនាទីពិសេសរបស់ហ្ស៊កដានី ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងនៃដែនដីបរិសុទ្ធអ៊ីស្លាមនៅទីក្រុង ហ្សេរុយសាឡឹម ។

បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក បៃដិន បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ហ្ស៊កដានី នៅក្នុងស្ថេរភាពក្នុងតំបន់ និងស្វាគមន៍កិច្ចប្រជុំត្រីភាគីនាពេលថ្មីៗនេះ ដែលដឹកនាំដោយមេដឹកនាំហ្ស៊កដានី អ៊ីរ៉ាក់ និងអេហ្ស៊ីប នៅទីក្រុងបាដដាដ ។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិទ្វេភាគី ស្ថានភាពនៅស៊ីរី និងការចូលរួមរវាងរដ្ឋាភិបាលហ្ស៊កដានី និងអ៊ីស្រាអែលផងដែរ ៕ ប្រភព៖​ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner