ប្រធានអង្គការសុខភាពពិភពលោក WHO ព្រមានថា ពិភពលោកគួរតែត្រៀមខ្លួនប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី

ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស ហ្គេប្រេយែសឹស បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៤ ខែកុម្ភៈនេះថា ការកើនឡើងចំនួនអ្នកឆ្លងមេរោគកូរ៉ូណាថ្មីនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់កំពុងក្លាយជារឿងមួយគួរឱ្យព្រួយបារម្ភខ្ពស់ ។

ទន្ទឹមគ្នា លោក ថេដ្រូស ហ្គេប្រេយែសឹស បានសង្កត់ធ្ងន់ថា វាដូចជាលឿនរហ័សពេក ក្នុងការចាត់ទុកថា មេរោគឆ្លង COVID-19 គឺជាជំងឺរាតត្បាតសកលលោក ប៉ុន្តែបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកគួរតែត្រៀមខ្លួនឱ្យហើយ ។

សូមជម្រាបថា ការព្រមានខាងលើរបស់ប្រធានអង្គការសុខភាពពិភពលោករូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន គុយវ៉ែត អូម៉ង់ និងបារ៉ែន នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានអះអាងដូចៗគ្នាពីការរកឃើញករណីឆ្លងជំងឺកូរ៉ូណាថ្មី ជាលើកដំបូងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន ហើយអ្នកឆ្លងទាំងអស់សុទ្ធតែបានធ្វើដំណើរត្រឡប់មកពីប្រទេសអ៊ីរ៉ង់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner