សណ្ឋាគារចំនួន២ ត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់ការធ្វើចត្តាឡីស័ក អ្នកដំណើរចូលមកប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

អត្ថបទដោយ៖
ធី ដា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និង អន្តរជាតិ ដែលបានចូលមកប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេបានសម្រេចដាក់ឲ្យអនុវត្តសេវាកក់សណ្ឋាគារចំនួន២ រួមមានសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ និងសណ្ឋាគារចងយ៉ាដម៉ារីយ៉ុតភ្នំពេញ។

អ្នកលដំណើរដែលចង់ប្រើប្រាស់សេវានោះ អាចជ្រើសរើស និងកក់ដោយផ្ទាល់តាមរយៈគេហទំព័ររបស់សណ្ឋាគារ ហើយត្រូវកក់បន្ទប់ស្នាក់នៅឲ្យបានមុន២ថ្ងៃនៃការចេញដំណើរ។ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកដំណើរដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ និងសណ្ឋាគារចងយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវបង្ហាញឯកសារចាំបាច់សម្រាប់ធ្វើដំណើរដូចករណីអ្នកដំណើរធម្មតា ឯកសារទាំងនឡមានដូចជាទិដ្ឋាការដែលមានសុពលភាព និងចេញដោយស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុលកម្ពុជានៃប្រទេសសាមី វិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ក្នុងរយៈពេល៧២ម៉ោងមុនពេលចេញដំណើរ និងលិខិតបញ្ជាក់លើការទិញសេវារ៉ាប់រងសុខភាពដែលតម្រូវឲ្យអ្នកធ្វើដំណើរបរទេសទិញសេវារ៉ាប់រងសុខភាព (Health Insurance) សម្រាប់ព្យាបាលកូវីដ-១៩ និងបង្ហាញឯកសារថតចម្លងបញ្ជាក់ថា បានកក់បន្ទប់ស្នាក់នៅសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជូនដល់មន្ត្រីមានសមត្ថកិច្ច។

ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា អ្នកដំណើរនោះមានហានិភ័យខ្ពស់ អ្នកដំណើរត្រូវតែសហការតាមការរៀបចំទីតាំងធ្វើចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែកចំពោះសេវាកក់សណ្ឋាគារដែលមិនអាចប្រើប្រាស់បាន នោះប្រាក់កក់ សណ្ឋាគារនឹងធ្វើការបង្វិលជូនភ្ញៀវវិញ។ ក្នុងករណីនោះ អ្នកដំណើរត្រូវតំកល់ប្រាក់២ពាន់ដុល្លារអាមេរិកដូចអ្នកដំណើរធម្មតា។ សណ្ឋាដែលទទួលការកក់ ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូនអ្នកដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ទីតាំងរបស់ខ្លួន ដោយត្រូវគោរពតាមវិធានការសុខាភិបាលដែលនៅជាធរមាន។

អ្នកប្រើប្រាស់សេវានោះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលដែលនៅជាធរមានក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ ក្រោយពេលអ្នកដំណើរបញ្ចប់ចត្តាឡីស័ក សណ្ឋាគារទាំង២ ត្រូវទូទាត់ចំណាយរបស់រដ្ឋពាក់ពន្ធ័ការអនុវត្តវិធានការសុខាភិបាលអំឡុងពេលធ្វើចត្តាឡីស័ក។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះអ្នកដំណើរដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារទាំង២នោះទេ នឹងត្រូវអនុវត្តនីតិវិធីដែលមានស្រាប់ជាធរមាន ដោយត្រូវតម្កល់ប្រាក់ចំនួន២ពាន់ដុល្លារអាមេរិក សម្រាប់ធានាចំណាយក្នុងដំណើរការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner