សម្តេចតេជោនាយករដ្ឋមន្ត្រី បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប ដោយសារពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរនាពេលកន្លងមក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់បុគ្គលចំនួន២រូប ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្រ្គោះជាតិ ដោយសារបុគ្គលទាំងពីររូបនេះ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។ បុគ្គល២រូបដែលសម្តេចតេជោ ហ៊ុន សែន បដិសេធនោះមានរួមមាន៖ លោក ញឹម គឹមញ៉ុល និងលោក ជួង ជូងី។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ឱ្យដឹងថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះ ដោយសារបុគ្គលទាំងពីររូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីការបស់តុលាការកំពូល ដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។

ទី១៖ បុគ្គល ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពចលាចលក្នុងសង្គម ដោយបានដឹកនាំបញ្ជាផ្ទាល់សកម្មជនរបស់ អតីតគណបក្សសង្រ្គោះជាតិនៅក្នុងប្រទេសថៃ និងបានបញ្ជាពីខាងក្រៅមកបណ្តាញរបស់ខ្លួន ដើម្បីកៀរគរកម្លាំងត្រៀមចូលផែនការវិលត្រលប់ចូលរបស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធសកម្មភាពសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងបានកំពុងរៀបចំដំណើរការជំនុំជម្រះក្តីចំពោះជនត្រូវចោទឈ្មោះ ញឹម គឹមញ៉ុល ពីបទ «រួមគំនិតក្បត់»។

ទី២៖ បុគ្គល ជួង ជូងី បានធ្វើសកម្មភាពញុះញង់ក្នុងចេតនាទុច្ចរិត រារាំង និងបំពានសិទ្ធិនយោបាយរបស់ពលរដ្ឋ ដោយបានប្រើប្រាស់បណ្តាញសង្គម ប្រព្រឹត្តអំពើទុច្ចរិតបំពាននឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងគោលបំណងរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត នៅឆ្នាំ២០១៨។ សកម្មភាពេនះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់សំណើជូនទៅក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលនេះហើយ ករណីនេះកំពុងស្ថិតនៅក្នុងនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ៕

ប្រភពៈ Fresh News

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner