យោធាមីយ៉ាន់ម៉ាតែងតាំងទូតបណ្ដោះអាសន្នទៅកាន់អង់គ្លេស ក្រោយដកឯកអគ្គរដ្ឋទូតចាស់

ហ៊ីម រដ្ឋា

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែកក្កដា បានតែងតាំងភារធារីមួយរូបទៅដឹកនាំស្ថានទូតរបស់ខ្លួននៅរាជធានីឡុងដុង ចក្រភពអង់គ្លេស ដើម្បីជំនួសលោកឯកអគ្គរដ្ឋទូត Kyaw Zwar Minn ដែលត្រូវបានដកចេញតំណែង ក្រោយប្រកាសប្រឆាំងរដ្ឋអំណាចយោធាជាសាធារណៈកាលពីពេលកន្លងទៅ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

ភារធារីនេះមានតួនាទីជាប្រមុខបេសកកម្មរបស់ប្រទេសមួយ ប្រចាំប្រទេសមួយទៀត ពោលគឺមានសិទ្ធិអំណាចប្រហាក់ប្រហែលនឹងឯកអគ្គរដ្ឋទូតដែរ ដោយគ្រាន់តែតំណែងនេះជាតំណែងបណ្ដោះអាសន្នក្នុងកាលៈទេសៈណាដែលមានអវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញ។ បន្ថែមពីលើនេះទៀត តំណែងនេះមិនត្រូវការការទទួលយល់ព្រមពីសំណាក់ប្រទេសម្ចាស់ផ្ទះទេ បើយោងតាមអនុសញ្ញាទីក្រុងវីយ៉ែនណា ស្ដីពីទំនាក់ទំនងការទូត។

ប្រភពមកពីសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រសួងការបរទេសនៃចក្រភពអង់គ្លេសបានទទួលដំណឹងពីការតែងតាំងនេះហើយ កាលពីថ្ងៃសុក្រកន្លងទៅ។ យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអង់គ្លេសមិនបានបញ្ជាក់ពីសមាសភាពរបស់ភារធារីនេះទេ។

យោងតាមប្រភពពីគម្រោងតម្លាភាពមីយ៉ាន់ម៉ា ដែលជាក្រុមសិទ្ធិមនុស្សធ្វើការពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ាមានមូលដ្ឋាននៅរាជធានីឡុងដុង បានឱ្យដឹងថា ភារធារីដែលទើបតែតែងតាំងនេះគឺ លោក Htun Aung Kyaw ដែលជាអ្នកបើកយន្តហោះចម្បាំង ហើយមានអាជីពយោធាជាច្រើនឆ្នាំ។ ក្រុមសិទ្ធិមនុស្សមួយនេះបានអំពាវនាវឱ្យខាងអង់គ្លេសមិនទទួលស្គាល់លើការតែងតាំងនេះ៕

ប្រភព៖

Myanmar junta replaces envoy to Britain who broke ranks

https://www.reuters.com/world/asia-pacific/myanmar-junta-picks-replacement-envoy-britain-who-broke-ranks-sources-2021-07-23/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner