អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​ទស្សនកិច្ច​ទៅ​​​ចិន តែ​អ្នក​វិភាគ​មិន​សូវ​រំពឹង​ខ្ពស់​ពី​ជំនួប​នេះ​​ទេ

ហ៊ីម រដ្ឋា

លោកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ធានជីន (Tianjin) ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន នៅ​ថ្ងៃ​ទី២៥-២៦ ខែ​កក្កដា ប៉ុន្តែ​អ្នក​វិភាគ​ និង​អ្នក​តាម​ដាន​នានា​មិន​សូវ​រំពឹង​ខ្ពស់​ពី​ជំនួប​នេះ​ប៉ុន្មាន​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា​ លោកស្រី​អនុរដ្ឋមន្ត្រី​នឹង​ចូល​ជួប​ជាមួយ​ «មន្ត្រី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​រាប់​បញ្ចូល​ទាំង​ទីប្រឹក្សា​រដ្ឋ​ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក​វ៉ាង យី»។ ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា ជំនួប​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​ជាតិ​ខ្លួន​ និង​គុណ​តម្លៃ​របស់​អាមេរិក​ពី​ទំនាក់ទំនង​ជាមួយ​ចិន។ ក្នុង​ជំនួប​នេះ​ដែរ លោកស្រី Sherman ​នឹង​លើក​យក​បញ្ហា​ ដែល​អាមេរិក «មាន​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សកម្មភាព​របស់​ចិន ក៏​ដូច​ជា​ផ្នែក​ណា ដែល​ចិន​ និង​អាមេរិក​មាន​ផល​ប្រយោជន៍​រួម»។

តាម​ពិត​ទៅ​ លោកស្រី​ Sherman មិន​បាន​គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​នៅ​ខែ​កក្កដា​នេះ​ទេ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Financial Times បាន​ឱ្យ​ដឹង​ថា ជំនួប​មន្ត្រី​ជាន់​ខ្ពស់​ចិន-អាមេរិក កៀក​នឹង​មិន​កើត​មាន​ទៅ​ហើយ ក្រោយ​ពី​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ទៅ​លើ​ពិធីការ​មួយ​ចំនួន។ ដោយ​ដំបូង​ឡើយ ភាគី​ចិន​ចាត់​តាំង​តែ​លោក Xie Feng អនុរដ្ឋមន្ត្រី​ការបរទេស​ចិន មាន​ឋានៈ​លេខ​រៀង​ទី៥ នៅ​ក្នុង​ក្រសួង​ ឱ្យ​ចូល​ជួប​ជាមួយ​លោកស្រី Sherman ប៉ុន្តែ​ភាគី​អាមេរិក​ចង់​ចូល​ជួប​ជាមួយ មន្ត្រី​ជាន់​ខ្ពស់​ទី២ នៅ​ក្រសួង​គឺ លោក​អនុរដ្ឋមន្ត្រី Le Yucheng។

ក្រោយ​មក​ ដោយ​មាន​ការ​សម្របសម្រួល​គ្នា លោកស្រី Sherman នឹង​ចូល​ជួប​ជាមួយ​ លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​លោក Xie។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Ned Price បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ថា​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​របស់​លោកស្រី Sherman អាច​ប្រព្រឹត្ត​ទៅ​បាន លុះ​ត្រា​តែ​មាន​ជំនួប​របស់​លោកស្រី​ ជាមួយ​នឹង​លោក Wang Yi ដើម្បី​ឱ្យ​ជំនួប​រវាង​ភាគី​ទាំង​ពីរ​អាច​យក​ជា​ការ​បាន។

ឆ្លៀត​ក្នុង​ពេល​នោះ​ដែរ លោក Price ក៏​បាន​លើកឡើង​ថា​លោកស្រី Sherman នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ចិន ជាមួយ​នឹង «ជំហរ​មាន​ប្រៀប» ដែល​ខុស​ពី​ជំនួប​ជាន់​ខ្ពស់​រវាង​អាមេរិក និង​ចិន កាល​ពី​ខែ​មីនា​កន្លង​ទៅ នៅ​ទីក្រុង Anchorage រដ្ឋ​អាឡាស្កា សហរដ្ឋអាមេរិក ដោយ​នៅ​ពេល​នោះ​លោក Anthony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ត្រូវ​ការ​ការ​ពិគ្រោះ​យោបល់​ជាមួយ​សម្ព័ន្ធ​មិត្ត​ទ្វីប​អាស៊ី​គឺ ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

កាល​នោះ​ជំនួប​រវាង​លោក Anthony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​លោក Jack Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក ជាមួយ​នឹង​លោក Yang Jiechi នាយក​គណៈកម្មការ​ការបរទេស​គណបក្ស​កុម្មុយនិស្ត​ចិន និង​លោក Wang Yi គឺ​មាន​ការ​ប៉ះ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​មុខ​អ្នក​កាសែត នៅ​មុន​កិច្ច​ប្រជុំ​។

ទោះ​ជា​មាន​រឿង​មិន​សមរម្យ​បែប​នេះ​ក្ដី ក៏​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ថា ចិន និង​អាមេរិក នៅ​តែ​រក្សា​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​គ្នា​ ដោយ​ក្រោយ​ពី​ជំនួប​នៅ​អាឡាស្កា មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ច្រើន​ដង​មក​ហើយ។

ជាង​នេះ​ទៅ​ទៀត លោក Ned Price បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ ជា​ទំនាក់ទំនង​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​នឹង​គ្នា ដូច្នេះ​លោកស្រី Sherman ទៅ​ចិន​លើក​នេះ ដើម្បី​បង្ហាញ​ចិន​ឱ្យ​យល់​ពី​ទំនួលខុសត្រូវ​របស់​ចិន​នៅ​ក្នុង​ទំនាក់ទំនង​ប្រកប​ដោយ​ប្រកួតប្រជែង​រវាង​ប្រទេស​ទាំង​ពីរ។

ជា​ការ​ឆ្លើយតប លោក Zhao Lijian បាន​លើកឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា «អាមេរិក​មិន​មាន​សិទ្ធិ​ណា​មួយ​ក្នុង​ការ​បង្រៀន​ចិន​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា ភសគី​ចិន​នឹង​បន្ត​ការពារ​អធិបតេយ្យ និង​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ និង​ផលប្រយោជន៍​សន្តិសុខ អំឡុង​ពេល​ជំនួប​ជាមួយ​នឹង​លោកស្រី Sherman។

ជាមួយ​នឹង​ស្ថានភាព​នេះ​ដែរ អ្នក​វិភាគ​ និង​អ្នក​តាម​ដាន​ទាំង​ខាង​ចិន និង​ខាង​អាមេរិក​ហាក់​បី​ដូច​ជា​មិន​សូវ​សង្ឃឹម​ខ្ពស់​ពី​ភាព​សាច់​ការ​នៃ​ជំនួប​នេះ​ប៉ុន្មាន​នោះ​ទេ តែ​យល់​ឃើញ​ក្នុង​ផ្លូវ​វិជ្ជមាន​ថា ភាគី​ទាំង​ពីរ​កំពុង​តែ​បើក​ផ្លូវ​ក្នុង​ការ​និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក។

លោកស្រី​បណ្ឌិត Yu Jie អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ Chatham House ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​បាន​ប្រាប់​សារព័ត៌មាន​ The Guardian ថា «ចំណុច​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ នឹង​មាន​ច្រើន​ណាស់ ប៉ុន្តែ​ច្រើន​តែ​ភាព​មិន​សុខ​​ចិត្ត​ពី​គ្នា​ទៅ​វិញ​ទៅ​មក លើ​រឿង​ដាក់​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​បញ្ជី​ខ្មៅ រហូត​ដល់​រឿង​វាយប្រហារ​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ដូច​ជា​រឿង​​ដាក់​ទណ្ឌកម្ម​មន្ត្រី​គ្នា​ទៅ​វិញ​ទៅ​មក ពាក់ព័ន្ធ​នឹង​បញ្ហា​ Xinjiang ជា​ដើម»។

នាយក​មជ្ឈមណ្ឌល​សិក្សា​អាមេរិក នៃ​សាកលវិទ្យាល័យ Renmin ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ប៉េកាំង​បាន​លើកឡើង​ប្រាប់​សារព័ត៌មាន​ Global Times ថា​ជំនួប​រវាង​លោកស្រី Sherman និង​មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​ចិន គ្រាន់​តែ​ជា​ «ជំនួប​សួរ​សុខ​ទុក្ខ​គ្នា» ប៉ុណ្ណោះ។ យ៉ាងណាមិញ លោក​ Shi យល់​ឃើញ​ថា «ជំនួប​សួរ​សុខ​ទុក្ខ​គ្នា» ប្រភេទ​នេះ​អាច​បង្ការ​នូវ​ជម្លោះ​មួយ​ចំនួន គ្រាន់​បើ​ជា​ជាង​ការ​វាយ​ប្រហារ​គ្នា​ពី​ចម្ងាយ។

លោកស្រី Wendy Cutler អនុប្រធាន​នៃ​វិទ្យាស្ថាន​គោលនយោបាយ​សង្គម​អាស៊ី (ASPI) បាន​ប្រាប់ South China Morning Post ថា លោកស្រី​មិន​រំពឹង​ខ្ពស់​ប៉ុន្មាន​ទេ​ពី​ជំនួប​រវាង​ចិន និង​អាមេរិក​លើក​នេះ «ប៉ុន្តែ​នេះ​ជា​ជំហាន​ដ៏​សំខាន់​ ក្នុង​ការ​ស្ដារ​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​គ្នា​ នៅ​ថ្នាក់​មន្ត្រី​ជាន់​ខ្ពស់ និង​បង្កើត​ជា​មូលដ្ឋាន​មួយ​ក្នុង​រៀប​ចំ​ឱ្យ​មាន​ជំនួប​ទ្វេ​ភាគី​រវាង​លោក Joe Biden និង​លោក Xi Jinping នៅ​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល G-20 [ដែល​ធ្វើ​ឡើង​នៅ​ខែ​តុលា​]»៕

ប្រភព៖

Deputy Secretary Sherman’s Travel to the People’s Republic of China and Oman

https://www.state.gov/deputy-secretary-shermans-travel-to-the-peoples-republic-of-china-and-oman/

Department Press Briefing – July 21, 2021

https://www.state.gov/briefings/department-press-briefing-july-21-2021/#post-261072-China

Foreign Ministry Spokesperson Zhao Lijian’s Regular Press Conference on July 23, 2021

https://www.fmprc.gov.cn/mfa_eng/xwfw_665399/s2510_665401/2511_665403/t1894650.shtml

China snubs senior US official in worsening diplomatic stand-off

https://www.ft.com/content/2d034271-fcd7-4977-9d50-13bc048e6084

Sherman’s China trip more of ‘keeping in touch’ than ‘problem solving’

https://www.globaltimes.cn/page/202107/1229408.shtml

Why Tianjin? And what’s in store in China for US envoy Wendy Sherman?

https://www.scmp.com/news/china/diplomacy/article/3142374/why-tianjin-and-whats-store-china-us-envoy-wendy-sherman?module=lead_hero_story_2&pgtype=homepage

US official to visit China as diplomatic stand-off resolved

https://www.ft.com/content/9d4154cc-b00a-4566-b3f3-78c56fd72635

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner