កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន (National Online Business for Youth – NOBY)
ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការ ILO ក្រោមការគាំទ្រពីអង្គការ PACT និងអង្គការ USAID រៀបចំពិធីបើកវគ្គបំប៉នសមត្ថភាពថ្នាក់រាជធានី ខេត្ត កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន (National Online Business for Youth – NOBY) ក្នុងទម្រង់អនឡាញ ក្នុងគោលបំណងផ្តល់នូវចំណេះដឹង ជំនាញ និងសមត្ថភាពដល់យុវជនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនវ័យក្មេង ដែលជាធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
វគ្គបំប៉នសមត្ថភាពថ្នាក់រាជធានី ខេត្តនេះ ប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ចែកជា ២ក្រុម ដែលមានសិក្ខាកាមបង្គោលចូលរួមមកពីបណ្តារាជធានី ខេត្ត ទាំង២៥។ សិក្ខាកាមបង្គោលចូលរួមនាពេលនេះ នឹងបន្តធ្វើការបណ្តុះបណ្តាល ស្តីពីធុរកិច្ច ដល់យុវជនគោលដៅទាំង ២៥ រាជធានី ខេត្ត ចំនួន ប្រមាណ ៦០០០នាក់។
គួររំលឹកផងដែរ ថា កម្មវិធី NOBY នឹងដំណើរការតាមដំណាក់កាល ដូចតទៅ៖
១. វគ្គបំប៉នសមត្ថភាពបុគ្គលិកអប់រំថ្នាក់ជាតិ
២. វគ្គបំប៉នសមត្ថភាពគ្រូបង្គោលថ្នាក់រាជធានី-ខេត្ត
៣. ការបណ្តុះបណ្តាល ស្តីពីធុរកិច្ចសម្រាប់យុវជន
៤. ការរៀបចំគម្រោងអាជីវកម្ម និងការវាយតម្លៃគម្រោងរបស់យុវជន
៥. ទិវាសហគ្រិនភាព ២១ កញ្ញា។ដោយ-រ៉ាវុធ