ស្ថានអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្តល់អគារសម្ភពមួយខ្នងមានតម្លៃច្រើនម៉ឺនដុល្លា សម្រាប់ជាទីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ នៃតំបន់ដាច់ស្រយាលមួយ នៅក្នុងខេត្តព្រះវិហារ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋច្រើនពាន់គ្រួសារ ដែលកំពុងរស់នៅក្នុងតំបន់ដាច់ ស្រយាលមួយ ពីទីប្រជុំជនខេត្តព្រះវិហារ ទទួលបានអគារសម្ភពមួយខ្នង ពីគម្រោងមូលនិធិស្ថានទូតចិនប្រចាំនៅកម្ពុជា តាមរយៈអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ។

អគារសម្ភពមួយខ្នងនោះ គេគ្រោងនឹងសាងសង់ឡើង ក្នុងការចំណាយថវិកា ច្រើនម៉ឺនដុល្លារអាម៉េរិក និងនៅថ្ងៃទី១៩កុម្ភៈឆ្នាំ២០២០ អ្នកតំណាងរាស្ដ្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានអញ្ជើញជាអធិបតីភាព ក្នុងការបញ្ចុះបឋមសិលា ដាក់ឲ្យដំណើរការសាងសង់អាគារសម្ភព នៃមណ្ឌលសុខភាពច្រាច់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីមូលដ្ឋាន មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សិស្សកាយរិទ្ធ តាជី យាយជី មន្ដ្រីសុខាភិបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក សួស យ៉ារ៉ា បានមានប្រសាសន៍ថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ នៅមានការខ្វះខាតផ្នែកសេវាសុខភាព រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវសំណង់ដ៏ច្រើន ជាពិសេស នៅតាមតំបន់ដាច់ស្រយាល ដែលទាំងនេះសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ គិតគូដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ចាប់ពីទីក្រុង រហូតដល់ទីជនបទដាច់ស្រយាល។

អ្នកតំណាងរាស្ត្រ មានប្រសាសន៍ទៀតថា អគារសម្ភពដែលជាអំណោយរបស់មិត្តចិន បើគិតជាមាស គឺមានទម្ងន់ ១គីឡូមាស ហើយនៅក្នុងពេលនេះទៀត មិត្តចិនក៏បានសម្រេច ជួយសាងសង់អគាសម្ភពនេះ ដើម្បីជួយកាត់បន្ថយការលំបាក ដល់ការសម្រាលកូន របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមតំបន់ដាច់ស្រយាល។ លោក សួស យ៉ារ៉ា បានជំរុញអាជ្ញាធរមូលដ្ឋាន បន្តជួយគាំទ្រ និងសហការគ្នាឲ្យបានល្អ ក្នុងការធ្វើឲ្យអគារមណ្ឌលសុខភាពមួយនេះ ដំណើរការសាងសង់ទៅដោយរលូន ព្រោះត្បិតអគារមួយខ្នងនេះ គឺជាក្តីសង្ឃឹម នៃការកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក។

លោកបានណែនាំទៅមន្ទីរសុខាភិបាលខេត្ត ត្រូវបន្ថែមបុគ្គលិកមកទីនេះ ហើយចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ត្រូវដាក់កម្មវិធីចុះមកទីនេះមួយឆ្នាំម្តង ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលការ ពិនិត្យ ព្យាបាល ដោយឥតគិតថ្លៃ។

អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា បានក្រើនរំលឹកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ក្រោយពេលអគារមណ្ឌលសុខភាពនេះសាងសង់រួច សូមបងប្អូនមកទទួលការថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា ព្រោះការប្រើប្រាស់សេវាសុខភាពសាធារណៈ គឺការទទួលបាននូវសេវាមួយ ដែលមានបច្ចេកទេសត្រឹមត្រូវ តាមក្បួនវេជ្ជសាស្ត្រ ជាពិសេស ការថែទាំ និងផ្ដល់ការសម្រាលដល់ស្រ្តីមានផ្ទៃពោះ ប្រកបដោយសុវត្តិភាព។

អ្នកតំណាងរាស្ត្រ បានថ្លែងអំណរគុណ ដល់គម្រោងមូលនិធិស្ថានទូតចិនប្រចាំកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ និងសាងសង់នូវអគារសម្ភព នៃមណ្ឌលសុខភាពច្រាច់នេះ ដើម្បីផ្តល់នូវភាពងាយស្រួលដល់មន្ត្រីសុខាភិបាល ក្នុងការបំពេញការងារ ការផ្តល់សេវាជូនប្រជាជន ជាពិសេស ប្រជាជនងាយស្រួល ក្នុងការមកទទួលយកសេវាសាធារណៈ ដូចជា ការសម្រាល និងការថែទាំ ព្យាបាលជំងឺ ជាដើម ។ល។

ស្របពេលជាមួយគ្នានោះ អ្នកតំណាងរាស្ត្រ លោក សួស យ៉ារ៉ា បានឧបត្ថម្ភ កំព្យូទ័រ លែបថប ព្រីនធ័រ ១គ្រឿង រថយន្តសង្រ្គោះ ១គ្រឿង និងការការចាក់ដី ២០០រថយន្ត ជូនដល់មណ្ឌលសុខភាពច្រាច់។ លោកបានឧបត្ថម្ភលួសបន្លា សម្រាប់ព័ទ្ធរបងសាលាបដិវត្តន៍ ឧបត្ថម្ភអណ្តូងស្នប់ និងបន្ទប់ទឹកសម្រាប់គណបក្សឃុំ និងឧបត្ថម្ភថវិកា ដល់អ្នកចូលរួមផងទៀត៕
ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner