រដ្ឋមន្ត្រីកសិកម្ម ជំរុញថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញក្រោមឱវាទ រួមទាំងមន្ទីរកសិកម្ម រាជធានី-ខេត្ត ត្រូវបង្កើនកិច្ចសហការកាន់តែទ្វេឡើង ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ កសិកម្មឆ្នាំ២០១៩-២០២៣
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀល ទី១៩ ខែកុម្ភ: ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រាជធានី-ខេត្ត និងមន្រ្តីអគ្គនាយកដ្ឋានចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាននាឆ្នាំកន្លងមក ជាពិសេសលទ្ធផលនៃកិច្ចប្រជុំរយ: ពេល ០២ថ្ងៃកន្លងមកនេះ ដោយបានរំលេចពីចំណុចសំខាន់ៗជាអាទិ៍៖ ការងាររដ្ឋបាល ផលិតកម្មសត្វ ចំណីសត្វ សុខភាពសត្វ ចរាចរនាំចេញ នាំចូល និងផលិតផលមានដើមកំណើតពីសត្វ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការផ្តល់សេវាសាធារណ: ការប្រមូលចំណូល ការងារបង្រ្កាប និងទប់ស្កាត់បទល្មើសចលនាសត្វ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន សមាគមចិញ្ចឹមសត្វ អង្គការជាតិ អន្តរជាតិ បញ្ហាប្រឈម ទិសដៅ និងផែនការអនុវត្តបន្ត។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងស្មារតីទទួលខុសត្រូវខ្ពស់នាឆ្នាំកន្លងមក។ សមិទ្ធផលនេះ បានបង្ហាញឱ្យឃើញពីឆន្ទ:មោះមុតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រោមឱវាទ នៃអគ្គនាយកដ្ឋាន ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសុខភាពសត្វ និងផលិតកម្មសត្វរបស់ក្រសួង ដើម្បីឆ្ពោះទៅសម្រេចយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សមស្របតាមបរិបទ នៃកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរណ៍ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗទាំងការចិញ្ចឹម ការបង្កាត់ពូជ ការផ្សំចំណី សេចក្តីត្រូវការសាច់សត្វ ស៊ុត ទឹកដោះ ផលិតផលមានដើមកំណើតពីសត្វកាន់តែកើនឡើងជាលំដាប់ ការប្រកួតប្រជែងទីផ្សារសត្វ និងសាច់កាន់តែខ្ពស់។
ផ្ទុយទៅវិញ ការប្រែប្រួលអាកាសធាតុ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកធ្វើឱ្យវិស័យសុខភាពសត្វ និងផលិតកម្មសត្វបាននិងកំពុងទទួលរងនូវផលប៉ះពាល់ ដូចជាការខ្វះខាតវត្ថុធាតុដើម បាត់បង់វាលស្មៅធម្មជាតិ និងប៉ះពាល់ដំណាំចំណីសត្វ ការកើតឡើងនូវជំងឺឆ្លងសត្វស្រួចស្រាវ (ជំងឺផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក) ដែលមិនគ្រាន់តែគំរាមកំហែងដល់ផលិតកម្មសត្វ សុខភាពសត្វ ប៉ុន្ដែវាក៏ជាហានីភ័យដល់សុខភាពសាធារណៈផងដែរ។
ដូច្នេះ ទាំងកត្តាវិជ្ជមាន និងអវិជ្ជមាន ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបង្កើនកិច្ចសហការកាន់តែទ្វេឡើងដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ កសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មសត្វ សុខភាពសត្វ និងសុខភាពសាធារណ:។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បន្ថែមថា យើងពិតជាទទួលស្គាល់ហើយថា សមិទ្ធផលសំខាន់ៗដែលយើងសម្រេចបានគឺដោយសារឯកឧត្តម មន្រ្តីក្រោមឱវាទ អន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលបានជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការបានយ៉ាងពេញលេញនាពេលកន្លងមក ញុំងឱ្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការបង្រាប ទប់ស្កាត់បទល្មើសចលនាសត្វ ចេញ ចូល និងឆ្លងកាត់ កាន់តែមានប្រសិទ្ធភាព។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិនេះ ហើយលោកសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំ២០២០នេះ ៕