សាវតារលើជញ្ជាំង ភាគទី៥: ចម្លាក់ព្យុះហយាត្រាកងទ័ពនៃប្រាសាទបាយ័ន

ចម្លាក់នៅលើជញ្ជាំង ផ្ទាំងខាងកើតចំហៀងខាងត្បូង នៅប្រាសាទបាយ័ន ជាចម្លាក់ដែលរៀបរាប់ពីព្យុះហយាត្រារបស់កងទ័ព ហើយក៏មានវត្តនាមរបស់ព្រះមហាក្សត្រខ្មែរដ៏អស្ចារ្យរបស់យើង គឺ ព្រះបាទជ័យវរ្ម័នទី៧ជាអ្នកដឹកនាំបញ្ជាទ័ពផ្ទាល់។ 

ប្រាសាទបាយ័ន ត្រូវបានអ្នកប្រាជ្ញហៅថា សារមន្ទីរជាតិពិន្ទុវិជ្ជា ដែលមានរៀបរាប់ពីសកម្មភាព និងជីវភាពរស់នៅរបស់ប្រជាជន។ នៅផ្ទាំងជញ្ញាំងនេះ ក៏ឃើញមានវត្តមានជនជាតិចិនដំបូង នៅលើទឹកដីកម្ពុជាយើងផងដែរ។

ការទស្សនាប្រាសាទបាយ័ន គឺផ្ទុយគ្នាស្រឡះពីប្រាសាទអង្គរវត្ត។ លក្ខណៈទស្សនានៅប្រាសាទបាយ័ន គឺចាប់ផ្តើមទស្សនាដោយយកប្រាសាទដាក់នៅខាងស្ដាំដៃ ដូច្នេះនៅពេលចាប់ផ្ដើមទស្សនាដំបូង គឺយើងត្រូវចាប់ផ្ដើមទស្សនា ពីថែវខាងកើតស្លាបខាងត្បូងនេះមុនគេ។

ថែវនេះ បរិយាពីព្យុះហយាត្រាកងទ័ពដ៏អង់អាចរបស់ខ្មែរ ដែលមានព្រះមហាក្សត្រចូលរួម ដឹកនាំ និងបញ្ជារទ័ពដោយផ្ទាល់ផងដែរ។ ឋានន្តរសក្កិរបស់មេទ័ព ដែលជិះដំរីក្ដី ជិះសេះក្ដី គឺអាស្រ័យទៅតាមក្លស់។ យើងឃើញមានទ័ពភ្លេង ដែលបញ្ជាទ័ព ដោយមានគួសគងជាសញ្ញា។ 

នៅចំពីលើ ដែលជារូបជិះសេះដ៏ធំជាងគេនោះ គេសន្និដ្ឋានថាជារូប ព្រះបាទជ័យវរ្ម័នទី៧ ក្នុងចម្លាក់ទ្រង់ទ្រាយនៅពេលដែលព្រះអង្គចូលរួមបញ្ជាទ័ព ទៅវាយចាមដើម្បីរំដោះប្រទេស។ចំពោះរូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ គឺពុំមានសិលាចារឹកកំណត់ទេ ប៉ុន្តែអ្នកស្រាវជ្រាវបានលើកជាសមតិកម្ម ហើយផ្គួបផ្សំនឹងចម្លាក់នេះ ទើបមានការអនុម័តថា រូបបដិមាអង្គុយសមាធិក្ដី   សំពះក្ដី ក៏សុទ្ធតែជាបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧។ 

នៅពីក្រោយរូបរបស់ព្រះអង្គ គឺជាចម្លាក់រូបព្រះជាយា ដែលកំពុងអង្គុយក្នុងអង្រឹង ដែលមានសេនាហែហម និងមានអ្នកសែងនេះ។ 

លើសពីកងទ័ព ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី២ ដែលមាននៅក្នុងចម្លាក់ប្រាសាទអង្គរវត្ត កងទ័ពព្រះបាទជ័យវរ្ម័នទី៧ មានទាំងទ័ពស្បៀង សម្រាប់ដឹកជញ្ជូនស្បៀងបម្រើកងទ័ពនៅពេលប្រយុទ្ធ ដែលមានដឹកដោយរទេះដឹកសត្វនេះ ហើយកងទ័ពស្បៀងទាំងអស់នោះ បាននាំទាំងប្រពន្ធកូនរួមដំណើរទៅជាមួយនៅពេលចេញធ្វើសង្រ្គាមផងដែរ។ នៅពេលកងទ័ពចេញទៅច្បាំង ខាងកងទ័ពស្បៀងបានលៃលក ប៉ឺតស្រា ដោយពិសារស្រាបណ្ដើរតាមផ្លូវ។

លក្ខណៈសំខាន់នៃប្រាសទបាយ័ន្ត ដែលអ្នកប្រាជ្ញថាប្រាសាទនេះ ជាសារមន្ទីរជាតិពិន្ទុវិជ្ជា ព្រោះតាមចម្លាក់ដែលបានឆ្លាក់នៅក្នុងប្រាសាទ គឺមានរៀបរាប់ពីសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជានុរាស្ត្រខ្មែនាសម័យនោះ ក្នុងនោះមានចម្លាក់ពីការផ្លុំភ្លើងដាំបាយ អង្គុយជួបជុំគ្នា ផឹកតែ និងផឹកស្រា ការចេញទ័ពទៅច្បាំង ការរំដោះប្រទេសពីពួកឈ្លានពាន និងការប៉ះបោររបស់មន្រ្តីនៅក្នុងប្រទេសជាដើម។ 

នៅក្នុងចម្លាក់ប្រាសាទបាយ័ននេះ គឺស្ទើរតែបានរៀបរាប់គ្រប់សព្វទាំងអស់ពីសកម្មភាពនានាទាក់ទងទៅនឹងជីវិតពិតរបស់ប្រជាជន មន្រ្តី និងស្តេច នៅសម័យនោះ ហើយពុំសូវមានលើកអំពីទេវកថា ដូចចម្លាក់នៅប្រាសាទអង្គរវត្តនោះទេ។  

ដោយឡែកនៅផ្ទាំងខាងចុងនោះ មានចម្លាក់មួយផ្ទាំងទៀត បរិយាយពីជនជាតិចិន (រូបចងកំប៉ោយ) កំពុងអង្គុយប៉ឺតស្រា និងឃើញមានពែងតែ និងកំពុងផឹកតែផងដែរ។ នៅក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ និងសម័យក្រោយៗមកទៀត គឺមានទូតចិន លោក ជឺតាក្វាន់ បានមកទស្សនកិច្ចនៅក្រុងអង្គរ ហើយគាត់បានរៀបរាប់នៅក្នុងកំណត់ហេតុប្រពៃណីពីអ្នកស្រុកចេនឡា ដែលមានបកប្រែជាភាសាខ្មែររួចស្រេចថា ខ្មែរមានប្រាសាទសំរឹទ្ធ ប្រាសាទស្ពាន់ និងប្រាសាទមាសផងដែរ។

ដូចដែលយើងបានឃើញសព្វថ្ងៃ ចិនបានរស់នៅរាយប៉ាយ ពាសពេញពិភពលោក តាំងពីយូរលង់ណាស់មកហើយ រួមទាំងអាណាចក្រអង្គររបស់យើងផងដែរ ជាពិសេសមានកំណត់ត្រាស្រាប់ នៅក្នុងកំណត់ត្រាកាទូតចិន របស់លោក ជឺតាក្វាន់ ដែលគាត់បានមកទស្សនាក្រុងអង្គរ តាំងពីចុងសតវត្សទី១៣ មកម៉េះ។

———-

បរិយាយដោយ៖ សាស្រ្តាចារ្យ ថ្លាង សាឃឿន

ផលិតដោយ៖ ក្រុមការងារ លោក សុខ ជំនោរ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner