ក្រុមយុវជន និងយុវតីចំនួន ១៨នាក់ ជិះម៉ូតូដេញវាយតប់គ្នា និងល្មើសបម្រាមគោចរ ត្រូវកម្លាំងចម្រុះខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ កាលពីវេលាម៉ោង១០ យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដឹកនាំផ្ទាល់ដោយលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វារចុះល្បាតក្នុងមូលដ្ឋានក៏បានឃាត់ខ្លួនក្រុមយុវជននិងយុវតីចំនួន១៨នាក់នៅក្បែរការ៉ាសសាំងតូតាល់ចំណុចក្បែរវត្តព្រែកលៀបតាមបណ្ដោយផ្លូវជាតិលេខ៦ស្ថិតក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារដែលជិះម៉ូតូដេញវាយតប់គ្នានិងល្មើសបម្រាមគោចរបញ្ជូនខ្លួនទៅកាន់អធិកាដ្ឋានខណ្ឌចាត់ការតាមនីតិវិធី។

លោកអភិបាលខណ្ឌជ្រោយចង្វារបានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថាមុនកើតហេតុគឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកម្លាំងចម្រុះចុះល្បាតក្នុងមូលដ្ឋានខណ្ឌលុះមកដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញក្រុមក្មេងទំនើងចំនួន១៨នាក់ ក្នុងនោះមានស្រី ៤នាក់ ជិះម៉ូតូច្រើនគ្រឿងបង្កហិង្សាដេញវាយតប់គ្នាពេញផ្លូវនិងល្មើសបម្រាមគោចរទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនតែម្តង។

លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថាការបង្ក្រាបនិងឃាត់ខ្លួននេះគឺមិនមានករណីលើកលែងឬក៏អប់រំដូចមុនទេគឺអនុវត្តតាមនីតិវិធី។បន្ទាប់ពីឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះហើយក៏ត្រូវបានលោកអភិបាលទាក់ទងហៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកយកសំណាកតេស្តរហ័សរកមេរោគកូវីដ១៩នៅទីតាំងឃាត់ខ្លួននោះតែម្តងជាចេញលទ្ធផលគឹអវិជ្ជមានទាំង១៨នាក់។

បន្ទាប់ពីចេញលទ្ធផលតេស្តរួចក្រុមក្មេងទំនើងទាំង១៨នាក់នោះត្រូវបានបញ្ជូនខ្លួនបន្តទៅកាន់អធិការដ្ឋានខណ្ឌជ្រោយចង្វារដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីនៃជំងឺកូវីដ១៩ត្រូវផាកពិន័យជាប្រាក់និងជាប់ពន្ធនាគារពី៦ខែទៅ១ឆ្នាំដោយគ្មានករណីលើកលែងនោះទេ៕ដោយ៖ភារ៉ានិងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner