កីឡាកររត់ប្រណាំងបេឡារូសទទួលទិដ្ឋាការមនុស្សធម៌ប៉ូឡូញ បន្ទាប់ពីបដិសេធមាតុភូមិនិវត្តន៍ដោយ «បង្ខំ»

កីឡាករ​រត់​ប្រណាំង​តំណាង​បេឡារូស​មួយ​រូប​ បាន​ទទួល​ទិដ្ឋាការ​មនុស្សធម៌​ពី​ប្រទេស​ប៉ូឡូញ​ បន្ទាប់​ពីរូប​​នាង​​បាន​ក្លាយ​ជា​​ប្រធានបទ​​មួយ​ពាក់ព័ន្ធ​នឹង​​រឿង​អាស្រូវ​នយោបាយ​មួយ​នៅ​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​។

លោកស្រី​ Kristina Timanovskaya ជា​កីឡាករ​រត់​ប្រណាំង​អាយុ ២៤ ឆ្នាំ​មាន​ជំនាញ​ក្នុង​ការ​ប្រណាំង ២០០ ម៉ែត្រ​ ត្រូវ​បាន​គណៈ​ប្រតិភូ​បេឡារូស​នៅ​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​បញ្ជា​ឱ្យ​ត្រឡប់​ប្រទេស​វិញ​មុន​ពេល​កំណត់​ បន្ទាប់​ពី​នាង​បាន​ធ្វើ​ការ​រិះគន់​ដោយ​​បង្ហោះ​វីដេអូ​ ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ថា​គ្រូ​បង្វឹក​បាន​ចុះ​ឈ្មោះ​នាង​សម្រាប់​ព្រឹត្តិការណ៍​រត់​បណ្ដាក់​ចម្ងាយ​ ៤០០ ម៉ែត្រ​ ដែល​នាង​មិន​ដែល​បាន​ហ្វឹកហាត់នោះ​​ទេ​។

កាល​ពី​ថ្ងៃ​អាទិត្យ​លោកស្រី​​ Timanovskaya បាន​និយាយ​ថា​ក្រុម​កីឡា​ករ​បេឡារូស​បាន​ដឹក​នាង​ដោយ​បង្ខំ​ទៅ​អាកាសយានដ្ឋាន​ក្រុង​តូក្យូ​ ប៉ុន្តែ​ពេល​ទៅ​ដល់​នាង​បាន​បដិសេធ​ឡើង​ជើង​ហោះ​ហើរ​ត្រឡប់​ទៅ​បេឡារូស​វិញ​ ហើយ​បាន​សុំ​ជំនួយ​ពី​ប៉ូលិស​ជប៉ុន​នៅ​ទី​នោះ​។ នាង​ក៏​បាន​សូម​ការ​អន្តរាគមន៍​ពី​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​។

ក្នុង​ការ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ AP នាង​បាន​និយាយ​ថា​គណៈប្រតិភូ​បេឡារូស​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នាង​នឹង​រង​ការ​ដាក់​ទណ្ឌកម្ម​ពេល​ដែល​នាង​ត្រឡប់​ដល់​ប្រទេស​វិញ​។ នាង​ក៏​បាន​លើក​ឡើង​ថា​ពួកគេ​បាន​បញ្ជាក់​ប្រាប់​នាង​ថា​ការ​សម្រេច​នេះ​គឺ​មិន​ធ្វើ​ដោយ​ពួកគេ​ទេ​ គឺ​ធ្វើ​ដោយ​មន្ត្រី​ថ្នាក់​លើ​នៅ​ប្រទេស​បេឡារូស​។

ក្រោយ​ពី​បាន​ចំណាយ​ពេល​មួយ​យប់​ក្រោម​ការ​ការពារ​របស់​អាជ្ញាធរ​ជប៉ុន​ នាង​បាន​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​ប្រទេស​ប៉ូឡូញ​ប្រចាំ​ក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ទទួល​ទិដ្ឋាការ​មនុស្សធម៌​។ កាល​ពី​ថ្ងៃ​ពុធ Timanovskaya បាន​ឡើង​ជើង​ហោះហើរ​ចេញ​ពី​ក្រុង​តូក្យូ​ ទៅ​កាន់​ក្រុង​វីយ៉ែនណា​ ប៉ុន្តែ​គេ​មិន​ដឹង​ថា​នាង​នឹង​មាន​ចំណត​ចុង​ក្រោយ​នៅ​ទី​ណា​ទេ​។

លោកស្រី​ Timanovskaya បាន​និយាយ​ថា​នាង​មិន​បាន​ស្មាន​ដឹង​ថា​អាច​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ ពី​ជម្លោះ​កីឡា​បែប​នេះ​​ឈាន​ដល់​ឧបទ្ទវហេតុ​ការទូត​ដ៏​ធំ​មួយ​ ដែល​បាន​ជំរុញ​នាង​ឆ្ពោះ​ទៅ​រក​ជីវិត​នៅ​ប្រទេស​ថ្មី​។

លោកស្រី​ Timanovskaya បាន​ក្លាយ​ជា​អ្នក​ប្រឆាំង​រដ្ឋាភិបាល​មួយ​រូប​ ដែល​គេ​មិន​បាន​រំពឹង​ទុក​ថា​នឹង​មាន​។ នាង​បាន​និយាយ​ថា​៖ «ខ្ញុំ​នឹង​មិន​និយាយ​ថា​នយោបាយ​ចូល​មក​ក្នុង​ជីវិត​ខ្ញុំ​ទេ ព្រោះ​ជា​ទូទៅ​គ្មាន​នយោបាយ​ទេ​»​។

នាង​បាន​បន្ត​ទៀត​ថា​៖​«ខ្ញុំ​គ្រាន់​តែ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គ្រូ​បង្វឹក ដែល​សម្រេច​ចិត្ត​ដាក់​ខ្ញុំ​ក្នុង​ការ​ប្រកួត​បណ្ដាក់​ ដោយ​មិន​ប្រាប់​ខ្ញុំ​អំពី​រឿង​នេះ​ដោយ​មិន​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ត្រៀម​ខ្លួន​រត់​ហើយ​ឬ​នៅ​។​»

នៅ​ពេល​ការ​បាតុកម្ម​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ប្រធានាធិបតី​ Alexander Lukshenko ប្រកាស​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​មាន​ជម្លោះ​ លោកស្រី Timanovskaya មិន​បាន​ចូល​រួម​បាតុកម្ម​នេះ​ជា​មួយ​ពលរដ្ឋ​បេឡារូស​រាប់​សែន​នាក់​ទេ​។ ផ្ទុយ​ទៅ​វិញ​នាង​បាន​បន្ត​ការ​ហ្វឹកហាត់​ជា​មួយ​ស្វាមី​របស់​នាង ដើម្បី​ត្រៀម​សម្រាប់​កីឡា​អូឡាំពិក​តូក្យូ​។ ស្វាមី​របស់​នាង​ឈ្មោះ​ Arseniy Zdanevich ដែល​ជា​អតីត​កីឡាករ​រត់​ប្រណាំង​មួយ​រូប​ ឥឡូវ​នេះ​បាន​ភៀស​ខ្លួន​ចេញ​ពី​បេឡារូស​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​។

នៅ​ពេល​ដែល​រដ្ឋាភិបាល​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​បាតុកម្ម​ លោក​ស្រី​ Timanovskaya មិន​បាន​ចូល​រួម​ជា​មួយ​កីឡាករ​បេឡារូស​ជាង​ ១០០០ នាក់​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ​មួយ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី និង​បញ្ចប់​ការ​ធ្វើ​ទារុណកម្ម​និង​ការ​ចាប់​ខ្លួន​បាតុករ​។

ក្នុង​ការ​សម្ភាសន៍​នានា នាង​បាន​ជៀសវាង​ពី​ការ​រិះគន់​លោក​ប្រធានាធិបតី Lukhashenko និង​កូន​ប្រុស​របស់​លោក​ គឺ​លោក​ Viktor Lukhashenko ដែល​ជា​ប្រធាន​គណៈកម្មការ​អូឡាំពិក​បេឡារូស​។ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​លោក​ស្រី​ Timanovskaya បាន​ធ្វើ​ការ​ជៀសវាង​នេះ​ ដោយ​សារ​នាង​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ឪពុក​ម្ដាយ និង​គ្រួសារ​របស់​នាង​នៅ​បេឡារូស​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner