កូរ៉េខាងត្បូង៖ប្រុងប្រយ័តខ្ពស់ បន្ទាប់ពីរកឃើញការឆ្លងវីរុសកូរ៉ណាបម្លែងថ្មីដែលតាបូក

កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ទីភ្នាក់ងារ​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង​ (KDCA) បាន​ធ្វើ​ការ​ប្រកាស​អំពី​ការ​រក​ឃើញ​ពីរ​ករណី​ដំបូង​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​បម្លែង​ដែលតា​បូក (Delta Plus) ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ឆ្លង​ទី​​៤​។

វីរុស​បម្លែង​ដែលតា​បូក (Delta Plus)  ​ស្ថិត​ក្នុង​គ្រួសារ​វីរុស​ដែលតា​ ​ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ប្រទេស​ឥណ្ឌា។​ ដែលតា​បូក (Delta Plus)  ខុស​ពី​ដែលតា​ធម្មតា​ត្រង់​ការ​ប្រែប្រួល​បន្លា​ប្រូតេអ៊ីន​នៅ​លើ​សំបក​វីរុស​ តាម​រយៈ​បម្លែង​ហ្សែន​ K417N ដែល​នេះ​គឺ​ជា​លក្ខណៈ​ប្រែប្រួល​ដូច​វីរុស​បម្លែង​បេតា​របស់​អាហ្វ្រិក​ខាង​ត្បូង​។

អ្នក​វិទ្យាសាស្ត្រ​​​គិត​ថា​ដែលតា​បូក ​(Delta Plus)  គឺ​អាច​ងាយ​ចម្លង​ជា​វីរុស​មុន​ៗ​ ហើយ​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នានា ប៉ុន្តែ​ការ​សិក្សា​នៅ​ជុំវិញ​ពិភពលោក​មិន​បាន​ធ្វើ​ការ​សន្និដ្ឋាន​នៅ​ឡើយ​។ មក​ដល់​ពេល​នេះ​ករណី​ដែលតា​បូក ​(Delta Plus) នៅ​មាន​ចំនួន​តូច​នៅ​ឡើយ​ ក្នុង​ប្រទេស​ដែល​បាន​ឆ្លង​ដូចជា​ឥណ្ឌា​ ចក្រភពអង់គ្លេស​ និង​ព័រទុយហ្គាល់​។

ក្នុង​សន្និសីទ​កាសែត​មួយ ភ្នាក់​ងារ​ KDCA បាន​និយាយ​ថា​៖ «ករណី​ទី​១​ត្រូវ​បាន​រក​ឃើញ​ក្នុង​បុរស​អាយុ​ជាង​ ៤០ ឆ្នាំ​មួយ​រូប​ ដែល​មិន​មាន​កំណត់ត្រា​បាន​ធ្វើ​ដំណើរ​នៅ​ពេល​ថ្មី​ៗ​នេះ​»​។

ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ប្រហែល ២៨០ នាក់​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​បុរស​នោះ​បាន​រក​ឃើញ​ថា​មាន​តែ​កូនប្រុស​របស់​គាត់​ប៉ុណ្ណោះ​ដែល​មាន​លទ្ធផល​វិជ្ជមាន ប៉ុន្តែ​គេ​មិន​ទាន់​កំណត់​បាន​ថា​ជា​ករណី​ឆ្លង​ដែលតា​បូក​ដែរ​ ឬ​ទេ​។

ករណី​ទី ២ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អ្នក​ដំណើរ​ម្នាក់​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក ដែល​បុគ្គល​រូប​នេះ​បាន​ទទួល​វ៉ាក់សាំង​ AstraZeneca គ្រប់​ពីរ​ដូស​មុន​ការ​ធ្វើ​ដំណើរ​។

កាល​សប្ដាហ៍​មុន​ KDCA បាន​ធ្វើ​ការ​វិភាគ​សំណាក​របស់​អ្នក​ជំងឺ​ចំនួន​ ៣០១៥ នាក់​ ហើយ​រក​ឃើញ​ថា​ ៦៤ ភាគរយ​បាន​ឆ្លង​វីរុស​បម្លែង​ដែលតា​ ដែល​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​បម្លែង​នេះ​គឺ​កំពុង​ក្លាយ​ជា​វីរុស​ទូទៅ​នៅ​កូរ៉េខាងត្បូង​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner