បាតុករប្រឆាំងរដ្ឋាភិបាលថៃ ប៉ះគ្នាជាមួយប៉ូលិស ស្របពេលករណីកូវីដ១៩ មានការកើនឡើង

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ច្រើន​ជាង​ ១ពាន់​នាក់​ប៉ះ​គ្នា​ជាមួយ​ប៉ូលិស​នៅ​រាជធានី​បាងកក កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​កន្លង​ទៅ ស្រប​ពេល​ដែល​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩​កើន​ដល់​ ២ម៉ឺន​ករណី​ក្នុង​មួយ​ថ្ងៃៗ។

សារព័ត៌មាន​ Bangkok Post បាន​ចុះ​ផ្សាយ​ថា បាតុកម្ម​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​បាតុករ Redem ដែល​មាន​ឈ្មោះ​ពេញ​ថា Restart Democracy ដែល​បក​ប្រែ​ជា​ភាសាខ្មែរ​ថា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ ក្រុម​នេះ​បង្កើត​ដោយ​ក្រុម​យុវជន​សេរី​ ដែល​ជា​បណ្ដុំ​នៃ​ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផ្សេងៗ​គ្នា។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ បាតុកម្ម​លើក​នេះ​មាន​ការ​ទាមទារ​ចំនួន ៣ធំៗ​គឺ (១) ទាមទារ​ឱ្យ​លោក​ប្រាយុទ្ធ ចាន់អូឆា លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​គ្មាន​លក្ខខណ្ឌ (២) កាត់​ថវិកា​រាជវាំង និង​យោធា និង​បង្វិល​មក​ទំនុក​បម្រុង​លើ​ជំនួយ​ឧបត្ថម្ភ​កូវីដ-១៩ និង (៣) ប្រភេទ​វ៉ាក់សាំង​កូវីដ-១៩ ត្រូវ​ប្ដូរ​មក​ប្រភេទ​វ៉ាក់សាំង​ mRNA (មាន​ដូច​ជា​វ៉ាក់សាំង​អាមេរិក​ម៉ាក Pfizer-BioNTech និង​ Moderna)។

ក្រុម​បាតុករ​ត្រូវ​បាន​ប៉ូលិស​បំបែក​ដោយ​ប្រើ​គ្រាប់​ជ័រ និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក នៅ​ពេល​ហែ​ក្បួន​មក​កាន់​វិមាន​រដ្ឋាភិបាល ដែល​ជា​ការិយាល័យ​របស់​លោក​ប្រាយុទ្ធ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​មួយ​ចំនួន។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ត្រូវ​បាន​រៀបចំ​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​ ដោយ​ក្រុម​ផ្សេងៗ​គ្នា ដោយ​ភាគ​ច្រើន​សម្ដែង​ក្ដី​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​គ្រប់គ្រង​ និង​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ ដោយ​រដ្ឋាភិបាល​លោក​ប្រាយុទ្ធ។

នៅ​ថៃ ករណី​វិជ្ជមាន​ប្រចាំ​ថ្ងៃ​នៅ​តែ​កើន​ឡើង​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ប្រទេស​នេះ​រក​ឃើញ ២២ ០០០ករណី​ថ្មី ហើយ​ស្លាប់​រហូត​ដល់​ទៅ ២១២នាក់។ ប្រទេស​ថៃ​មាន​ករណី​កូវីដ-១៩ សរុប​ជាង ៧៣ម៉ឺន​ករណី និង​ស្លាប់​ប្រមាណ ៦ពាន់​នាក់៕

ប្រភព៖ Bangkok Post

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner