ជម្លោះផ្ទៃក្នុង នាំឱ្យគណបក្សភ្លើងទៀនសម្រេចលើកពេលធ្វើសមាជសាមញ្ញ ដែលគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា

ភ្នំពេញៈ គណបក្សភ្លើងទៀន បានសម្រេចលើកពេលធ្វើសមាជសាមញ្ញគណបក្សភ្លើងទៀនដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

ការលើកពេលយ៉ាងតក់ក្រហល់នេះ ត្រូវបានគណបក្សភ្លើងទៀន លើកហេតុផលអំពីការព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីមានលក្ខណៈសាហាវ ឆ្លងលឿនពីម្នាក់ទៅម្នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១០ ខែសីហានេះ។

ប៉ុន្តែតាមប្រភពដែលជឿទុកចិត្តបានបង្ហើបថា មូលហេតុខាងលើនេះគ្រាន់តែជាការសម្រាលស្ថានភាពកុំឱ្យខូចមុខខូចមាត់តែប៉ុណ្ណោះ។ ប្រភពផ្ទៃក្នុងគណបក្សភ្លើងទៀនបានឱ្យដឹងថា ការលើកពេលធ្វើសមាជនេះ ដោយសារមូលហេតុជម្លោះផ្ទៃ ពីព្រោះថាសមាជនេះ ជាការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ភាពមិនដាច់ស្រេចផ្ទៃក្នុងទើបជាមូលហេតុសំខាន់នៃការពន្យារពេលធ្វើសមាជសមញ្ញ។

ទន្ទឹមនឹងអ្វីកើតឡើងនេះ អ្នកវិភាគនយោបាយកម្ពុជា ចៅចាក់ស្មុក យល់ថា ការលើកពេលនៃសមាជគណបក្សភ្លើងទៀននេះ ទំនងដោយសារមូលហេតុជម្លោះផ្ទៃក្នុងគណបក្សច្រើនជាងហេតុផលនៃការឆ្លងជំងឺកូវីដ-១៩។ ព្រោះថាសមាជនេះ ជាការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំគណបក្សឡើងវិញ។ ដូច្នេះការចរចាបែងចែកតួនាទីភារកិច្ច និងតំណែងនៃមន្ត្រីបក្សមិនត្រូវគ្នា ហើយម្យ៉ាងទៀត ទណ្ឌិត សម រង្ស៊ី ដែលកំពុងរួតរឹតដោយទោសជាប់ខ្លួន និងរត់គេចគុកនោះ ទំនងមិនឯកភាពលើការធ្វើសមាជនេះទេ ព្រោះនឹងធ្វើឱ្យខ្លួនលែងមានតម្លៃនយោបាយ និងបាត់បង់កម្មសិទ្ធិលើគណបក្សភ្លើងទៀននេះ។

អ្នកវិភាគដដែលបានថ្លែងថា ការដណ្តើមអំណាច និងតួនាទីក្នុងក្រុមបក្សប្រឆាំង គឺជាប្រពៃណីរបស់អ្នកនយោបាយក្រុមនេះ ហើយទណ្ឌិត សម រង្ស៊ី នឹងមិនសុខចិត្តជាដាច់ខាតលះបង់គណបក្សភ្លើងទៀនឱ្យអ្នកដទៃ ព្រោះបច្ចុប្បន្នទណ្ឌិតរូបនេះ គ្មានអ្វីនៅសល់ក្រៅពីកម្មសិទ្ធិបក្សភ្លើងទៀននេះជាទីពឹងពាក់ទេ ព្រោះជីវិតនយោបាយរបស់ខ្លួនបានស្លាប់ ពាក់កណ្តាលទៅហើយ និងមានតម្លៃសម្រាប់តែការអនុវត្តច្បាប់ចំពោះទោសទណ្ឌខ្លួនប៉ុណ្ណោះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner