បណ្តាប្រទេសនានាបានបញ្ជូនជំនួយមកប្រទេសក្រិក ខណៈក្រិកកំពុងមានភ្លើងឆេះព្រៃ

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​បន្ត​ដុតដៃ​ដុតជើង​ពន្លត់​អណ្តាត​ភ្លើង​ នៅ​ប្រទេស​ក្រិក​ កាល​ពី​ថ្ងៃអង្គារ​ទី ១០ សីហា បន្ទាប់​ពី​មាន​ហេតុការណ៏​អគ្គិភ័យនៅ​លើ​កោះ​ Evia ភាគ​ឥសាន​នៃ​រដ្ឋ​ធានី​អាតែន​។ ប្រជាជន​ជាច្រើន​បាន​ព្យាយាម​យក​បំពង់​ទឹក​និង​ធុង​ដើម្បី​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ផ្ទះ​របស់ពួក​គេ។​

ភ្លើង​ឆេះ​ព្រៃ​នៅ​តែ​បន្ត​ឆាប​ឆេះ​ នៅ​តំបន់​មួយ​ជិត​ប្រទេស​តួកគី​ផង​ដែរ​ ដែល​មាន​មនុស្ស​យ៉ាង​តិច​ ៨​ នាក់បាន​ស្លាប់​បាត់បង់ជីវិត​ ក៏​ដូច​ជា​នៅ​អ៊ីតាលី​ និង​តំបន់​ផ្សេង​ទៀត​នៃ​ទ្វីប​អឺរ៉ុប​ខាង​ត្បូង​ដែល​សុទ្ធ​សឹង​ជា​តំបន់​ដែលមាន​រលក​កំដៅ​ខ្ពស់​ខ្លាំង​ ហើយ​បាន​បង្កើត​លក្ខខណ្ឌ​ស្ងួត​ខុស​ពី​ធម្មតា​និង​ជំរុញ​ឱ្យ​មាន​ ការ​ជជែក​គ្នា​អំពី​ការ​ខូចខាត​ដ៏​អាក្រក់​នេះ​ដែល​បណ្តាល​ មក​ពី​ការ​ប្រែ​ប្រួលអាកាស​ធាតុ​ ។

នាយករដ្ឋ​មន្រ្តី​លោក​ Kyriakos Mitsotakis បាននិយាយ​នៅ​ក្នុង​សុន្ទរកថា​ តាម​ទូរទស្សន៍​មួយ​នៅ​យប់​ថ្ងៃ​ចន្ទ​ ថា​អាជ្ញាធរ​កំពុង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ទូ​ទាំង​ប្រទេសដែល​លោក​បាន​ចាត់​ទុក​ហេតុការណ៏​ឆេះ​ព្រៃ​ទាំង​នោះ​ថាជា“ គ្រោះ​ធម្មជាតិ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ​” ។ យោង​តាម​ទី​ភ្នាក់​ងារ​អង្កេតការណ៍​ជាតិ​  Meteo​ របស់ទី​ភ្នាក់ងារ​អាកាសធាតុ​ជាតិ​ បាន​និយាយ​ថា​ភ្លើង​ឆេះព្រៃ​លើក​នេះ​បាន​បំផ្លាញ​ផ្ទៃ​ដី​ជាង​ ២០០.០០០ ​ហិច​តា​នៅ​ក្នុងប្រទេស​ក្រិក​។

លោក​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​វាយ​តម្លៃ​ពីផល​ប៉ះ​ពាល់​នៃ​អគ្គីភ័យ​និង​រៀប​រាប់​លម្អិត​អំពី​ផែន​ការរបស់​រដ្ឋាភិបាល​របស់​គាត់​ក្នុង​ការ​ត្រួត​ពិនិត្យ​ឡើង​វិញនូវ​ការ​បង្ការ​អគ្គិភ័យ​នា​ពេល​អនាគត​ផងដែរ​។

មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការឆេះ​ព្រៃ។ ក៏មាន​ការចោទ​ប្រកាន់​ខ្លះ​ត្រូវបាន​ធ្វើ​ឡើង​ ចំពោះការ​ដុត​ភ្លើង​ដោយ​ខ្វះ​បំរុងប្រយ័ត្ន​ផងដែរ​។ លោក​ Vasilios Pliotas ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​កំពូល​នៃ​ក្រិក​ កាល​ពីថ្ងៃ​ចន្ទ​ បាន​ស្នើ​ឱ្យ​ប៉ូលីស​និង​ សេវា​កម្ម​ពន្លត់​អគ្គីភ័យ​ស៊ើប​អង្កេត​ភស្តុតាង​ដែល​អាច​ចង្អុល​បង្ហាញ​ពី​ផែន​ការរៀបចំ​ដុត​ព្រៃ​ដែល​អាច​រៀប​ចំ​ដោយ​អង្គការ​ឧក្រិដ្ឋ​កម្មណា​មួយ​។  

បណ្តា​ប្រទេស​ជាង​ ២០​ក៏​បាន​បញ្ជូន​ការ​គាំទ្រ​ដល់​ដំណើរការ​ពន្លត់​អគ្គិភ័យ​របស់​ប្រទេស​ក្រិក​ផងដែរ​។ មាន​អ្នក​ពន្លត់​អគ្គីភ័យ​និង​ម៉ាស៊ីន​មក​ពី​ ប្រទេស​ប៉ូឡូញ​ និង​ស្លូវ៉ាគី​ បាន​ចូល​រួម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពន្លត់​ភ្លើង​ ហើយនៅ​យប់​ថ្ងៃ​ចន្ទ​ហើយ​កម្លាំង ​របស់​បារាំង​និង​អាល្លឺម៉ង់​ ក៏​នឹង​មក​ដល់​ នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ជួយ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នេះដែរ។

ប្រភព៖ NY Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner