សិង្ហបុរី៖ ប៉ូលីសបង្ក្រាប KTV គ្មានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងពីបទរំលោភលើច្បាប់កូវីដ១៩
ប៉ូលីសបានបង្ក្រាបហាងគ្មានអាជ្ញាប័ណ្ណមានលក្ខណៈដូច KTV ចំនួន ៤ កន្លែង ដែលកំពុងប្រតិបត្តិការនៅទូទាំងកោះនេះ ហើយប៉ូលីករកឃើញមនុស្សចំនួន ៤២ នាក់នៅបរិវេណនេះ និងត្រូវបានចាប់យកទៅសាកសួរពីបទរំលោភបទបញ្ជាកូវីដ-១៩។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន CNA ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃ អង្គារ កងកម្លាំងប៉ូលីសសិង្ហបុរី បាននិយាយថា ខ្លួនបានធ្វើការត្រួតពិនិត្យ ការអនុវត្តលើគ្រឹះស្ថានម៉ាស្សាចំនួន ៩២ និងកន្លែងកំសាន្តសាធារណៈចំនួន ២៣ នៅចន្លោះថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែសីហា។ បច្ចុប្បន្ន ប៉ូលីសកំពុងស៊ើបអង្កេតលើមនុស្សសរុប ៨៨ នាក់។
ប៉ូលីស បាននិយាយថាបុរស ៤ នាក់ និងស្ត្រីម្នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៣១ ឆ្នាំ ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរពីបទសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការគ្រប់គ្រងកន្លែងកម្សាន្តសាធារណៈគ្មានអាជ្ញាប័ណ្ណទាំងនេះ។
គ្រឹះស្ថានម៉ាស្សាចំនួន ២៤ ក៏ត្រូវបានគេសង្ស័យផងដែរថា បានប្រព្រឹត្តការរំលោភបំពានផ្សេងៗក្រោមបទបញ្ជាស្ដីអំពីសកម្មភាពគ្រឹះស្ថានម៉ាស្សា និងវិធានការបណ្តោះអាសន្នសម្រាប់កូវីដ ១៩ ចេញឆ្នាំ ២០២០ ។
សិង្ហបុរី ក៏បានចេញបទបញ្ជាបិទ ១០ ថ្ងៃ និងពិន័យជាប្រាក់ ១.០០០ ដុល្លារសិង្ហបុរី (៧៣៥ ដុល្លារ) សម្រាប់គ្រឹះស្ថានម៉ាស្សាទាំងនេះផងដែរ។ ដោយឡែក អតិថិជនក៏នឹងត្រូវពិន័យជាប្រាក់ចំនួន ៣០០ ដុល្លារសិង្ហបុរី (២២០ដុល្លារ) ចំពោះការរំលោភលើវិធានការគ្រប់គ្រងសុវត្ថិភាព។
ចំពោះ ការផ្តល់សេវាកម្មម៉ាស្សា ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវបទល្មើសនេះត្រូវផាកពិន័យ ១០,០០០ ដុល្លារសិង្ហបុរី(៧,០០០ដុល្លារ) ឬ/និង ត្រូវជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ។ ជនល្មើសករណីដដែលៗ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ២ ម៉ឺនដុល្លារសិង្ហបុរី(១៥,០០០ពាន់ដុល្លារ) ឬ/និង ជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ។
![](https://asset.ams.com.kh/central/media/ktv_new.jpg)
ប្រភព៖ CNA