រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ៦ ជំរុញឱ្យប្លុកប្រឆាំងនឹងការបញ្ឈប់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថាន

ប្រ៊ុចសែល៖ ​​រដ្ឋ​​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​ ៦​ បាន​ព្រមាន​នាយក​ប្រតិបត្តិ​ប្លុក​នេះ​ ពី​ការ​បញ្ឈប់​ការ​និរទេស​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​អាហ្វហ្គានីស្ថាន​​ចូល​មក​អឺរ៉ុប​ ​ទោះ​បី​ក្រុម​ឧទ្ទាម​តាលីបង់​ហែកហួរ​ប្រទេស​អាស៊ី​កណ្ដាល​នេះ​សា​ជា​ថ្មី​ម្ដង​ទៀត​ក្រោយ​កង​ទ័ព​បរទេស​​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ដក​ចេញ​ ក៏​ដោយ​ក្ដី​។​ 

​ប្រទេស​ដែល​រួម​មាន​អូទ្រីស​ ដាណឺម៉ាក​ បែលហ្ស៊ិក​ ហូឡង់​ ក្រិក​ និង​អាល្លឺម៉ង់​ បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​សីហា ថា​៖​ «​ការ​បញ្ឈប់​ការ​និរទេស​ (ជនភៀសខ្លួន) ​​នឹង​ផ្តល់​ជា​សញ្ញា​ខុស​ ហើយ​ទំនង​ជា​ជំរុញ​ឱ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​កាន់​តែច្រើន​ ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ទៅ​សហភាព​អឺរ៉ុប​»​។ ​លិខិត​ដដែល​បន្ត​៖​ «​នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ជម្រុញ​ឱ្យ​​គណៈកម្មការ​ បង្កើន​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​អំពី​របៀប​នៃ​ការ​បញ្ជូន​ (ជនភៀសខ្លួន) ​ត្រឡប់​ទៅ​កាន់​អាហ្វហ្គានីស្ថាន​ អាច​ធ្វើ​ឡើង​ទៅ​បាន​ និង​បន្ត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​»​​។​

​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ជាច្រើន​ មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​ទទួល​យក​ជនភៀស​ខ្លួន​​អាហ្វហ្គានីស្ថាន​ អាច​បង្ក​ឱ្យ​មាន​វិបត្តិ​ជន​អន្តោប្រវេសន៍​អឺរ៉ុប​ដូច​ឆ្នាំ​ ២០១៥ ​និង​២០១៦ ​​នៅ​ពេល​ជន​ភៀស​ខ្លួន​ជាង​ ១​​លាន​នាក់​មក​ពី​មជ្ឈឹម​បូព៌ា​​បាន​ចូល​មក​ប្លុក​នេះ ​ដែល​ទាម​ទារ​ឱ្យ​ខ្លួន​ត្រូវ​ពង្រីក​ប្រព័ន្ធ​សន្តិសុខ​ និង​សុខុមាល​ភាព​ជា​ដើម​។​

​​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា​ ខ្លួន​បាន​ទទួល​លិខិត​​នេះ​ហើយ​ ដោយ​នឹង​ឆ្លើយ​តប​នៅ​ពេល​រួច​រាល់​។​  គណៈកម្មការ​ដដែល​បន្ត​ថា​ អាហ្វហ្គានីស្ថាន​ជា​ប្រទេស​មាន​សុវត្ថិភាព​ដែល​អាច​បញ្ជូន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទៅ​វិញ​ ឬ​យ៉ាង​ណា​ នោះ​ គឺ​អាស្រ័យ​លើ​ប្រទេស​ជា​សមាជិក​​​ធ្វើ​សេចក្តី​សម្រេច​​​។

​ចាប់តាំង​ពី​ឆ្នាំ​ ២០១៥ ​មក​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​ប្រមាណ​ជាង​ ៥៧០ ០០០ ​នាក់​ បាន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​សហភាព​អឺរ៉ុប​។ ​​លិខិត​ពី​ប្រទេស​ចំនួន​ ៦ ​ដែលព្រមាន​​នាយក​ប្រតិបត្តិ​ប្លុក​ ​បាន​កត់​ត្រា​ថា​ មាន​ប្រមាណ​ជាង​ ៤៤ ០០០ ​នាក់​នៅ​ឆ្នាំ ​២០២០ ​​ធ្វើ​ឱ្យ​អាហ្វហ្គានីស្ថាន​ក្លាយ​ជា​ប្រទេស​ធំ​ទី​ពីរ​នៃ​បញ្ហា​នេះ។​ ​ជំនួស​មក​វិញ​ ប្រទេស​ទាំង​ ៦​ បាន​ជំរុញ​ឱ្យ​ប្លុក​នេះ​ ពិនិត្យ​មើល​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ជន​ភៀស​ខ្លួន​ តាម​​រយៈ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាហ្វហ្គានីស្ថាន ​ប៉ាគីស្ថាន ​និង​អ៊ីរ៉ង់​ជាដើម​។​

​ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner