អ្នកតវ៉ាប្រឆាំងនឹងរដ្ឋអំណាចថៃ បន្តធ្វើបាតុកម្មតាមដងផ្លូវ

អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ថៃ​នៅ​បន្ត​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ ដោយ​ដង្ហែ​ក្បួន​ឡាន និង​ម៉ូតូ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដោយ​បន្ត​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រាយុទ្ធ ចាន់​អូ​ឆា ចុះ​ចេញ​ពី​តំណែង ក្រោយ​ពី​មិន​សប្បាយ​នឹង​ការ​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ ពី​សំណាក់​រដ្ឋាភិបាល​ថៃ។ បន្ថែម​ពី​ការ​ទាមទារ​ឱ្យ​លោក​ប្រាយុទ្ធ​ចុះ​ចេញ​ពី​តំណែង​ ក្រុម​បាតុករ​​ថៃ​ក៏​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ផង​ដែរ។

សារព័ត៌មាន Bangkok Post បាន​ចុះ​ផ្សាយ​ថា បាតុកម្ម​លើក​នេះ​ដឹកនាំ​ដោយ​រណសិរ្ស​សាមគ្គី​ធម្មសាស្ត្រ និង​ការ​ធ្វើ​បាតុកម្ម។

កាល​ពី​រសៀល​ថ្ងៃ​អង្គារ ក្រុម​បាតុករ​បាន​ស៊ីផ្លេ​ឡាន និង​ម៉ូតូ និង​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​នៃ​រាជធានី​បាងកក។ យ៉ាងណាមិញ នៅ​ល្ងាច​ថ្ងៃ​ដដែល ក្រុម​បាតុករ​ និង​ប៉ូលិស​ប៉ះ​ទង្គិច​គ្នា។ ប៉ូលិស​បង្ក្រាប​កុប្បកម្ម​បាន​ប្រើ​គ្រាប់​ជ័រ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​រថយន្ត​បាញ់​ទឹក​ ហើយ​បើ​យោង​តាម​ប្រភព​ពី​ប៉ូលិស​ថៃ ក្រុម​អ្នក​តវ៉ា​បាន​គប់​ដុំ​ថ្ម ផាវ និង​គ្រឿង​ផ្ទុះ​ផ្សេងៗ​ទៅ​កាន់​ខាង​ប៉ូលិស។

ស្នងការ​រង​នៃ​ប៉ូលិស​ក្រុង​បាងកក​លោក Piya Tavichai លើកឡើង​ថា ខាង​ប៉ូលិស​ចំនួន ៦នាក់​រងរបួស ខណៈ​បាតុករ ៦នាក់​ត្រូវ​បាន​ចាប់​ខ្លួន ជាមួយ​នឹង​ការ​រឹបអូស​ម៉ូតូ​បាតុករ​សរុប ១០០គ្រឿង​។

យ៉ាងណាមិញ គេ​មិន​ដឹង​ច្បាស់​ថា​បាតុករ​ប៉ុន្មាន​នាក់​ទេ​ ដែល​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ៕

ប្រភព៖ Bangkok Post

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner