អតីតប្រធានវិទ្យុអាស៊ីសេរី៖ សម រង្ស៊ី ដើរផ្លូវវៀចដូចមនុស្សស្រវឹងស្រា

ភ្នំពេញៈ លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ជាខេមរភាសា បានធ្វើការរិះគន់ និងវ៉ៃប្រហារទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ថា ដល់ពេលដែល សម រង្ស៊ី ត្រូវរៀបចំខ្លួនឱ្យដើរផ្លូវត្រង់ ព្រោះគាត់ដើរផ្លូវវៀច ដូចមនុស្សស្រវឹងស្រាហើយ។ ការវ៉ៃប្រហារនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មួយរយៈចុងក្រោយនេះ ហាក់ដូចជាវង្វេងវង្វាន់ បានប្រកាសអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិ រួមទាំងការរិះគន់ព្រះមហាក្សត្រ។

ទាក់ទងការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នេះ ត្រូវបានលោក ពិន សំខុន លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីយប់ថ្ងៃទី១០ ខែសីហាថា បើនិយាយពីលោក សម រង្ស៊ី ដល់ពេលមួយដែលគាត់ត្រូវរៀបចំខ្លួនឱ្យដើរផ្លូវត្រង់ ពីព្រោះគាត់ដើរផ្លូវវៀចដូចមនុស្សស្រវឹងស្រាហើយ។ ហេតុដុច្នេះហើយ លោកចង់និយាយថា ការជ្រើសរើសមេដឹកនាំ វាមិនមែនជារបស់មួយដែលកើតហើយមិនចេះបាត់ទៅវិញទេ។ ខ្លួនលោកផ្ទាល់តែងតែគិតថា នៅពេលដែលគេគាំទ្រយើង គឺនៅពេលដែលយើងធ្វើត្រូវ នៅពេលណាដែលយើងធ្វើមិនត្រឹមត្រូវ ឬនិយាយផ្តេសផ្តាស បង្កើតបរិយាកាសបែកបាក់គ្នា បង្កើតបរិយាកាសលែងឱ្យគេជឿដល់គណបក្សប្រឆាំង ក្នុងពេលនោះ មានអ្នកគេគិតតា លោកសម រង្ស៊ី ក៏ដឹងខ្លួនឯងដែរ មានអ្នកប្រឆាំងជាមួយគាត់កាន់តែច្រើន រហូតដល់គាត់អាចនឹងលែងទៅជាមេដឹកនាំដ៏មានឈ្មោះល្បីល្បាញដូចកាលពីជំនាន់មុន។

លោក សំខុន បន្តថា ចំពោះការអំពាវនាវបង្កើតរដ្ឋាភិបាលលរួបរួមជាតិ ឬរដ្ឋាភិបាលនៅក្រៅប្រទេសរបស់លោក សម រង្ស៊ី គឺជួនកាលគ្រាន់តែខ្យល់ដែលធ្វើឱ្យបក់ល្ហើយ បក់មកពីទិសណាយើងអត់បានដឹង ពីព្រោះនិយាយអត់មានមូលដ្ឋាន។ ហើយមូលដ្ឋានដ៏ធំដែលមានរួចហើយអត់បានការពារទេ គឺមូលដ្ឋាន ២៣ តុលា ១៩៩១ ។ ដូច្នេះហើយយើងគួរតែធ្វើអីដែលយើងអាចធ្វើបាន ហេងស៊យគណបក្សថ្មីអាចជាចរន្តថ្មីមួយកែទម្រង់អ្វីទាំងអស់ដែលយើងបានធ្វើភ្លាត់ពីមុនមក នឹងឱ្យវាត្រឹមត្រូវឡើងវិញ គួរជាទីសង្ឃឹមនៃប្រជាពលរដ្ឋ ពីព្រោះអ្នកនយោបាយថ្មីនេះ គាត់ធ្វើដើម្បីប្រជាពលរដ្ឋទាំងមូល។

បើនិយាយពីរឿងបង្រួបបង្រួម បើធ្វើសម្រាប់ប្រជាពលរដ្ឋទាំងមូល គឺជាការបង្រួបបង្រួមនៅចុងភ្លៅ មិនមែននៅដើមភ្លៅទេ ប៉ុន្តែយើងធ្វើខ្លួនយើងសិនទៅ យើងធ្វើឱ្យដឹងថា តើខ្លួនអញទៅទីណា? ប្រជាពលរដ្ឋឃើញថា មនុស្សនេះគ្រាន់បើដែរតើ លោកប៉ុល ហំម ជាមនុស្សទី៣ នៅក្នុងគណបក្ស ចាប់ផ្តើមឡើងមនុស្សនឹងចេញមកភ្លាម ដូច្នេះនៅមាន៥០ ,១០០នាក់ទៀត ដែលនៅពីក្រោយនឹងចេញមកទៀត ដើម្បីទៅជិតប្រជាពលរដ្ឋ គ្រាន់តែជាទីកក់ក្តៅ។ ហើយលោក កឹម សុខា នៅជាប់រឿងនៅតុលាការ ពេលណាគាត់ចេញរួច គាត់នឹងឃើញថា នឹងមានអតីតសង្គ្រោះជាតិនឹងនៅក្បែរគាត់ នៅជិតគាត់ដដែល ហើយមិនមែនជារឿងដែលគួរឱ្យអស់សង្ឃឹមអីទេ ដែលអ្នកឯទៀតចេញទៅហ្នឹង៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner