លីទុយអានីនឹងសង់របងព្រំដែនជាប់បេឡារុស ដើម្បីបញ្ឈប់ជនចំណាកស្រុក

សភាលី​ទុយអានី​ បាន​បោះឆ្នោត​ដើម្បី​សាង​សង់​របង​ដែក​លួស​ឡាម​កម្ពស់​៤​ម៉ែត្រ​​ ​តាម​បណ្ដោយ​ព្រំដែន​ជាប់​បេឡារុស​ប្រវែង​ជាង​ ៥០០ ​គីឡូម៉ែត្រ ​ដើម្បី​បញ្ឈប់​ជន​អន្តោប្រវេសន៍​​អ៊ីរ៉ាក់​ អាហ្វហ្កានីស្ថាន​ និងជន​​ចំណាក​ស្រុក​ក្រៅ​សហ​ភាព​អឺរ៉ុប​ផ្សេង​ទៀត​​ចូល​ប្រទេស​របស់​ខ្លួន​ ក្រោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​មីនស្ក៍​កាល​ពី​ដើម​ខែ​មុន​ថា​បាន​ផ្ដល់​ជើង​ហោះហើរ​ឱ្យ​ជន​អន្តោប្រវេសន៍​ឆ្ពោះ​ទៅតំ​បន់​ព្រំដែន​។​

​ចំនួន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ចូល​ទឹក​ដី​លីទុយអានី​ ឡេតូនី​ និង​ប៉ូឡូញ​​ តាម​​បេឡារុស​ បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ហើយ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​ បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​បេឡារុស​ លោក​ Alexander ​Lukashenko ​ថា​បាន​ប្រើ​ប្រាស់​ពួក​គេ​ ដើម្បី​សង​សឹក​​សហភាព​អឺរ៉ុប​ដែល​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​​របស់​ខ្លួន​។​ ​

ទំនាក់​ទំនង​រវាង​សហភាព​អឺរ៉ុប​ និង​បេឡារុស​ កាន់​តែ​ធ្លាក់​ចុះ​យ៉ាប់​ទៅ​ៗ​ បន្ទាប់​ពី​ប្លុក​នេះ​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​របស់​ខ្លួន​ប្រឆាំង​រដ្ឋាភិបាល​លោក​ Lukashenko ​មួយ​ខែ​ក្រោយ​មាន​ការ​បង្ខំ​ជើង​ហោះ​ហើរ​មួយ​ឱ្យ​ចត​នៅ​ក្រុង​មីនស្ក៍​ ដើម្បី​ស្ទាក់​ចាប់​អ្នក​កាសែត​ប្រឆាំង​លេច​ធ្លោ​ម្នាក់​របស់​បេឡារុស​​ បន្ថែម​ពី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ៗ​រួម​មាន​ទាំង​ការ​ចាប់​ខ្លួន​បាតុករ​ និង​ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​ជាដើម​។​

​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម​ លោក ​Lukashenko ​បាន​បើក​ច្រក​ព្រំ​ដែន​អនុញ្ញាត​ឱ្យ​ជន​ចំណាក​ស្រុក​ក្រៅ​សហភាព​អឺរ៉ុប​ ចូល​ទៅ​ប្លុក​ ដោយ​និយាយ​​សម្ដៅ​លើ​ជន​អន្តោប្រវេសន៍​ថា​ ខ្លួន​នឹង​មិន​បញ្ឈប់​ចលនា​របស់​នរណា​ម្នាក់​ទេ​ ក្នុង​គោល​បំណង​ដាក់​សម្ពាធ​លើ​សហភាព​នេះ​វិញ​។​

​ចំណែក​ឯ​ប្រទេស​ឡាតូវី​ឯណោះ​វិញ​ បាន​ប្រកាស​ស្ថានភាព​គ្រា​អាសន្ន​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​បេឡារុស​ ជា​កន្លែង​ដែល​ខ្លួន​មាន​ផែនការ​បង្កើន​ការ​ល្បាត​។​ វិធានការ​នេះ​ អនុញ្ញាត​ឱ្យ​ឆ្មាំ​ព្រំដែន​បញ្ជូន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ដោយ​កម្លាំង​ទៅ​វិញ​។ ​យ៉ាង​ណា​មិញ​ លោក​ Lukashenko ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​បាន​ប្តេជ្ញា​ថា​ បេឡារុស​នឹង​មិន​ទទួល​យក​ជន​ចំណាក​ស្រុក​ត្រឡប់​ពី​ប្រទេស​បាល់ទិក​ជិត​ខាង​របស់​ខ្លួន​ទេ​។​ ​

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner