អតីតមេដឹកនាំអូស្ត្រាលីពីររូប យល់ថាទំនាក់ទំនងអូស្ត្រាលី-ចិន ធ្លាក់ចុះក៏ព្រោះគោលនយោបាយរបស់ ស៊ី ជីនភីង និងអ្នកនយោបាយអូស្ត្រាលីមួយចំនួន

ទំនាក់ទំនង​ចិន និង​អូស្ត្រាលី​នៅ​មួយ​រយៈ​ចុង​ក្រោយ ហាក់​បី​ដូច​ជា​មាន​ភាព​រកាំរកូស​ និង​ធ្លាក់​ចូល​ក្នុង​ចំណុច​ដ៏​ទាប​មួយ។ ជាមួយ​គ្នា​នេះ​ដែរ អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Kevin Rudd និង​លោក Malcom Turnbull យល់​ឃើញ​ គោលនយោបាយ​ការ​បរទេស​របស់​ចិន​ដឹកនាំ​ដោយ​លោក​ស៊ី ជីនភីង ក៏​ដូច​ជា​កត្តា​អ្នក​នយោបាយ​ក្នុង​ស្រុក​អូស្ត្រាលី ​ជា​មូលហេតុ​រុញ​ច្រាន​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ស្ថិត​ក្នុង​សភាព​បែប​នេះ។

កាល​ពី​ឆ្នាំ២០១៨ អូស្ត្រាលី​ក្លាយ​ជា​ប្រទេស​ទីមួយ​ ដែល​ហាម​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ 5G របស់​បណ្ដាញ​ទូរស័ព្ទ​ចិន Huawei ហើយ​កាល​ពី​ឆ្នាំ​មុន អំឡុង​ពេល​មាន​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ជា​សកល អូស្ត្រាលី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​អំពាវនាវ​ឱ្យ​ធ្វើ​ការ​ស្វែងរក​ប្រភព​នៃ​ជំងឺ​នេះ។

យ៉ាង​ណាមិញ ចិន​ឆ្លើយតប​ទៅ​អូស្ត្រាលី​វិញ តាម​រយៈ​ការ​ដំឡើង​ពន្ធ​ទំនិញ​មួយ​ចំនួន​ដូច​ជា ស្រា​ និង​គ្រឿង​សមុទ្រ​អូស្ត្រាលី ចំណែក​ឯ​អូស្ត្រាលី​វិញ ក៏​យក​រឿង​នេះ​ទៅ​ប្ដឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។

ក្រៅ​ពី​រឿង​ពាណិជ្ជកម្ម​នេះ​ កាល​ពី​ខែ​មេសា​កន្លង​ទៅ អូស្ត្រាលី​ប្រកាស​លុប​ចោល​គម្រោង​វិនិយោគ​របស់​ចិន​ចំនួន​ ២ នៅ​រដ្ឋ​ Victoria ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​បង្កើត​ដោយ​លោក​ ស៊ី ជីនភីង​ផ្ទាល់។ ការ​លុប​ចោល​នេះ​ អូស្ត្រាលី​ប្រាប់​ហេតុ​ត្រង់ៗ​តែ​ម្ដង​ថា «គម្រោង​នេះ​ប្រាសចាក​គោលនយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី» ខណៈ​រដ្ឋាភិបាល​នេះ​ប្រកាន់​យក​គោលជំហរ «តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ»។

ចិន​នៅ​ពេល​នោះ​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​របស់​ខ្លួន ចាត់​ទុក​អូស្ត្រាលី​ថា «ប្រកាន់​យក​ស្មារតី​សង្គ្រាម​ត្រជាក់»។

និយាយ​នៅ​ក្នុង​កម្មវិធី​អនឡាញ​មួយ ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ La Trobe ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ែលប៊ន មេដឹកនាំ​ទាំង​ពីរ​លើកឡើង​ស្រដៀង​គ្នា​ថា គោលនយោបាយ​ការ​បរទេស​ជំរុញ​ឱ្យ​មាន​ស្មារតី​ជាតិ​និយម​របស់​លោក​ស៊ី ជា​មូលហេតុ​ធំ​មួយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​បែប​នេះ។

លោក​ Turnbull ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​មក​ពី​គណបក្ស​សេរី​និយម និង​ដឹកនាំ​ប្រទេស​អំឡុង​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៨ មើល​ឃើញ​ថា ចិន​ប្រកាន់​យក​របៀប​របប​ការទូត​ «អ្នក​ចម្បាំង​ចចក»​ ព្រម​ទាំង​បញ្ចេញ​សកម្មភាព​គំរាមកំហែង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ធ្វើ​ឱ្យ​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ។

ទាក់ទិន​ជាមួយ​នឹង​អូស្ត្រាលី​ បុរស​វ័យ ៦៦ឆ្នាំ​រូប​នេះ​លើកឡើង​ថា «ចិន​ព្យាយាម​ដាក់​សម្ពាធ​ឱ្យ​អូស្ត្រាលី ដើម្បី​ឱ្យ​អូស្ត្រាលី​ធ្វើ​តាម​ចិន»។ លោក​យល់​ឃើញ​ថា គោលនយោបាយ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចិន​ខាត​បង់​វិញ​ទេ។

បន្ថែម​ពី​លើ​នេះ​ លោក​ Turnbull ជឿជាក់​ថា ហេតុផល​ដែល​លោក ស៊ី ជ្រើសរើស​ផ្លូវ​នយោបាយ​ការ​ទូត​នេះ ក៏​ព្រោះ​តែ​ចង់​ផ្គាប់​ចិត្ត​សាធារណមតិ​នៅ​ក្នុង​ស្រុក​ចិន​តែ​ប៉ុណ្ណោះ។

ចំណែក​ឯ​លោក Kevin Rudd ដែល​ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១០ និង​ម្ដង​ទៀត​នៅ​ឆ្នាំ២០១៣ លើកឡើង​ថា ចលនា​នយោបាយ​របស់​លោក​ ស៊ី ជីនភីង មាន​ភាព​ប្រែប្រួល​ខ្លាំង ដោយ​មាន​ការ​បង្កើន​ឱ្យ​ផ្នត់​គំនិត​ជាតិនិយម​នៅ​ក្នុង​គោលនយោបាយ​ការបរទេស​ចិន។

លោក​សង្កេត​ឃើញ​ថា ចិន​ហាក់​បី​ដូច​ជា​មាន​បំណង​ក្នុង​ការ​ប្រជែង​នឹង​សណ្ដាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ហើយ​ថែម​ទាំង​មាន​បំណង​ក្នុង​ការ​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់ តាម​រយៈ​កម្លាំង​ប្រដាប់​អាវុធ​ទៀត​ផង​។ លោក Rudd លើកឡើង​ថា ប្រសិន​បើ​ចិន​ធ្វើ​បែប​នេះ​មែន នោះ​ស្ថិរភាព​តំបន់ និង​ពិភពលោក​កំពុង​តែ​មាន​សព្វ​ថ្ងៃ​នឹង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង។

លើស​ពី​នេះ​ទៀត​ អ្វី​ដែល​កំពុង​ប៉ះ​ពាល់​ដល់​យុទ្ធសាស្ត្រ និង​សន្តិសុខ​ជាតិ​របស់​អូស្ត្រាលី​ដោយ​ផ្ទាល់​នោះ​គឺ ការ​រីកសាយ​ភាព​នៃ​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​តំបន់​ប្រជុំ​កោះ​ភាគ​ខាង​ត្បូង មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រូប​នេះ ដែល​សព្វ​ថ្ងៃ​ធ្វើ​ជា​ប្រធាន​វិទ្យាស្ថាន​គោលនយោបាយ​សង្គម​អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​ញូវយ៉ក។

ក្រៅ​ពី​កត្តា​កម្លាំង​នយោបាយ​ពី​ខាង​ចិន អតីត​នាយករដ្ឋមន្ត្រី​ទាំង​ពីរ ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ស្រដៀង​គ្នា​ថា អ្នក​នយោបាយ​អូស្ត្រាលី​ ដែល​កំពុង​តែ​កាន់​អំណាច​នៅ​ពេល​សព្វ​ថ្ងៃ​នេះ​ ក៏​ធ្វើ​ឱ្យ​ទំនាក់ទំនង​ចិន-អូស្ត្រាលី​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ។

កាល​ពី​ដើម​ឆ្នាំ២០២១ លោក Peter Dutton រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អូស្ត្រាលី​ព្រមាន​ត្រង់ៗ​នៅ​លើ​ទំព័រ​សារព័ត៌មាន​ អំពី​លទ្ធភាព​នៃ​ការ​កើត​ឡើង​សង្គ្រាម​នៅ​តៃវ៉ាន់។ រីឯ​លោក Mike Pezzullo រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​វិញ ប្រាប់​បុគ្គលិក​របស់​ខ្លួន​ថា ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ទាំង​អស់​ត្រៀម​ខ្លួន​នឹង​ស្នូរ «ស្គរ​សង្គ្រាម» ដែល​នឹង​កើត​ឡើង​ឆាប់ៗ​ខាង​មុខ​នេះ។

ទាក់ទិន​នឹង​ការ​លើកឡើង​ទាំង​នេះ​ដែរ លោក Rudd យល់​ពាក្យ​សម្ដី​បែប​នេះ​ជា «ភាសា​ខ្វះ​ទំនួល​ខុស​ត្រូវ​ធ្ងន់ធ្ងរ និង​ខ្វះ​ការ​ពិចារណា»។

លោក​លើកឡើង​ថា «ការ​និយាយ​បែប​នេះ​ ធ្វើ​ឱ្យ​បញ្ហា​ដែល​កំពុង​​នៅ​ស្ថានភាព ៥ លើ ១០ ទៅ​ជា​បញ្ហា​ដ៏​ធំ​មួយ​ជាមួយ​នឹង​ស្ថានភាព ៨ លើ ១០»។

លោក Turnbull វិញ​បន្ថែម​ពី​លើ​រឿង​នេះ​ថា ពាក្យ​សម្ដី​ទាំង​នេះ​ល្អ​មើល​ តែ​ក្នុង​ទំព័រ​មុខ​សារព័ត៌មាន​ទេ។ លោក​លើកឡើង​ថា «នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើម​ប្រើប្រាស់​បញ្ហា​ចិន ជា​ជំហរ​លេច​ធ្លា​សម្រាប់​លេង​នយោបាយ​ក្នុង​ស្រុក ឬ ជា​ការ​ពើង​ទ្រូង​ដើម្បី​បង្ហាញ​ថា​ខ្លួន​ឯង​ខ្លាំង នោះ​ជា​ការ​គិត​ខ្លី និង​ផ្ទុយ​ស្រឡះ​ពី​ផល​ប្រយោជន៍​ជាតិ​អូស្ត្រាលី»។

ជាមួយ​គ្នា​នេះ​ដែរ ទាំង​លោក​ Turnbull និង​លោក Rudd យល់​ថា អូស្ត្រាលី​គួរ​តែ​បញ្ចេញ​សកម្មភាព ជា​ជាង​ការ​និយាយ​ស្ដី។

អតីត​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​រូប​ក៏​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​អំពី​រឿង​រើសអើង​ពូជសាសន៍​ចិន ឬ ដើម​កំណើត​ចិន តាម​រយៈ​ពាក្យ​សម្ដី​របស់​អ្នក​នយោបាយ​អូស្ត្រាលី​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ ក្រោយ​ឃើញ​បទពិសោធន៍​ «ការ​ស្អប់​ខ្ពើម​ជនជាតិ​អាស៊ី» នៅ​សហរដ្ឋអាមេរិក អំឡុង​ពេល​ជំងឺ​រាតត្បាត​សកល​នេះ។

លោក Turnbull អំពាវនាវ​ថា គ្រប់គ្នា​ត្រូវ​បែងចែក​ឱ្យ​ដាច់​ថា គ្រប់​យ៉ាង​គឺ​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ចិន ហើយ​លើកឡើង​ថា «ប្រជាជន​ចិន​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​របស់​យើង​គឺ គ្រួសារ​អូស្ត្រាលី»៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner