ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកែប បង្ក្រាបក្រោយប្រព្រឹត្តបទល្មើសលួចគ្មានស្ថានទម្ងន់ទោស(លួចម៉ូតូ) នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

អត្ថបទដោយ៖
ហេង វណ្ណា

ខេត្តកែប ៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី13 ខែសីហា ឆ្នាំ2021 បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន 4នាក់ ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ទោស (លួចម៉ូតូ) ទៅសាលាដំបូងខេត្តកំពត។

គួរបញ្ជាក់ផងដែរថា ៖ ករណីខាងលើកើតឡើងកាលពីវេលាម៉ោង5 និង20នាទី ថ្ងៃទី10 ខែសីហា ឆ្នាំ2021 នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ក្រោយទទួលបានព័ត៌មានកើតឡើងនូវករណីនេះ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាដឹកនាំកម្លាំងដោយផ្ទាល់ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដោយសហការជាមួយកម្លាំងនគរបាលខេត្តកំពត អស់រយៈពេល 5ម៉ោង ក្រោយកើតហេតុ ក៏ស្ទាក់ចាប់ជនសង្ស័យបានចំនួន 1នាក់ ឈ្មោះ សឹង ពេជ្រ ភេទប្រុស អាយុ 25ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិ/ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប រួមនឹងវត្ថុតាងម៉ូតូចំនួន 1គ្រឿងម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ2014 ពាក់ផ្លាកលេខ ភ្នំពេញ-1CQ 2361 ដែលកំពុងធ្វើសកម្មភាពបើកម៉ូតូរត់គេចខ្លួន នៅភូមិសាស្ត្រក្រុង/ខេត្តកំពត រួចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីរកបក្សពួកដែលពាក់ព័ន្ធក្នុងករណីនេះ។

ក្រោយពីអនុវត្តនីតិវិធីជំនាញយ៉ាងល្អិតល្អន់ នៅព្រឹកថ្ងៃទី11 ខែ ឆ្នាំដដែល កម្លាំងនគរបាលនៃការិយាល័យជំនាញសហការជាមួយនគរបាលក្រុងកែប បានចុះនាំខ្លួនមុខសញ្ញាសង្ស័យ ចំនួន 3នាក់ បន្ថែមទៀតរួមមានឈ្មោះដូចខាងក្រោម០
1/ លឹម ណុំ ភេទប្រុស អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/សង្កាត់អូរក្រសារ ក្រុងកែប។
2/ ខែម វី ភេទប្រុស អាយុ25ឆ្នាំ មុខរបរមិនពិតប្រាកដ។
3/ ទូច កែវ ភេទប្រុស អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង2នាក់ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។

បច្ចុប្បន្នជនសង្ស័យទាំង4នាក់ ខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពត រួចហើយនិងកំពុងអនុវត្តនីតិវិធីច្បាប់បន្ត ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner