លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រកុំឱ្យខ្មែរភ្លេចខ្លួន»

ភ្នំពេញ: ក្រោយលើកទ័ពចូល លុកលុយនិងកាន់កាប់អស់រយៈពេល ២០ឆ្នាំក្រោមលេសធ្វើ សង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជននិងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្គានីស្ថានវិញដោយទុកឱ្យប្រជាជននៃប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។ 

ក្រុមតាលីបង់ដែលអាមេរិកបានធ្វើ សង្គ្រាមប្រឆាំងអស់រយៈពេលពីរទសវត្សរ៍ក៏បានវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗមកវិញហើយកំពុងរុលចូលទៅកាន់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់អាហ្វហ្កានីស្ថាន។ រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេសបានបង្ហាញឱ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្គានីស្ថានយ៉ាងប្រសេចប្រសាចក្រោមស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។ 

អ្វីដែលគួរឲ្យអណោចអាធ័មបំផុតនោះ គឺស្ត្រី និងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹកនិង

ចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយ សង្គ្រាម, រូបភាព មនុស្សរងរបួស និងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិក

ជាទីពឹងអស់រយៈពេល២០ឆ្នាំ។ សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាល ពីអតីតកាល និងធ្លាប់ ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុតនិងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។ 

សោកនាដកម្មដែល កំពុងកើតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលនេះមិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែ «វាគឺជាការដើរជាន់ដានចាស់របសសហរដ្ឋអាមេរិក»តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ក៏ដូចជាមនុស្សជាច្រើនទៀតនៅក្នុងពិភពលោក ពិតជានៅចងចាំបាននូវ «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកម្ពុជានិងវៀតណាមកាលពីកន្លះសតវត្សរ៍កន្លងទៅ»។ 

កាលណោះ សហរដ្ឋអាមេរិកដែលនៅពី ក្រោយរបបសាធារណរដ្ឋខ្មែរដឹកនាំដោយសេនាប្រមុខ លន់ នល់ បានជួយឲ្យរបបនេះបានកាន់អំណាចក្រោយពីធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃ ១៨ មីនា ១៩៧០។ ប៉ុន្តែ ៥ឆ្នាំក្រោយមក ស្រាប់តែអាមេរិកបានដោះដៃចេញពីកម្ពុជាដោយទុកឲ្យរបបខ្មែរក្រហមវាយដណ្តើមយកជ័យជំនៈ លើរបប លន់ នល់ ហើយបានចូលកាន់កាប់អំណាចនៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥។ រូបភាពប្រទេសកម្ពុជា នៅពេលនោះ គឺដូចគ្នាបេះបិតនឹងអ្វីដែលបាន និងកំពុងកើតមាននៅអាហ្វហ្គានីស្ថាននាពេលនេះដែរ។ ពួក ប៉ុល ពត បានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាងពីរលាននាក់ក្រោមក្រសែភ្នែកមិនអើពើរបស់សហគមន៍អន្តរជាតិ។ 

ជាភ័ព្វសំណាងប្រជាពលរដ្ឋខ្មែរបានរួចរស់ជីវិត និងបានស្គាល់សុខសន្តិភាពដូចបច្ចុប្បន្ន ដោយ សារចលនារណសិរ្ស ២ធ្នូ ១៩៧៨ និងជ័យជម្នះ ៧ មករា ១៩៧៩ កុំអីខ្មែរ ប្រហែលជាដាច់ពូជពីភពផែនដីបាត់ទៅហើយ។ ឥឡូវនេះ កន្លះសតវត្សរ៍ក្រោយមក រូបភាពដូចគ្នានេះ ក៏បាននិងកំពុងកើតឡើងវីញជាថ្មីនៅលើទឹកដីអាហ្វហ្គានីស្ថាន។ 

ក្រោមហេតុផលនៃការតាមប្រម៉ាញ់បណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ សហរដ្ឋអាមេរិកក៏បានលើកទ័ពធ្វើសង្គ្រាមចូលលុកលុយប្រទេសអាហ្គានីស្ថានកាលពីឆ្នាំ២០០១ ដោយបានផ្តួលរំលំរបបតាលីបង់ ហើយបានបង្កើតរបបដឹកនាំថ្មីមួយដែលខ្លួនគិតថាមានប្រជាធិបតេយ្យនិងការគោរព សិទ្ធិមនុស្ស។ ប៉ុន្តែ រយៈពេល២០ឆ្នាំនៃការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកមិនបានកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនប្រទេសនេះ

ដូចដែលខ្លួនបានអះអាងនោះឡើយ។ សូម្បីតែការអភិវឌ្ឍន៍ប្រទេសនេះក៏អាមេរិកមិនបានអើពើដែរ។ 

២០ ឆ្នាំក្រោយមក ដោយយល់ឃើញថា ខ្លួនគ្មានលុយសម្រាប់ចំណាយទៅលើសង្គ្រាមនេះទៀតទេ និងដោយយល់ឃើញថាប្រទេសនេះគ្មានប្រយោជន៍ទៀតឡើយ អាមេរិកក៏បាន ដោះដៃចោលអាហ្វហ្គានីស្ថានដោយទុកឲ្យពួកសកម្មប្រយុទ្ធតាលីបង់វាយលុកចូលកាន់កាប់ជាថ្មី ហើយប្រហែលជាមិនយូរប៉ុន្មានទៀតទេ រដ្ឋាភិបាលទីក្រុងកាប៊ុលដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនឹងដួលរលំ។

តើប្រជាជនអាហ្វហ្គានីស្ថានបានទទួលអ្វីខ្លះពីរដ្ឋាភិបាលដែលបន្តុបឡើងដោយសហរដ្ឋអាមេរិក? តើឯណាទៅប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថានបន្ទាប់ពីស្ថិតក្នុងកណ្តាប់ដៃអាមេរិកអស់រយៈពេល២០ឆ្នាំ? ទាំងនេះគឺជាសំណួរដែល ពិពភលោកទាំងមូលកំពុងចោទសួរ។ 

សំណួរនេះពិតជាមានអត្ថន័យណាស់សម្រាប់មនុស្សជាតិ នៅលើភពផែនដី ជាពិសេសនៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយរបស់មហាអំណាចដែល បញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សតែងតែត្រូវបានគេលើកមកធ្វើជាលេសសម្រាប់ធ្វើបាបប្រទេសទន់ខ្សោយ។

ម្យ៉ាងវីញទៀត ប្រសិន បើបញ្ហាសិទ្ធមនុស្សនិងប្រជាធិបតេយ្យ ពិតជាតំលៃស្នូលរបស់សហរដ្ធអាមេរីកដូចការពើងទ្រូងអះអាងមែននោះ គឺអាមេរីកពិតជាមិនដកទ័ពនិងបោះបង់ប្រជាជនអាហ្វហ្កានីស្ថានចោលនោះទេ។ ប៉ុន្តែការដកទ័ពចេញពីអាហ្គានីស្ថាននេះ គឺអាចថា អាមេរិកកំពុងប្រើយុទ្ធសាស្ត្រ «ព្រួញមួយបាញ់យកចាប៣» ពោល គឺ អាមេរិកកំពុងបង្វែរសមរភូមិទៅទប់ជាមួយរុស្ស៊ីផងទប់ជាមួយចិនផង និងបំពេញចិត្តពួកអឺរ៉ុបផង៖

ទី១៖ អាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន ហើយយកទៅពង្រាយនៅជិតតំបន់ Crimée/Crimea ដើម្បីគំរាម និងទប់រុស្ស៊ីក្នុងករណីរុស្សីវ៉ៃយកប្រទេស៣ នៅតំបន់បាល់ទីក ដែលជាអតីតរដ្ឋចំណុះ អតីតសហភាពសូវៀត  ហើយដែលបានផ្តាច់ខ្លួនចេញទាមទារឯករាជ្យមុនគេហើយ

ទី២៖ ការដាក់ពង្រាយទ័ពនៅជិតតំបន់ Crimée/Crimea នេះ ក៏អាចនឹងទទួល បាននូវសមានចិត្តខ្លះពីពួកអឺរ៉ុបផងដែរ

ពីព្រោះពួកអឺរ៉ុបបារម្ភខ្លាចសង្គ្រាមផ្ទុះម្តងទៀតចេញពីទឹកដីរបស់ខ្លួន។

ទី៣៖ ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន គឺ អាមេរីកបានដឹងច្បាស់ណាស់ថា ខ្លួនពិតជាមិនអាចយកឈ្នះសង្គ្រាមលើពួកតាលីបង់នេះបានទេ ហើយម៉្យាងវីញទៀត ពួកតាលីបង់នេះ ក៏ជាអ្នកគាំទ្រពួក Uighur នៅតំបន់ស៊ីនជាំងដែលអាមេរីកកំពុងប្រើប្រាស់ជាលេសដើម្បីចោទប្រកាន់និងប្រឆាំងទីក្រុងប៉េកាំងដែរ។ 

ដូច្នេះ ជោគវាសនារបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជា ប្រទេសផ្សេងៗទៀតដែរ មិនមែនជារឿងធំដុំនោះឡើយ

សម្រាប់សហរដ្ឋ អាមេរិក។ កម្ពុជា និងវៀតណាមកាលពីអតីតកាល និងអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជាប្រទេសតែ៣គត់ដែលបានទទួលមេរៀនដ៏ជូរចត់បែបនេះនោះទេ។ នៅមានប្រទេសជាច្រើនទៀត ដែលបានភ្លក់រសជាតិ នៃការលើកទ័ពវាយលុកចូលពីសំណាក់សហរដ្ឋ អាមេរិកនិងសម្ព័ន្ធមិត្តក្រោមហេតុផលផ្តួលរំលំរបបផ្តាច់ការ ហើយនាំមកនូវប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនដល់ប្រទេសទាំងនោះ។ ប្រទេសទុយនេហ្ស៊ី, អ៊ីរ៉ាក់, លីប៊ី, ស៊ីរី និងអេហ្សីបសុទ្ធសឹងជាឧទាហរណ៍យ៉ាងជាក់ស្តែងបំផុតដែលទទួលរងគ្រោះនារយៈពេលចុងក្រោយនេះ។

ក្រោយការលើកទ័ពឈ្លានពានដោយត្រង់ៗ ឬក្រោមការ

គាំទ្រចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំ រដ្ឋាភិបាលចាស់

ហើយលើកបន្តុបរដ្ឋាភិបាលថ្មី បណ្តាប្រទេសទាំងនោះ

បានធ្លាក់ចូលក្នុងសភាពយ៉ាប់យ៉ឺននិងខ្ទេចខ្ទាំលើសដើម។ វាមិនខុសអ្វីពីសុភាសិតចាស់បូរាណថា«ប្រាក់ក៏បង់ថង់ក៏ដាច»នោះឡើយមានន័យថា «ប្រទេសក៏ខ្ទេចខ្ទី រីឯ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក៏គ្មាន»ដែរ។ 

ពេលនេះ សំណួរដែលគេផ្តោតការយកចិត្តទុកដាក់បំផុតនោះគឺ តើប្រជាជនអាហ្វហ្គានីស្ថាននឹងមានជោគវាសនាទៅជាយ៉ាងណា? ហើយតើអ្នកណាជាអ្នក ទទួលខុសត្រូវចំពោះសោកនាដកម្មនេះ? ដោយផ្អែកលើ បទពិសោធន៍

ប្រវត្តិសាស្ត្រ ប្រជាជនអាហ្វហ្គានីស្ថាននឹងធ្លាក់ក្នុងសភាពរងទុក្ខវេទនាគ្មានទីបញ្ចប់ ហើយក៏គ្មានអ្នកណា ទទួលខុសត្រូវដែរ។សហគមន៍អន្តរជាតិបានត្រឹមតែសោកស្តាយ និងបានត្រឹមនិយាយតែមាត់ ប៉ុន្តែ ក៍មិនអាចជួយអ្វីដល់ប្រជាជននិងប្រទេសអាហ្វហ្គានីស្ថានបានឡើយ។ មានតែប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងប៉ុណ្ណោះដែលជាអ្នកកំណត់ជោគវាសនាខ្លួនដោយខ្លួនឯង។ 

តាមរយៈបទពិសោធន៍កាលពីអតីតកាល និងក៏ដូចជាអ្វីដែល ប្រទេសអាហ្វហ្គានីស្ថានកំពុងជួបប្រទេសនាពេលនេះ គេអាចទាញសេចក្តីសន្និដ្ឋានបានយ៉ាងច្បាស់លាស់ថា «អ្នកនយោបាយនិងប្រជាពលរដ្ឋនៃប្រទេសនីមួយៗត្រូវរួមគ្នាដើម្បីកំណត់ជោគវាសនារបស់ខ្លួនដោយមិនត្រូវធ្វើនយោបាយពឹងផ្អែកលើបរទេស នោះឡើយ»។ «អ្នកនយោបាយ និងមេដឹកនាំដែលឆ្លាតគឺជាអ្នកដែលចេះកសាងមិត្តជាមួយបរទេសគ្រប់ទិសទី ហើយចេះទាញយកប្រយោជន៍ពីបរទេសដើម្បីមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិរបស់ខ្លួនតែមិនធ្វើជារណបឬជាអាយ៉ង កូនអុកបរទេសឡើយ»។ «រីឯអ្នកនយោបាយណាដែលស្ថិតក្រោមខ្សែញាក់របស់បរទេស ហើយតែងតែ ពឹងបរទេសឲ្យជួយផ្តួលរំលំរដ្ឋាភិបាល បច្ចុប្បន្នដើម្បីលើកបន្តុបខ្លួនជាមេដឹកនាំក្រោមលេស «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» គឺជាអ្នកនយោបាយដែលអន់បំផុត, ល្ងង់បំផុត និងមិនបានរៀនសូត្រអ្វីសោះពីប្រវត្តិសាស្ត្រ»។ 

នេះជាអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវចងចាំទុកជាមេរៀនប្រវត្តិសាស្ត្រជានិច្ចនិងមិនត្រូវភ្លេចខ្លួនឡើយ៕

ដោយសាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសកលវិទ្យាល័យកំពង់ចាម

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner