ក្រុមតាលីបង់ជួបជាមួយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន ចំពេលមានការខិតខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី
កាប៊ុល៖ ក្រុមតាលីបង់ នៅថ្ងៃពុធសប្តាហ៍នេះ បានជួបជាមួយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ហាមីដ កាហ្សៃ ខណៈដែលក្រុមនេះកំពុងស្វែងរកការបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។
កិច្ចប្រជុំរវាងក្រុមតាលីបង់ និងអតីតមេដឹកនាំអាហ្វហ្គានីស្ថាននេះបានមានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមយកតំបន់ភាគច្រើននៃប្រទេសនេះ រួមទាំងរដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ បន្ទាប់ពីការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានរួចមក ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមានបំណងបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នាមួយនៅអាហ្វហ្គានីស្ថាន ហើយមិនចង់មានសត្រូវខាងក្នុង ឬខាងក្រៅណាមួយឡើយ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក កាហ្សៃ ដែលឡើងកាន់មុខតំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថានកាលពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៤ នោះ កន្លងមកក៏ធ្លាប់បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការផ្ទេរអំណាចដោយសន្តិវិធីនៅអាហ្វហ្គានីស្ថានផងដែរ៕ ប្រភព៖ ស៊ីនហួរ


