ទំនាស់រវាងម្ចាស់ តូបផ្សារសាមគ្គី និងអាជីវករ ៣២គ្រួសារត្រូវបញ្ចប់ ខណៈដែលផ្សារនឹងត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យកាន់តែល្អ

កំពត ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជួបប្រជុំជាមួយម្ចាស់តូបដើមបណ្ដឹង និងអាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្តកំពតចំនួន ៣២គ្រួសារ ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហាពាក់ព័ន្ធការប្ដឹងផ្ដល់ចូលដល់តុលាការអូសបន្លាយយូរឆ្នាំមកហើយ។
តាមកំណត់ហេតុការដោះស្រាយកន្លងមកបញ្ជាក់ថា បញ្ហាពាក់ព័ន្ធតូបលក់ដូរនៅក្នុងផ្សារសាមគ្គីទីរួមខេត្តកំពតនេះ មានការដាក់ពាក្យប្ដឹងពីម្ចាស់តូបជួលទៅលើអាជីវករជួលតូបទាំងចំនួន ៣២គ្រួសារ ទៅស្ថាប័នតុលាការ និងមានការអូសបន្លាយយូរឆ្នាំមកហើយ។

ដោយមានសំណូមពរឲ្យជួយអន្តរាគមន៍សម្របសម្រួលពីអាជីវករទាំង ៣២នាក់ រដ្ឋបាលខេត្តកំពតក្រោមកិច្ចជួយអន្តរាគមន៍ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ជាវ តាយ ដើម្បីសម្របសម្រួលជូនភាគីទំនាស់ទាំងពីរខាងលើ ឲ្យដោះស្រាយក្រៅប្រព័ន្ធតុលាការផ្អែកតាមយុទ្ធសាស្ត្រឈ្នះឈ្នះ ច្រើនលើកមកហើយ តែគ្មានលទ្ធផល។

ដោយឡែកសម្រាប់ជំនួបដោះស្រាយព្រឹកនេះ ភាគីទាំងពីរបានយល់ព្រមឯកភាពគ្នា តាមការសម្របសម្រួលរបស់ឯកឧត្តមអភិបាលខេត្ត រួមមាន ទី១-អាជីវករយល់ព្រមទទួលការបង់ប្រាក់៥ពាន់ដុល្លារផ្ដាច់ជូនម្ចាស់តូបដើមបណ្ដឹងតាមរយៈរដ្ឋបាលក្រុងកំពតរៀបចំឯកសារជូន ។ ទី២-ដើមបណ្ដឹងត្រូវតែដកពាក្យបណ្ដឹងលើអាជីវករទាំងនោះចេញពីស្ថាប័នតុលាការ ទើបទទួលបានប្រាក់ពីអាជីវករទាំង ៣២គ្រួសារ ។ ទី៣-អាជីវករត្រូវបង់ប្រាក់ឱ្យគ្រប់ចំនួន ៥ពាន់ដុល្លារតែមួយដងគត់នៅថ្ងៃទី១០ ឬយ៉ាងយូរថ្ងៃទី១៥ ខែកញ្ញា ២០២១នេះ ។ ទី៤-ការជួសជុលដំបូលតូបរដ្ឋបាលខេត្ត និងជំរុញការសាងសង់ជួសជុលជូន ប៉ុន្តែមានការចូលរួមបដិភាគពីអ្នកវិនិយោគទុនផ្សារសាមគ្គីនេះចំនួន២៥០០ដុល្លារផងដែរ ។

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តបានណែនាំដល់អ្នកវិនិយោគផ្សារ និងអាជ្ញាធរក្រុងកំពតត្រូវសហការគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យបាលល្អប្រសើរ ទាំងកន្លែងផ្ញើកង់ម៉ូតូ រថយន្ត និងការលក់ដូរ ពិសេសរៀបរយការលក់ដូរតាមចិញ្ចឹមផ្លូវជុំវិញផ្សារជាដើម ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner