CAMSOC ដាក់ចេញទិសដៅសំខាន់ៗត្រូវអនុវត្តបន្តឆមាសទី២ ក្នុងឆ្នាំ២០២២ ដើម្បីសម្រេចជោគជ័យស៊ីហ្គេម នៅកម្ពុជា

គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC នាព្រឹកថ្ងៃអង្គារ ទី២៤ ខែ សីហានេះ បានបន្តដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារតាមប្រព័ន្ធហ្សូម ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូបញ្ជាក់ ក្រោយកិច្ចប្រជុំថា នេះជាកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ ក្រោយពីបញ្ចប់សន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ដល់គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិ ដើម្បីអនុវត្តនូវផែនការដែលបានសម្រេច នៅក្នុងសន្និបាត បានដាក់ចេញដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការ CAMSOC ។ ឯកឧត្តម បានគូបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ ឯកឧត្តម ថោង ខុន បានយកនូវលទ្ធផល នៃសន្និបាត និងអនុសាស្រ្តសំខាន់ៗរបស់សម្តេចពិជ័យសេនា បាននែនាំមកបញ្ជាក់បន្ថែម ដើម្បីជម្រុញយន្តការអនុវត្តទៅតាមអ្វីដែលបានចែង និងកំណត់នៅក្នុងសន្និបាត ដើម្បីឲ្យគណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិជ្រូតជ្រាបពីអត្ថន័យខ្លឹមសារជម្រុញយន្តការអនុវត្តសម្រាប់ឆមាសទី២ ។


ឯកឧត្តម អគ្គលេខាធិការ បានអះអាងទៀតថា ឆមាសទី២នេះ គ្រប់គណៈកម្មការទាំងអស់ ត្រូវដាក់ចេញផែនការច្បាស់លាស់ និងស៊ីជម្រៅដោយការទទួលខុសខ្ពស់ តាមគោលការណ៍របស់ថ្នាក់ដឹកនាំ ចំពោះអ្វីដែលនៅសេសសល់ត្រូវរៀបចំសុំគោការណ៍ឲ្យរួចរាល់ ក្នុងដំណាក់កាលឆមាសទី២ ឆ្នាំ២០២២ ពិសេសគឺរៀបចំគម្រោងគោលការណ៍ចំណាយឲ្យបានម៉ត់ចត់បំផុត ចំពោះគណៈកម្មការជំនាញនីមួយៗ ។


សូមបញ្ជាក់ថា សម្រាប់ផែនការឆមាសទី២ ឆ្នាំ២០២២ ដែលជាយន្តការអនុវត្តបន្ត ឆ្ពោះទៅរកភាពជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការ CAMSOC នឹងបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនូវវឌ្ឍនៈភាពការងារ ជារៀងរាល់សប្តាហ៍ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner