អង់គ្លេសស្នើដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តជួយសម្រួលផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាពរបស់ពលរដ្ឋអង់គ្លេសនៅកម្ពុជា

ការស្នើនោះធ្វើឡើងដោយ ឯកអគ្គរាជទូតអង់គ្លេសស្តីទីប្រចាំកម្ពុជា លោក Marc Thayre ក្នុងពេលជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០២១។

ក្នុងជំនួបនោះ តំណាងស្ថានទូតអង់គ្លេស លោក Marc Thayre បានលើកឡើង អំពីកិច្ចសហការល្អនាពេលកន្លងមក និងលោកបានស្នើដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តជួយផ្តល់កិច្ចសហការ និងការសម្រួលផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាពរបស់ពលរដ្ឋអង់គ្លេសនៅកម្ពុជា ពិសេសការជាប់គាំងក្នុងអំឡុងពេល នៃការរីករាលដាលជម្ងឺកូវីដ-១៩ និងការផ្តល់ព័ត៌មានពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្ថានទូតយកទៅបន្តផ្សព្វផ្សាយជូនពលរដ្ឋរបស់ខ្លួន នៅក្រោយវិបត្តិកូវីដ-១៩ ជាដើម។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានជម្រាបជូនតំណាងស្ថានទូតអង់គ្លេសថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ បានផ្តល់ការយកចិត្តទុកដាក់ និងការសម្រួលដល់ជនបរទេសទូទៅ ក៏ដូចជាពលរដ្ឋអង់គ្លេស ដែលកំពុងជាប់គាំងនៅក្នុងប្រទេសកម្ពុជា ដោយវិបត្តិជម្ងឺកូវីដ-១៩នេះ ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពលំអិត ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ប្រសិនបើស្ថានភាពជម្ងឺកូវីដ-១៩ មានភាពប្រសើរឡើង។ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានឯកភាពគ្នា បន្តកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរ និងជិតស្និទ្ធថែមទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner