មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ធ្វើពិធីសែន​ព្រេន​​សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីកាប់ឆ្ការ ត្រួសត្រាយព្រៃ សម្អាត​បរិវេណប្រាសាទព្រហ្មកិល និងស្ពានទ័ព

អត្ថបទដោយ៖
ជា សេឌី

 លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រី នគរបាលការពារបេតិកភណ្ឌខេត្ត និងបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញប្រាសាទ បានអញ្ជើញចូលរួមធ្វើពិធីសែនព្រេន សុំសេចក្តីសុខ ម្ចាស់ទឹកម្ចាស់ដី ដើម្បីកាប់ឆ្ការត្រួសត្រាយព្រៃសម្អាតបរិវេណ ប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប។    វប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានអោយដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ថា ការកាប់ឆ្ការត្រួសត្រាយព្រៃ សម្អាតបរិវេណបុរាណដ្ឋាននេះ គឺបានទទួលការជួយឧបត្ថម្ភជំនួយ ពី “កិច្ចសហប្រតិបត្តិការណ៍អាល្លឺម៉ង់(GIZ) តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ជាពិសេសការយកចិត្តទុកដាក់និងជួយគាំទ្រពេញទំហឹង ពីឯកឧត្តម អភិបាលខេត្ត  ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ របស់ខេត្ត លើគម្រោង “ស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវិត ១៩” ហើយនេះជាគម្រោងទី២ ក្នុងចំណោមគម្រោងចំនួន៣ ដែលអនុវត្ត   ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត  ដើម្បីលើកតម្លៃ និងកែលម្អសោភ័ណភាពនៅជុំវិញបុរាណដ្ឋានប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលជាតំបន់រម្មណីយដ្ឋានប្រវត្តិសាស្ត្រ និងសម្បត្តិបេតិកណ្ឌវប្បធម៌របស់យើងទាំងអស់គ្នា។

តាមរយៈប្រវត្តិសាស្ត្រ និងបុរាណវិទ្យា ស្ពានទ័ពគឺជាស្ពានបុរាណដែលធ្វើពីថ្មបាយក្រៀម និងមានក្បាច់លម្អ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ ជើងទម្រនាគធ្វើពីថ្មភក់ ហើយមានទំហំធំ (ទទឹង១៦.៨០ម បណ្តោយ ១៥១ម កំពស់១០ ម) និងវែងជាងគេនៅក្នុងប្រទេសកម្ពុជា ដែលសាងឡើងនៅសម័យអង្គរ ស្ថិតនៅរចនាបថបាយ័ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ នៅតាមបណ្តោយផ្លូវបុរាណដ៏សំខាន់ដែលចេញពីអតីតរាជធានីអង្គរ ឆ្ពោះទៅកាន់ប្រាសាទភិមាយ (វិមាយបុរៈ) ស្ថិតនៅប្រទេសថៃ បច្ចុប្បន្ន។  ក្នុងនោះប្រាសាទព្រហ្មកិលក៏ជាប្រាសាទមួយដែលសាងសង់នៅជិតស្ពានទ័ពក្នុងរជ្ជកាលស្តេចជាមួយគ្នា ដែលមានតួនាទីជាហោរបន់ស្រន់នៃសាលាសំណាក់សម្រាប់អ្នកធ្វើដំណើរសម័យបុរាណ ពីគ្រប់ទិសទីចូលគោរពបូជានិងសុំការស្នាក់អាស្រ័យនៅទីនោះមុនបន្តដំណើរទៅមុខ។

នាពេលកន្លងមក និងពេលបច្ចុប្បន្ន នេះ តំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្ត ទាំងពីរនេះកំពុងទទួលនូវការចាប់អារម្មណ៍ពីអ្នកទេសចរណ៍ និងអ្នកស្រាវជ្រាវជិតឆ្ងាយ ដោយសារតែទឹកដៃសិល្បៈសាងសង់ដ៏ប៉ិនប្រសប់ រួមនិងក្បូរក្បាច់រចនា ប្រកបដោយភាពច្នៃប្រឌិតនៃបុព្វបុរខ្មែរ ហើយនិងគួបផ្សំជាមួយបរិស្ថានដ៏ស្រស់បំព្រងដែលនៅជុំវិញតំបន់នេះផងដែរ៕​

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner