បុត្រាសម្ដេច ស ខេង បញ្ជាក់ថា វត្តមានសម្តេចក្រឡាហោម ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ

ការបញ្ជាក់របស់បុត្រាសម្ដេចក្រឡាហោម ស ខេង គឺលោកស សុខា បានធ្វើឡើង ក្រោយពីទណ្ឌិតសម រង្សី និងបក្សពួកបានផ្សព្វផ្សាយថា វត្តមានសម្ដេចក្រឡាហោម នៅប្រទេសបារាំងគឺបានចូលរួមជាមួយចលនាខុសច្បាប់របស់ខ្លួន។ លោកស សុខា នៅថ្ងៃទី៣០សីហាឆ្នាំ២០២១បានបញ្ជាក់ថា វត្តមានសម្តេចក្រឡាហោម ស ខេងទៅប្រទេសបារាំង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួបជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ នោះឡើយ ។

ចំពោះការលើកឡើងទាំងមិនពិត របស់អ្នកនយោបាយទាំងនោះ វាគ្រាន់តែជាការប្រឌិតឡើងដើម្បីបំភាន់មតិជាតិ និងអន្តរជាតិ សំដៅកេញចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួកប៉ុណ្ណោះ ពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ពោលគឺផ្ទុយពីអ្វីដែលថ្នាក់ដឹកនាំ ក៏ដូចជា សាធារណជន បានធ្វើ និងមើលឃើញជាក់ស្តែង។

លោកស សុខា បានបន្តថា ក្រៅពីនោះ ការលើកឡើងរបស់អ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ សំដៅមុតស្រួចក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បាន និងកំពុងប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីផ្ទៃក្នុងយ៉ាងរឹងមាំ ពោលគឺមិនមែនអ្នកណាម្នាក់ ឬក្រុមណាមួយ អាចបំបែកបំបាក់ផ្ទៃក្នុងបានឡើយ ។ លោកស សុខា បានចាត់ទុកទង្វើរបស់អ្នកនយោបាយ ដែលធ្វើគ្រាន់តែដើម្បីមហិច្ឆតាផ្ទាល់ខ្លួនរស់ទោះអ្នកដទៃស្លាប់ក៏ដោយចុះបែបនោះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចរិកអ្នកនយោបាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងចេតនាទុច្ចរិតដដែលៗ បំភ្លៃរឿងមិនពិត ប្រឌិតបំពុលសង្គម និងបរិយាកាសនយោបាយនៅកម្ពុជា ជាពិសេសបាននិងកំពុងតែមួលបង្កាច់ទម្លាក់កំហុសយ៉ាងពិសពុលលើសម្តេចក្រឡាហោម ស ខេង ផងដែរ។

លោកស សុខា បានអំពាវនាវឲ្យសាធារណជនទាំងអស់ កុំឲ្យជឿលើការលើកឡើង នៃក្រុមអ្នកនយោបាយអាត្មានិយម ដែលក្នុងចិត្តគំនិតគិតតែពីចង់បានអំណាច ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ដោយមិនគិតពីផលប្រយោជន៍ជាតិរួម មិនយកការពិតជាមូលដ្ឋាន នោះឲ្យសោះ។ ជាមួយគ្នានោះ លោកស សុខា បានប្រដៅទៅទណ្ឌិត សម រង្សី និងបក្សពួកថា ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វើជាគំរូវិជ្ជមាន សម្រាប់អ្នកនយោបាយជំនាន់ក្រោយរៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វើប្រជាភិថុតិយុវជន ប្រជាជន។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner