បុរីភ្នំពេញថ្មី ក្រុងពិលីបុកគ្រឹះបើកការដ្ឋាន និងបើកលក់គម្រោងទី១៤ របស់ខ្លួន គឺគម្រោង “រ៉េឌានផាក ឬ Radiant Park” ក្នុងតំបន់ដ៏មានសក្ដានុពល លើផ្លូវក្រវាត់ក្រុងទី២ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ

ភ្នំពេញ ៖ បុរីភ្នំពេញថ្មី បានប្រារព្ធពិធីក្រុងពាលីបុកគ្រឹះសាងសង់ និងបើកលក់គម្រោងទី១៤ របស់ខ្លួន គឺគម្រោង “រ៉េឌានផាក ឬ Radiant Park” ជាផ្លូវការហើយ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ ។ គម្រោងថ្មីនេះ មានទីតាំងស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៦០ម៉ែត្រ) ដែលជាតំបន់ដ៏មានសក្ដានុពល នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់បុរីភ្នំពេញថ្មី បានបញ្ជាក់ថា គម្រោងថ្មីនេះ សាងសង់ឡើងនៅតំបន់ដ៏មានសក្ដានុពល ដោយមានគម្រោងធំៗជាច្រើន ពិសេសស្ថិតលើផ្លូវក្រវាត់ក្រុងទី២ ដែលកំពុងមានការអភិវឌ្ឍខ្លាំងលើគ្រប់វិស័យ ពិសេសវិស័យលំនៅឋាន ហើយទីតាំងគម្រោង “រ៉េឌានផាក” ផ្ទាល់ គឺងាយស្រួលក្នុងការធ្វើដំណើរចេញ-ចូលក្រុង និងអាចធ្វើដំណើរទៅផ្លូវជាតិលេខ២ លេខ៣ ឬផ្លូវជាតិលេខ៤ ជាមួយផ្លូវធំៗដ៏ច្រើនខ្វាត់ខ្វែងទៀតផង ។

លោករំពឹងថា គម្រោងថ្មីនេះ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន មិនចាញ់គម្រោងមុនៗឡើយ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ ព្រោះអតិថិជនរបស់ខ្លួន ភាគច្រើនគឺទិញសម្រាប់ស្នាក់នៅ និងជឿជាក់លើគុណភាពបុរី ជាក់ស្ដែងមុនដំណើរការបុកគ្រឹះសាងសង់ និងលក់ផ្លូវការថ្ងៃនេះ បុរីបានបើកលក់ក្រៅផ្លូវការប្រហែល ១សប្ដាហ៍ ហើយរហូតមកទល់ថ្ងៃទី២៩ ខែសីហានេះ មានអតិថិជនបានកក់ទិញជាង ២០% ឬប្រមាណ ៧០ផ្ទះហើយ នៃចំនួនផ្ទះសរុបជិត ៣០០ផ្ទះ ។

ក្នុងឱកាសបើកលក់ផ្លូវការគម្រោង “រ៉េឌានផាក” នេះដែរ បុរីភ្នំពេញថ្មី នឹងមានលក់បញ្ចុះតម្លៃពិសេសរហូតដល់ ៥,០០០ដុល្លារ បូកបន្ថែមការបញ្ចុះតម្លៃ ៣% ថែមទៀតផង ។ មិនតែប៉ុណ្ណោះ ដើម្បីសម្រួលអតិថិជន ក្នុងបរិបទកូវីដ-១៩ បុរីក៏បានសម្រួលនូវការលក់ជាមួយលក្ខខណ្ឌជាច្រើនផងដែរ ទាំងការបង់រំលោះ បង់ដំណាក់កាល និងបង់ផ្ដាច់ជាដើម ។ អ្វីដែលពិសេស គឺមានតម្លៃសមរម្យ ដែលអតិថិជននឹងទទួលបានឱកាសចំណេញច្រើន នៅពេលចង់លក់ចេញវិញនាថ្ងៃអនាគត ។

សូមបញ្ជាក់ថា គម្រោងទី១៤ របស់បុរីភ្នំពេញថ្មីខាងលើ នឹងសាងសង់លើផ្ទៃដីជាង ៧ហិចតា ដែលមានប្រភេទផ្ទះល្វែង និងវីឡាសរុប ២៩៧ផ្ទះ ហើយមានតម្លៃចាប់ពី ២១ម៉ឺនដុល្លារឡើងទៅ ។ គម្រោងលំនៅឋានស្ដង់ដារអឺរ៉ុបនេះ សាងសង់ឡើងប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព និងមានផាកសុខភាពខ្ពស់ ពិសេស “រ៉េឌានផាក” គឺជាគម្រោងដំបូង ដែលបុរីនឹងសាងសង់គ្រប់ផ្លូវក្នុងបុរី ដោយអ៊ុតកៅស៊ូទៀតផង ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner