ការស្តារប្រឡាយ ទួលពង្រទី២ សម្រេចបាន៩០ភាគរយហើយ នៅសល់តែ ១០០ម៉ែត្រ ដែលប៉ះពាល់របងថ្មពលរដ្ឋ
ភ្នំពេញ៖ ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដែលមានប្រវែងជាង៦០០០ម៉ែត្រ មកដល់ពេលនេះសម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ហើយមូលហេតុ ដែលនៅសេសសល់នេះក៏ព្រោះតែជួបនឹងបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។
លោកម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃ០១ កញ្ញានេះថា
ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាព ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដោយ។
ជាក់ស្ដែង សម្រាប់ការងារស្តារប្រឡាយទួលពង្រទី២នេះ ក្រុមការងារបាននឹងកំពុងអនុវត្តយ៉ាងញាប់ដៃញាប់ជើង ហើយបើគិតត្រឹមថ្ងៃទី០១ កញ្ញានេះ ការស្តារប្រឡាយ ទួលពង្រទី២ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែងសរុប៦១០០ម៉ែត្រ ។ ចំពោះមូលហេតុ ដែលនៅសេសសល់នេះក៏ព្រោះតែជួបនឹងបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។
ឯឧ បញ្ជាក់ផងដែរថា ចំពោះផលប៉ះពាល់នេះ អាជ្ញាធរ សង្កាត់ ខណ្ឌបាននិងកំពុងធ្វើការដោះស្រាយហើយ ។ បើដោះស្រាយរួចពេលណា ការប្រឡាយនេះនឹងរួចរាល់ក្នុង១សប្តាហ៍ទៀត ។ តែលោកជឿថា ប្រឡាយនេះនឹងស្តាររួចរាល់យ៉ាងយូរនៅពាក់កណ្តាលខែកញ្ញានេះ ។
លោកម៉ែន សុខខេន បានបន្តថា ប្រឡាយ ទួល ពង្រទី២ ប្រឡាយនេះមានប្រវែង៦១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាងនិងខណ្ឌពោធិសែនជយ័ រួមមានសង្កាត់ចោមចៅ២និងចោមចៅ១និងភាគខ្លះនៃខណ្ឌដង្កោរួមមានសង្កាត់ព្រៃសជាដេីម ។
ការងារ ស្តារ ប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ខែឧសភា ឆ្នាំ ២០២១ ហើយ បើគិតត្រឹម ថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង៦០០០ម៉ែត្រ ស្មើនឹង៩០%នៃផែនការហើយ ៕