ជប៉ុននិងវៀតណាមចុះកិច្ចព្រមព្រៀងបច្ចេកវិទ្យាយោធា ប្ដេជ្ញារួមគ្នាការពារសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើប្រព័ន្ធច្បាប់
ជប៉ុន និងវៀតណាមបានចុះកិច្ចព្រមព្រៀងក្នុងការផ្ទេរបរិក្ខារ និងបច្ចេកវិទ្យាយោធាកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈពេលដែលលោក Nobuo Kishi រដ្ឋមន្ត្រីការពារជាតិប្រទេសជប៉ុនបំពេញទស្សនកិច្ចនៅរដ្ឋធានីហាណូយ។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងអំឡុងពេលដែល លោក Kishi ជួបជាមួយលោក Phan Van Giang រដ្ឋមន្ត្រីការពារជាតិវៀតណាម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិជប៉ុន កិច្ចព្រមព្រៀងនេះអាចឈានទៅដល់ការផ្ទេរបរិក្ខារយោធាមួយចំនួនដូចជា គ្រឿងរបស់នាវានានាទៀតផង។ យ៉ាងណាមិញ ព័ត៌មានលម្អិតនៃការផ្ទេរបច្ចេកវិទ្យា ឬ បរិក្ខារនានា មិនត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ ដោយរដ្ឋមន្ត្រីទាំងពីរព្រមព្រៀងឱ្យអង្គភាពពាក់ព័ន្ធចរចាគ្នាបន្ថែមទៀត។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Kishi បានប្រាប់សន្និសីទកាសែតមួយថា កិច្ចព្រមព្រៀងនេះនឹង «ពង្រឹងមូលដ្ឋានឧស្សាហកម្មយោធាជប៉ុន ហើយអាចនឹងរំពឹងទុកថា កិច្ចព្រមព្រៀងនេះក៏អាចជួយដល់សន្តិសុខជប៉ុន»។
សារព័ត៌មាន Japan Times បានសរសេរថា ជប៉ុនអាចនឹងបន្ថែមការនាំចេញបរិក្ខារយោធា ដែលផលិតដោយជប៉ុនផ្ទាល់ ក៏ដូចជាបច្ចេកវិទ្យា និងនាវាជប៉ុន ទៅកាន់ប្រទេសវៀតណាម ក្រោយពីមានកិច្ចព្រមព្រៀងនេះរួច។
ប្រភពពីមន្ត្រីអនាមិកប្រាប់ទៅសារព័ត៌មានខាងលើថា «វៀតណាមកំពុងតែស្វែងរកប្រភពសម្ភារៈយោធាពីប្រទេសផ្សេងៗគ្នា»។ វៀតណាមត្រូវបានគេស្គាល់ថា ច្រើនតែនាំចូលសម្ភារៈយោធាពីប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយកាលពីសម័យសង្គ្រាមត្រជាក់។
បន្ថែមពីលើការចុះកិច្ចព្រមព្រៀងនោះ រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរបានសាទរថា កិច្ចសហប្រតិបត្តិការយោធារវាងវៀតណាម និងជប៉ុន ស្ថិតក្នុង «កម្រិតថ្មី»។ ជប៉ុន និងវៀតណាមបានព្រមព្រៀងគ្នាក្នុងរួមចំណែកនៅក្នុងសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ដោយបន្តពង្រឹងសហប្រតិបត្តិការទ្វេភាគីដែលរួមមាន ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាន់ខ្ពស់ ការលើកកម្ពស់ឱ្យសកម្មភាពសហការគ្នាដូចជា លើប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ក៏ដូចជាការស្នើឱ្យមានការឈប់សំចតនៅវៀតណាម ដោយនាវា និងយន្តហោះយោធារបស់កងកម្លាំងស្វ័យការពារជប៉ុន (JSDF)។
អំឡុងជំនួបរវាងលោក Kishi និងលោក Phan ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ ហើយនិងកិច្ចសហប្រតិបត្តិការពហុភាគី។ បញ្ហា ៣ធំៗត្រូវបានលើកមកពិភាក្សា ដែលបញ្ហាទាំងនោះមានដូចជា បញ្ហាសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង បញ្ហាកូរ៉េខាងជើង និងបញ្ហាមីយ៉ាន់ម៉ា។
ទាក់ទិននឹងសន្តិសុខសមុទ្រ រដ្ឋមន្ត្រីជប៉ុនប្រាប់វៀតណាមត្រង់ៗថា ជប៉ុនព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ឆ្មាំសមុទ្ររបស់ចិន។ លោក Kishi សង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងអនុវត្តស្មារតី «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរី និងបើកចំហ» ហើយប្រឆាំងនឹងសកម្មភាពឯកតោភាគីណាមួយ ដែលបង្កជាការគំរាមកំហែងដល់បច្ចុប្បន្នភាពនៃសន្តិសុខនៅក្នុងតំបន់។
ជាមួយនឹងបញ្ហានេះដែរ វៀតណាម និងជប៉ុនបានប្ដេជ្ញាធ្វើការរួមគ្នា ដើម្បីការពារសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើប្រព័ន្ធច្បាប់។ រដ្ឋមន្ត្រីទាំងពីរក៏យល់ស្របគ្នាលើគោលការណ៍សេរីភាពនាវាចរណ៍ និងសេរីភាពហោះហើរលើអាកាស ក៏ដូចជាសារៈសំខាន់ក្នុងការគោរពតាមច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។
ពាក់ព័ន្ធនឹងរឿងកូរ៉េខាងជើងវិញ លោក Kishi ថ្កោលទោសលើការធ្វើតេស្តបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ហើយការល្មើសនឹងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំណែកឯបញ្ហានៅមីយ៉ាន់ម៉ាវិញ រដ្ឋមន្ត្រីជប៉ុនស្វាគមន៍លើការតែងតាំងរបស់លោក Erywan Yusof រដ្ឋមន្ត្រីការបរទេសទី២ប្រ៊ុយណេ ធ្វើជាប្រេសិតពិសេសរបស់អាស៊ានទៅកាន់មីយ៉ាន់ម៉ា ហើយយល់ថា ការប្រែក្លាយចំណុចមូលមតិទាំង ៥ របស់អាស៊ានលើមីយ៉ាន់ម៉ា ទៅជាសកម្មភាពពិតប្រាកដពិតជាសំខាន់ណាស់។ បន្ថែមពីលើនេះទៅទៀត លោក Phan និងលោក Kishi ក៏បង្ហាញពីបំណងក្នុងការសហការគ្នារវាងវៀតណាម និងជប៉ុនទៅលើរឿងមីយ៉ាន់ម៉ាផងដែរ។
ក្រោយពីមានជំនួបផ្លូវការជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម លោករដ្ឋមន្ត្រីការពារជាតិជប៉ុន
លោក Kishi បានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា។ ក្រៅពីចូលជួបជាមួយសមភាគីរដ្ឋមន្ត្រីការពារជាតិវៀតណាម លោកបានចូលជួបជាមួយលោកនាយករដ្ឋមន្ត្រី ផាម មិញឈិញ និងលោកប្រធានាធិបតី ង្វៀន សួនហ្វ៊ុក។
ជារឿងចៃដន្យដែរ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន ធ្វើដំណើរមកហាណូយក្នុងថ្ងៃតែមួយនឹង រដ្ឋមន្ត្រីការពារជាតិជប៉ុន។ អំឡុងពេលនោះ ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសនៅសមុទ្រចិនខាងត្បូង លោក វ៉ាង បានប្រាប់ទៅខាងវៀតណាមថា ចិន និងវៀតណាមគួរប្រឆាំងនឹងការជ្រៀតជ្រែករបស់ភាគីខាងក្រៅតំបន់សមុទ្រនេះ៕