កត្តាមួយចំនួនដែលបង្កឱ្យមានរដ្ឋប្រហារបន្ដកើតឡើងក្នុងប្រទេសនៅតំបន់អាហ្រ្វិក

អត្ថបទដោយ៖
AMS OneMinute

១. ការដឹកនាំមិនល្អ អំពើពុករលួយ ភាពក្រីក្រ និងសេដ្ឋកិច្ចអន់ថយ គឺជាកត្តាចំបងដែលជំរុញឱ្យមានរដ្ឋប្រហារម្ដងហើយម្ដងទៀត។ ជាក់ស្ដែង លោកវរសេនីយ៍ឯក Mamady Doumbouya មេដឹកនាំរដ្ឋប្រហារថ្មីនៃប្រទេសហ្គីណេ 🇬🇳 យកភាពក្រីក្រ និងអំពើពុករលួយធ្វើជាមូលហេតុនៃការផ្តួលរំលំប្រធានាធិបតីលោក Alpha Conde។ ប្រជាជនអាហ្វ្រិកអស់សង្ឃឹមកាន់តែខ្លាំងចំពោះមេដឹកនាំពុករលួយរបស់ខ្លួន ហើយស្វាគមន៍ក្រុមរដ្ឋប្រហារដែលសន្យាថានឹងធ្វើឱ្យមានការផ្លាស់ប្ដូរទ្រង់ទ្រាយធំ។

២. ការបាត់បង់ជំនឿលើលទ្ធិប្រជាធិបតេយ្យពីសំណាក់ពលរដ្ឋជុំវិញកំណែទម្រង់ធម្មនុញ្ញលើអាណត្តិរបស់មេដឹកនាំ និងការយកការបោះឆ្នោតធ្វើជាឈ្នាន់ក៏ជាកត្តាដែលជំរុញឱ្យមានការធ្វើរដ្ឋប្រហារដែរ ជាពិសេស រដ្ឋប្រហារយោធា។ សមាជិកជាន់ខ្ពស់នៃ Global Economy and Development និង Africa Growth Initiative លោក John Mukum Mbaku បានលើកឡើងថា៖ “ទោះបីជាការបោះឆ្នោតមានសារៈសំខាន់ចំពោះការផ្លាស់ប្តូរពីរបបផ្តាច់ការទៅរកលទ្ធិប្រជាធិបតេយ្យក៏ដោយ ក៏ការបោះឆ្នោតអាចគ្រាន់តែជាឧបករណ៍របស់រដ្ឋាភិបាលផ្តាច់ការ។”

ជាក់ស្ដែង របបផ្តាច់ការនៅក្នុងប្រទេសដូចជាកាមេរូន សាធារណរដ្ឋកុងហ្គោ ហ្គីណេ អេក្វាទ័រ ប្រើប្រាស់ការបោះឆ្នោតដើម្បីធ្វើឱ្យមេដឹកនាំរបស់ខ្លួនស្របច្បាប់ និងបន្តកាន់អំណាចដោយគ្មានកំណត់។

កំណើននៃការធ្វើរដ្ឋប្រហារនឹងធ្វើឱ្យប្រទេសនៅអាហ្រ្វិកមិនសូវមានស្ថិរភាព ដែលជារឿងអវិជ្ជមានសម្រាប់វិនិយោគិន និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែដុនដាប។

ប្រភព៖ CNN

ads banner