ឯកឧត្តម ហោ ណាំហុង បានសំណូមពរឲ្យភាគីចិន ជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសណ្ឋាគារ Raffles Hotel Le Royal មានកិច្ចជំនួបសន្ទនា និងអាហារការងារពេលព្រឹក រវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហ-ប្រធានគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ។នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេស អង្ករបានចំនួន ១៦ម៉ឺន ៥ពាន់ ៦១២ តោន, ចេកបានចំនួន ២៧ម៉ឺន ២ពាន់ ២៣តោន និងស្វាយ បានចំនួន ២១១តោន ក្នុងរយ:ពេល ៨ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេង ដល់ប្រជាកសិករកម្ពុជា ជាពិសេស បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះ វិបត្តិជំងឺកូវីដ-១៩ ។ ទន្ទឹមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យភាគីចិន ជួយទិញកសិផលកម្ពុ-ជាបន្ថែមទៀត ជាពិសេស ផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម ។ល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានរំលឹកអំពីការអនុវត្តគម្រោងនានា ដែលបានរៀបចំដោយ គណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន ដែលក្នុងនោះរួមមាន ការក-សាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាគម្រោងសាងសង់ផ្លូវជាតិលេខ ៧១C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៤១ លេខ ៣៣ លេខ ៣១ និងផ្លូវជាតិលេខ ៣ គម្រោងប្រព័ន្ធទឹកកខ្វក់ ក្រុងព្រះសីហនុ ព្រមទាំងការកសាង សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ -ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ។ ភាគីទាំងពីរ ក៏បានជំរុញឱ្យមានការរៀបចំការតាំងពិព័រណ៌ អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ ។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីការជំរុញការសាងសង់ផ្លូវជាតិលេខ ៧១C, បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០គីឡូម៉ែត្រ, យកចិត្តទុកដាក់ និងជំរុញបន្ថែមទៀត លើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ – ទីក្រុងហុងកុង ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner