អភិបាលរាជធានីភ្នំពេញ ទទួលថវិកា និងស្បៀងពីក្រុមហ៊ុនឯកជនដើម្បីនាំទៅចែកជូនកងកម្លាំងឈរជើង នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាថវិកានិងស្បៀងអាហារមួយចំនួនពីក្រុមហ៊ុនឯកជនមួយ ដើម្បីនាំយកអំណោយនិងស្បៀងអាហារទាំងនេះ ទៅចុះសួរសុខទុក្ខនិងផ្តល់ជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទ ព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤កញ្ញានេះ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថម្ភ៖ ថវិកា ចំនួន២០,០០០,០០០រៀល អង្ករចំនូន ២តោន (២០០បាវ ក្នុង១បាវស្មើនិង១០គីឡូក្រាម) មីចំនួន ៣០០កេសតូច,ត្រីខ ចំនួនៈ ២០០កេសតូច ជូនរដ្ឋបាលរាជធានីភ្នំពេញក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទ ព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងជួរមុខ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner