អភិបាលខេត្តកំពតបញ្ជាក់ថា ដីរបស់រដ្ឋត្រូវតែរដ្ឋជាអ្នកកាន់កាប់គ្រប់គ្រង់ តែបើដីឯកជន រដ្ឋបាលខេត្តត្រូវចុះបញ្ជីជូនម្ចាស់ដី

កំពត ៖ ឯកឧត្តម ជាវ តាយ បញ្ជាក់ថា ចាប់តាំងពីថ្ងៃចូលកាន់តំណែងជាអភិបាលខេត្តកំពត ឯកឧត្តមតែងតែយកចិត្តទុកដាក់ក្នុងការសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ ហើយឯកឧត្តមមិនដែលប៉ះពាល់ដីរដ្ឋ ឬដីបុគ្គលណានោះទេ ព្រោះដីរបស់រដ្ឋត្រូវតែរដ្ឋជាអ្នកកាន់កាប់គ្រប់គ្រង់ តែបើដីឯកជន រដ្ឋបាលខេត្តត្រូវធ្វើការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដីដែរ ។ ឯកឧត្តម អភិបាលខេត្តកំពត លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំជំរុញនិតិវិធីការងារដោះដូរតារាងបាល់បោះ ជាមួយពហុកីឡដ្ឋានថ្មីសាងសង់ដោយក្រុមហ៊ុន អេស អា វី (SRV) គ្រុប នៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ។

ឯកឧត្តម បន្តថា ចំពោះករណីពហុកីឡដ្ឋានថ្មី ស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាសាងសង់ និងដោះដូររវាង ក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុន SRV Grup,Co.ltd រដ្ឋបាលខេត្តមិនមានសិទ្ធិក្នុងការសម្រេចអាកាត់នោះទេ មានតែក្រសួងអប់រំយុវជននិងកីឡា និងក្រសួសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ប៉ុណ្ណោះ ទើបមានសិទ្ធិសម្រេចបញ្ចប់រឿងជាមួយក្រុមហ៊ុនបាន ហើយនៅពេលដែលមានការសម្រេចពីក្រសួងទាំងពីរ នឹងក្រុមហ៊ុនរួច ទើបរដ្ឋបាលខេត្តមានសិទ្ធក្នុងការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនដល់ក្រុមហ៊ុន ។ ប៉ុន្តែកិច្ចប្រជុំនាពេលនេះដើម្បីពិភាក្សាប្រមូលធាតុចូលពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឲ្យបានលម្អិត ដើម្បីជំរុញនីតិវិធីនឹងឈានទៅបញ្ចប់បញ្ហាដែលជាប់គាំងអស់ជាង ១០ឆ្នាំមកនោះ។

តាមរបាយការណ៍បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៧ ក្រុមហ៊ុន SRV Grup,Co.ltd បានដាក់សំណើសុំប្ដូរទីតាំងដីទីលានបាល់បោះទំហំ ១៤២៦ម៉ែត្រការ៉េ និងដីទីលានបាល់ទាត់ទំហំ ៣២៥០០ម៉ែត្រការ៉េ នៅក្រុងកំពត ជាថ្នូរនឹងដីទីលានពហុកីឡដ្ឋានបាល់ទាត់ថ្មីបច្ចុប្បន្ននៅភូមិបឹងទូក ក្រុងបូកគោ ដែលមានទំហំ ៥ម៉ឺនម៉ែត្រការ៉េ ។ ក្នុងកិច្ចសន្យានោះក្រុមហ៊ុនត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងវិស័យកីឡាជាច្រើន ។ ប៉ុន្តែដោយសារការអនុវត្តរបស់ក្រុមហ៊ុនមិនបានឆ្លើយតបតាមកិច្ចសន្យា ខុសលក្ខណៈស្តង់ដារ បទដ្ឋានបច្ចេកទេស នៃសំណង់សម្រាប់បម្រើវិស័យកីឡា និងអូសបន្លាយពេលវេលាផងនោះ ។

រាជរដ្ឋាភិបាលក៏បានឯកភាពជាគោលការណ៍ តាមសំណើរបស់ក្រសួងអប់រំយុវជននិងកីឡា គឺអនុញ្ញាតឲ្យប្ដូរតែទីតាំងដីបាល់បោះ ទំហំ ១៤២៦ម៉ែត្រការ៉េប៉ុណ្ណោះ ហើយដីទីលានកីឡាបាល់ទាត់ទំហំ ៣២.៥០០ម៉ែត្រការ៉េ ត្រូវដកហូតយកមករក្សាជាទ្រព្យសម្បត្តិរដ្ឋវិញរហូតសព្វថ្ងៃនេះ នៅតែរក្សាជាតារាងបាល់ទាត់ខេត្តកំពតដដែល ។ ប៉ុន្តែបញ្ហាត្រង់ថា ពហុកីឡដ្ឋានថ្មីនៅក្រុងបូកគោ របស់ក្រុមហ៊ុន នៅមិនទន់បានចុះបញ្ជីថា ជាកម្មសិទ្ធិរបស់ភាគីណានៅឡើយ ដោយសារដំណោះស្រាយក្នុងកិច្ចសន្យារវាងក្រសួងអប់រំ និងភាគីក្រុមហ៊ុនមិនទាន់មានការឯកភាពគ្នា ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner