សម្ដេចតេជោ នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកស្អែកនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ។ បន្ទាប់មក សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព។

សូមរំលឹកថា តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ។ សម្ដេចថា បើយើងមិនចាក់ជូនកុមារពីអាយុ ៦ឆ្នាំទៅ ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបើកតែអនុវិទ្យាល័យ និងវិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក ម្យ៉ាងទៀត វ៉ាក់សាំង ក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ឆ្នាំរួចមកហើយដែរ។

សម្ដេចតេជោ បន្តថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ឱ្យអំពីស្ថិតិថា កុមារមានអាយុពី ៦ឆ្នាំដល់១២ឆ្នាំ មានត្រឹមតែ ១លាន៨សែននាក់ជាងប៉ុណ្ណោះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner