តំណាងអចិន្ត្រៃយ៍កម្ពុជាឆ្លើយតបទៅនឹងគណៈប្រតិភូបារាំង និងអាមេរិក

ភ្នំពេញៈ ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូប្រទេសបារាំង និងសហរដ្ឋអាមេរិកនាសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ទីក្រុងហ្សឺណែវ។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានឆ្លើយតបថា ការរិះគន់ប្រទេសណាមួយ គឺជាសិទ្ធិរបស់គណៈប្រតិភូគ្រប់រូប។ តែទោះបីយ៉ាងនេះក្តី ដើម្បីអាចឱ្យមានភាពជឿជាក់បាន ការរិះគន់ត្រូវតែផ្អែកលើហេតុផលត្រឹមត្រូវ មានតុល្យភាព មិនជ្រើសរើសតែមួយជ្រុង និងសមាមាត្រ។ សូមលើកនូវសំណួរចំនួនបីទៅកាន់គណៈប្រតិភូដ៏ខ្ពង់ខ្ពស់នៃប្រទេសទាំងពីរខាងលើ ដូចតទៅ៖
ទី១៖ តើគណៈប្រតិភូទាំងពីរជឿជាក់ថា មតិលើកទ្បើងរបស់ខ្លួនមានហេតុផលត្រឹមត្រូវដែរឬទេ នៅពេលដែលគណៈប្រតិភូទាំងពីរធ្វើការចោទប្រកាន់ជាលក្ខណៈទូទៅ ដោយពុំបានលើកឡើងនូវទិន្នន័យជាអំណះអំណាងពាក់ព័ន្ធជាក់លាក់ណាមួយនោះ? ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នៅឆ្នាំ២០១៩ បានត្រួសត្រាយផ្លូវសម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោបាយទ្បើងវិញ ដល់អតីតអ្នកនយោបាយប្រឆាំង។ ជាលទ្ធផល អតីតអ្នកនយោបាយប្រឆាំងចំនួន២៦រូប បានទទួលការផ្តល់នីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញ ដោយក្នុងនោះពួកគាត់ជាច្រើនរូបបានរួមគ្នាបង្កើតគណបក្សនយោបាយចំនួន៦ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតនាឆ្នាំខាងមុខ។ តើទាំងនេះគឺជាការរឹតត្បិតសិទ្ធិនយោបាយឬ?។
ទី២៖ តើគណៈប្រតិភូទាំងពីរប្រាកដហើយថា បទអន្តរាគមន៍របស់ខ្លួន មានតុល្យភាព និងមិនជ្រើសរើសតែមួយជ្រុង នៅពេលគណៈប្រតិភូទាំងពីរមិនបានលើកឡើងសូម្បីតែមួយម៉ាត់អំពីវោហារសព្ទប្រជាប្រិយប្រកបដោយគ្រោះថ្នាក់របស់បុគ្គលប្រឆាំងមួយចំនួន ដែលប្រើវិធីសាស្រ្តផ្សព្វផ្សាយព័ត៌មានមិនពិតនិងផែនទីក្លែងក្លាយ ជេរប្រមាថមិនរើសមុខ បង្កាច់បង្ខូច ញុះញង់ឱ្យមានការរើសអើង និងស្អប់ខ្ពើមជាតិសាសន៍ ថែមទាំងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដែលបានជាប់ឆ្នោតដោយការជ្រើសតាំងរបស់ប្រជាជន ខណៈសកម្មភាពដូចគ្នាទាំងអស់នេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង នៅក្នុងបណ្តាប្រទេសលោកខាងលិចនិងសហភាពអឺរ៉ុប? លោក សម រង្ស៊ី ដែលជានិមិត្តរូបប្រជាធិបតេយ្យរបស់គណៈប្រតិភូទាំងពីរ បានត្រូវអតីតអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទ្បើងថ្លែងថ្កោលទោស នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះផ្ទាល់ កាលពីឆ្នាំ២០១៩ ចំពោះការប្រើប្រាស់សម្ដីបរិហារកេរ្តិ៍ ញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងអុជអាល ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។
ទី៣៖ តើគណៈប្រតិភូទាំងពីរជឿថា សេចក្តីថ្លែងការណ៍របស់ខ្លួនមានភាពសមាមាត្រឬទេ នៅពេលគណៈប្រតិភូទាំងពីរបំប៉ោងសិទ្ធិពលរដ្ឋនិងនយោបាយ ឱ្យសំខាន់លើសលុបជាងសិទ្ធិផ្សេងទៀត ដូចជា សិទ្ធិរស់រានមានជីវិត សុខភាព ទទួលបានម្ហូបអាហារ ការអប់រំ និងការអភិវឌ្ឍ? តើគណៈប្រតិភូទាំងពីរកំពុងគោរពតាមសេចក្តីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិ ដែលសង្កត់ធ្ងន់ថា សិទ្ធិមនុស្សទាំងអស់ត្រូវយកមកអនុវត្តដោយយុត្តិធម៌និងស្មើភាព ឈរលើមូលដ្ឋានតែមួយ និងមានសារៈសំខាន់ដូចគ្នាដែរឬទេ? តើកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ក្នុងវិស័យជាច្រើន ផ្តល់ជូនក្រុមងាយរងគ្រោះដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិប្រឆាំងកូវីដ-១៩ ដែលត្រូវបាននិងកំពុងអនុវត្តយ៉ាងឆាប់រហ័សជាមួយនឹងអត្រាសម្រេចបានគួរឱ្យកត់សម្គាល់ជិត៧២%នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា ព្រមទាំងការបើកសាលាឱ្យសិស្សចូលរៀនក្នុងថ្នាក់ផ្ទាល់ទ្បើងវិញ ដោយគោរពយ៉ាងម៉ត់ចត់តាមវិធានសុខាភិបាល ពុំមែនជាការគោរពសិទ្ធិមនុស្សឬយ៉ាងណា?។

តំណាងអចិន្ត្រៃយ៍កម្ពុជា បានបន្តថា ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យសោកស្តាយ ប្រទេសមួយដែលតាំងខ្លួនតស៊ូមតិដើម្បីសិទ្ធិមនុស្ស ត្រូវបានគេរាយការណ៍ថា បានផ្តន្ទាទោសមនុស្សជាង៤ម៉ឺននាក់ ក្នុងឆ្នាំ២០១៨ និង២០១៩ ក្រោមបទចោទ “ប្រមាថមន្រ្តីសាធារណៈ” “ការចូលរួមជាមួយក្រុមដែលមានគោលបំណងប្រព្រឹត្តអំពើហិង្សា” និង “ការរៀបចំបាតុកម្មដែលពុំគោរពតាមលក្ខខណ្ឌជូនដំណឹងជាមុន “។

ជាចុងបញ្ចប់ ការលើកតម្កើងសិទ្ធិនិងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។ ប្រទេសនីមួយៗត្រូវមានសិទ្ធិជ្រើសរើសមាគ៌ា និងអាទិភាពរបស់ខ្លួន ឆ្ពោះទៅគោលដៅនោះ។ សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធនយោបាយវាយប្រហារប្រទេសដទៃ ដោយមានស្តង់ដារពីរទ្បើយ ដូចដែលឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានសង្កត់ធ្ងន់ នាពេលកន្លងមក ប្រសិនបើយើងទាំងអស់គ្នាចង់រក្សាបាននូវសុចរិតភាព និងភាពអាចជឿទុកចិត្តបានខ្ពស់បំផុតរបស់ស្ថាប័នសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមមួយនេះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner