អភិបាលរងខេត្ត ក្រើនរំលឹកដល់មន្ត្រីក្រុមការងារបង្ការគ្រោះមហន្តរាយទឹកជំនន់នៅបន្ទាយមានជ័យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត

បន្ទាយមានជ័យ ៖

លោក អោម ចន្ថា អភិបាលរងខេត្តតបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយក្រើនរំលឹកដល់មន្ត្រីក្រុមការងារនៃមន្ទីរអង្គភាពចំណុះ ឱ្យបង្ការគ្រោះមហន្តរាយទឹកជំនន់ ដែលបានកើតឡើងបន្តបន្ទាប់ ច្រើនលើកមកហើយនៅភូមិសាស្ត្រ ៩ក្រុង ស្រុក មកទល់ថ្ងៃទី១៧ ខែកញ្ញឆ្នាំ២០២១ តែមិនទាន់ធ្ងន់ធ្ងរ ហើយកម្លាំងសរុប មធ្យោបាយសរុបបានត្រៀមលក្ខណៈឆ្លើយតប មិនឱ្យថ្លោះធ្លោយឡើយ ។ 

 បើយោងអភិបាល/រងស្រុកក្រុង ប្រធានមន្ទីរ  អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កងទ័ពមានមូលដ្ឋានក្នុងខេត្ត ដែលបានបង្ហាញបទអន្តរាគមន៍ខ្លីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការត្រៀមឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅសាលាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ៖ ឥទ្ធិពលជ្រលងវិសម្ពាធទាបមូសុងឥណ្ឌានិងបាតុភូតបម្រែបម្រួលអាកាសធាតុ ទើបបង្កអោយមានភ្លៀងធ្លាក់រណ្តំកន្លងមកនេះ បង្កជាទឹកជំនន់លិចលំនៅឋានពលរដ្ឋ ទីតាំងឈរជើងរបស់កងកម្លាំងនៅនៅក្រុងស្រុកខ្លះ ។ ក្នុងនោះក៏មានផលប៉ះពាល់ដំណាំដំឡូងមីខ្លាំងជាងគេ គឺចំនួនរាប់ពាន់ហិចតា ។ ក្រៅពីនោះមានដំណាំរួមផ្សំ ដំណាំឆ្លងកាត់រដូវ មានប៉ះពាល់តិចតួច ។ ឯដំណាំស្រូវ មិនមានបញ្ហាទេ ។ 

ចំពោះផ្លូវថ្នល់ជនបទវិញ មាន៦ខ្សែត្រូវទឹកលិច ខូចខាតច្រើនគីឡូម៉ែត្រ ហើយកន្លែងខ្លះត្រូវបានកាយផ្តាច់បង្ហូររំដោះទឹកសិន និងត្រូវលើកគម្រោងអន្តរាគមន៍ជួសជុលស្តារឡើងវិញបន្ទាន់ ក្រោយជំនន់ស្រកទៅវិញ ។ រីឯអាងទឹក ១កន្លែងនៅស្រុកថ្មពួក ដែលធ្លាយបាក់ត្រង់កន្លែងចាស់ ក៏ត្រូវបានជួសជុលហើយវិញដែរ ។
ចំណែកផ្នែកសុខភាព អនាម័យស្អាតលើការរស់នៅ ហូបចុកនិងសុវត្ថិភាពលើពលរដ្ឋ ក៏ត្រូវបានមន្ត្រីលើកឡើងពីការត្រៀមបង្ការកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់សព្វផងដែរ ។

លោក អោម ចន្ថា អភិបាលរងខេត្តតបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយបានកត់សម្គាល់ពីយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បង្ការការពារនិងសង្គ្រោះជាមុនគ្រោះមហន្តរាយកើតឡើង ។

លោកបន្តថា ស្ថានការណ៍ គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ ៩ក្រុង ស្រុក នៅខេត្តបន្ទាយមានជ័យ មិនទាន់មានអ្វីធ្ងន់ធ្ងរនៅឡើយទេ ។ ពោលគឺវាបានកើតឡើង នៅចំណុចខ្លះនៃភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកថ្មពួកនិងមង្គលបូរីប៉ុណ្ណោះ ៕ ដោយ ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner