ប្រជាពលរដ្ឋខ្វះខាត ក្នុងតំបន់ក្រហម នៃក្រុង​សៀមរាបជិត៧០០០គ្រួសារ ទទួលបានការ​ឧបត្ថមពីរដ្ឋបាលក្រុងសៀមរាប

រដ្ឋបាលក្រុងសៀមរាប បញ្ចេញអង្ករតាមរយៈនៃយុទ្ធនាការបន្ទាន់មួយ ឲ្យក្រុមការងារនៃបណ្តា​ភូមិ-សង្កាត់ក្នុងតំបន់ក្រហម ប្រើប្រាស់រយៈពេលមិនឲ្យលើសពី១ថ្ងៃ ដើម្បីចែកអង្ករទាំងនោះ ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋជិត៧០០០គ្រួសារ ដែលខ្វះខាត។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានជម្រុញឲ្យក្រុមការងារតាមបណ្តាភូមិ-សង្កាត់នានា ដែលកំពុងស្ថិតនៅជាតំបន់ក្រហមបណ្តោះអាសន្ន ចុះចែកអង្ករដោយការប្រញាប់បំផុត ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត និងមិនត្រូវបន្សល់ទុកការងារនេះ ឲ្យនៅសល់បន្តដល់ថ្ងៃស្អែកនោះឡើយ។ លោកបានចេញបទបញ្ជាយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ជាមួយនឹងវត្តមានផ្ទាល់របស់លោកនៅភូមិមណ្ឌល៣ ដែលជាមូលដ្ឋានតំបន់ក្រហម នៃសង្កាត់ស្លក្រាម។

លោកអភិបាលក្រុងបានឲ្យដឹងថា មុនវិបត្តិកូវីដ-១៩ ស្ថិតិប្រជាពលរដ្ឋក្រ១-ក្រ២ នៃក្រុងសៀមរាបមានប្រហែលជា៦០០០គ្រួសារ។ ដោយសារតែវិបត្តិសកល កូវីដ-១៩បានបង្កើនប្រជាពលរដ្ឋក្រីក្រនៅក្នុងក្រុងសៀមរាប ដល់ជាង១ម៉ឺនគ្រួសារ។ នៅក្នុងចំនួននេះ ការស្រង់ស្ថិតិសម្រាប់យុទ្ធនាការផ្តល់ការឧបត្ថម្ភជាអង្ករ ដល់គ្រួសារក្រ១-ក្រ២ និងគ្រួសារប្រជាពលរដ្ឋធ្លាក់ខ្លួនក្រដោយសារវិបត្តិកូវីដ-១៩ ដែលសម្រាប់តែក្នុងតំបន់ក្រហម មានប្រមាណជិត៧០០០គ្រួសារ។ ការឧបត្ថម្ភនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម ដែលនេះវាមិនមែនជាដំណោះស្រាយនោះតែ គឺជាការចែករំលែក ការលំបាកតែប៉ុណ្ណោះ។

នៅក្នុងយុទ្ធនាការចែកអង្ករនោះ លោកស្រី ខឹម ចាន់បូរិន មន្រ្តីសង្កាត់ស្លក្រាម បានបង្ហាញនូវការពន្យល់ថា ក្នុងស្ថានភាពដ៏លំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលការដាក់វិធានការនិងបំរាមផ្សេងៗ គឺដើម្បីសុវត្ថិភាព បញ្ជៀសហានីភ័យនៃការឆ្លងកូវីដ-១៩ក្នុងសហគមន៍ និងសូមឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្យាយាមអនុវត្តវិធានការ ៣កុំ និង ៣ការពារ អំណត់ក្នុងរយៈពេលខ្លី តែនឹងត្រូវបានប្តូរមកវិញនូវសុវត្ថិភាពយូរអង្វែង៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner