ហេតុអ្វីបានជា វ៉ាក់សាំង Covaxin បរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដនៅឥណ្ឌា?

វ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech នៃ​ប្រទេស​ឥណ្ឌា​ ត្រូវ​គេ​ចាត់​ទុក​ថា​បរាជ័យ​ក្នុង​កា​រ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៅ​ប្រទេស​ឥណ្ឌា​ ដោយ​យោង​តាម​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា ដំណើរ​ការ​ស្មុ​គ​ស្មា​ញ​ ​អង្គភាព​​ផលិតរប៉ាត់រប៉ាយ​ កង្វះ​តំបន់​សុវត្ថិភាព​ និង​កង្វះ​បុគ្គលិក​ ដែល​មា​នជំនាញ​ជាដើម​។​ នេះ​បើតាម​ឱ្យដឹង​ពីសារព័ត៌មាន​ឥណ្ឌា​ News18។

កាល​ពី​ដើមឆ្នាំ​ ២០២១ នាយក​គ្រប់​គ្រ​ង​របស់​ក្រុមហ៊ុន​ឱសថ​ឥណ្ឌា Bharat Biotech លោក​វេជ្ជ​បណ្ឌិត​ Krishna Ella បាន​និយាយ​នៅ​ក្នុ​ង​ស​ន្និ​សី​ទ​សារ​ព័​ត៌មាន​តាម​ប្រព័ន្ធអនឡាញថា ​ក្រុមហ៊ុន​លោក មាន​បំណង​ផលិត​វ៉ាក់សាំង​​ចំនួន​ ៧០០ លាន​ដូស​ក្នុង​​ឆ្នាំ ២០២១។

ទន្ទឹម​នឹង​នេះ វ៉ាក់សាំង​ Covaxin ដែល​ជាវ៉ា​ក់​សាំ​ងផលិត​ក្នុង​ប្រទេស​​​ដំ​បូ​​ង​ប​ង្អ​ស់​ ត្រូវ​បានគេ​ចាត់​ទុក​ថា​ ដើរ​តួ​យ៉ាងសំ​ខា​ន់​នៅក្នុងយុទ្ធនាការវ៉ាក់សាំ​ងដ៏​ធំ​រ​ប​ស់​ប្រ​ទេ​ស​នេះ។​ ផ្ទុយ​ទៅ​វិញ​ វ៉ាក់សាំង Covishield ដែល​បង្កើ​ត​ឡើ​ង​ដោយសាកលវិទ្យាល័យ Oxford​ របស់ចក្រ​ភ​ព​អ​ង់គ្លេស និងវ៉ាក់សាំង​ AstraZeneca ផលិត​ដោយ​វិទ្យាស្ថាន​សឺរ៉ូ​ម​ឥណ្ឌា បានក្លា​យ​ជា​ឆ្អឹ​ង​ខ្នង​សំខាន់​ក្នុង​យុទ្ធនាការ​វ៉ាក់សាំង​នេះទៅ​វិញ​។ នេះ​ក៏​ដោយ​សារ វ៉ាក់សាំង​ Covaxin មាន​តម្លៃ​​ថ្លៃ​ជាង​គេ​បំ​ផុតនៅ​​​ឥ​ណ្ឌា ហើយ​ស្តុក​ក៏​មាន​កំ​ណ​ត់​ដែរ​។

ក្រសួង​សុ​ខាភិ​​បា​ល​សហជីព​ ក៏ធ្លាប់​បាន​ជូន​ដំ​ណឹ​ង​ដ​ល់​តុលា​កា​រ​កំ​ពូ​ល​ថា​ ដំបូងបង្អស់ក្រុមហ៊ុន​ Bharat Biotech បានផលិតវ៉ាក់សាំង​ចំនួ​ន ៩០.០០០ ដូសជារៀងរា​ល់​ខែ និង​បាន​បង្កើនផលិតភាព​ដល់ទៅ​ ២ លាន​ដូសត្រឹ​មខែ​ឧសភា។ ប៉ុន្តែ ក្រោយ​មក​ក្រុមហ៊ុន​ នៅ​តែ​មិន​អាច​ផលិត​ទៅ​តាម​ចំនួន​ដែល​ខ្លួន​បាន​សន្យា​។​

អ្នកស្រី Malini Aisola អ្នករៀបចំបណ្តាញស​កម្មភាព​ឱសថ​នៅឥណ្ឌាទាំ​ង​អស់​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​និយាយថា​​៖ «រដ្ឋា​ភិបាល បាន​និ​យាយ​ពន្លើស​អំពី​បរិមាណ​នៃ​ការ​ផលិត​វ៉ាក់​សាំង​​ Covaxin ខណៈ​ក្រុមហ៊ុន​ក៏​បាន​ធ្វើកា​រ​អះ​អា​ង​យ៉ា​ង​ខ្លាំ​ង​អំ​ពី​ស​មត្ថភាពនៃ​ការ​ផលិត​  និង​កា​រ​ត្រៀម​ខ្លួន​សម្រាប់​​បន្ថែម​ក​ន្លែងផ​លិតថ្មី។ យ៉ាងណាមិញ បើ​មើ​ល​តាម​ការ​អះអាង និង​ចំនួន​ផលិត​ បច្ចុប្បន្ន​​នៅ​តែ​មិន​​ស៊ី​ចង្វាក់គ្នា​»។​

នៅ​ក្នុ​ងប​ទ​សម្ភា​សន៍ ជា​មួយ​ស្ថា​នី​យ​ទូរទស្សន៍ CNBC-TV18 វេជ្ជបណ្ឌិត Ella នាយក​គ្រប់​គ្រង​នៃ​ក្រុមហ៊ុន​នេះ បា​​ននិ​យា​យថា​៖ «វ៉ាក់សាំង​អសកម្ម​ គឺ​ជាវ៉ាក់សាំង​មួយ​ ដែល​ពិបា​ក​ផលិ​ត​បំ​ផុ​ត​នៅ​លើពិ​ភ​ពលោក​​»​។ អ្នក​ជំនាញ​ចំនួន ៦ នាក់ ផ្សេងទៀត​ នៅ​សារព័ត៌មាន News18 ក៏​បាន​​យល់ស្រប​នឹង​លោក​ដូច​គ្នា​​។

លោក​បាន​បន្ត​ថា៖ «​យើ​ង​កំ​ពុ​ងធ្វើ​កា​រ​ជា​មួ​យក្រុ​ម​ហ៊ុ​ន​ផ្សេ​ង​ទៀត។ ប្រសិន​បើ​ពួ​ក​គេ​ទាំ​ង​អ​ស់​ផ្តល់​ជូន​ដូច ដែល​យើង​បាន​រំ​ពឹ​ង​ទុក យើងអាច​នឹង​ផលិតវ៉ាក់សាំង​​ដល់​តួរលេខ ១០០ លាន​ដូស​នៅចុ​ង​ឆ្នាំនេះ​»​។

ក្រុម​ហ៊ុន​ផលិត​វ៉ា​ក់​សាំ​ងតាមវិស័យសាធារ​ណៈ ដែល​បានស​ហ​ការ​​ជាមួ​យ​ក្រុម​ហ៊ុន​ Bharat Biotech ដើម្បី​ផលិតវ៉ាក់សាំង​ Covaxin បានព្យាយាមនាំ​ចូ​ល​ឧ​បករណ៍ ដែល​ប្រើ​ក្នុ​ង​ជំ​ហា​ន​ប​ន្សុទ្ធ​វ៉ា​ក់សាំង។  លោក​បាន​បន្តថា​៖ «ប្រាំមួ​យ​ខែ​មុន យើ​ង​បា​នប​ញ្ជា​ទិញ​ឧបករណ៍ទាំង​នេះ ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​ក្នុង​រយៈ​ពេល​ ៤៥ ថ្ងៃ។ ឥឡូវនេះសម្រាប់កា​រប​​ញ្ជូ​នឧ​ប​ក​រ​ណ៍​ដូចគ្នាដដែលនេះ អ្ន​ក​ល​ក់​ត្រូវកា​រពេល​យ៉ាង​តិច​ពី​ ៦ ទៅ ៨ ខែឯណោះ»​។

ម៉្យាងវិញទៀត បញ្ហា​កង្វះ​ធន​ធាន​មនុស្ស​ក៏​សំខាន់​ដែរ។​ តួរយ៉ាង ឧស្សាហកម្ម​វ៉ាក់សាំង​បែប​នេះ ត្រូវ​ការ​បុគ្គលិក​សំខាន់ៗ​តែ​ ៧-៨ នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​ត្រូវ​តែជា​អ្នក​ ដែល​មាន​ទេព​កោសល្យ​ និង​ជំនាញក្នុង​ការងារ​នេះ​។ ឥឡូវ​នេះមនុស្ស​គ្រប់គ្នា កំ​ពុ​ង​ចែក​ជើង​គ្នា ​ដោយសារមនុស្ស​តិច​ ព្រម​ទាំង​ប្រាក់​ខែ​មិន​សមរម្យ​។ នេះ​បើតាម​ឱ្យដឹង​ពី ម​ន្រ្តីមកពីអង្គភាព​ផ្គត់​ផ្គង់​សម្ភារៈ។

យ៉ាងណាមិញ វេជ្ជបណ្ឌិត Ella បា​នបញ្ជាក់នៅក្នុងបទសម្ភាសន៍រប​ស់​ស្ថានី​យទូ​រទស្សន៍​ CNBC-TV18 ថា៖ «​ធនធានមនុស្សពិត​ជា​ពិបាក​រក​មែន ដោយសារ​ដំណើរ​ការ​ផលិត Covaxin ត្រូវ​ការ​អ្នកជំនាញ​ខ្ពស់​ ដើម្បី​​ធ្វើតេស្តចំ​នួ​ន​ ២០០ ដង​ លើកា​រ​ត្រួ​តពិ​និត្យ​គុណភាព​វ៉ាក់សាំង​ ដែល​ផលិត​បាន​»​។

ក្រៅ​ពីនេះ ការ​ចិញ្ចឹម​​កោសិកាវ៉េ​រ៉ូ​ឱ្យ​លូត​លាស់ គឺ​ជាប​​ញ្ហាប្រ​ឈ​ម​មួយទៀត​ អ្នក​ជំនាញ​វិទ្យាសាស្ត្រ និ​ង​ឧស្សាហកម្ម​​បាន​លើក​ឡើង​។ ​អ​តីត​ប្រ​ធា​ន​ក្រុ​មហ៊ុ​ន​ផ​លិ​តវ៉ាក់សាំង និង​បច្ចុប្បន្ន​ជា​អ្នកប្រឹក្សា​ឱសថ បាន​និយាយថា៖ «ចំពោះ​វ៉ាក់​សាំ​ង​ ដែ​លមា​ន​មូ​ល​ដ្ឋា​នលើ​វ៉ិ​ចទ័រ adenovirus ដំណើរ​ការ​នេះ មាន​លក្ខណៈ​សាមញ្ញ ហើយ​មេ​រោ​គត្រូ​វ​តែ​លូ​ត​លា​ស់ប្រមូល​ផលបន្សុត និ​ងប​ង្កើត​រូបមន្ត។​  មិន​ចាំ​បាច់​ធ្វើឱ្យ​អសកម្មទេ​ ហើយ​ជំហាន​ផ្សេង​ទៀត​ក៏​ងា​យ​ស្រួ​លជាង​ ការផលិត​វ៉ាក់សាំង​អសកម្ម​ដែរ»​។

បញ្ហា​មួយ​ទៀត​គឺ អង្គ​ភាព​ផ​លិ​តកម្មច្រើ​ន​ពេក​។ បើយោ​ង​តា​ម​អ្ន​កជំ​នាញ​ឧស្សា​ហកម្ម ក្រុម​ហ៊ុន​ Bharat Biotech បា​នបំបែក​អង្គភាព​ផលិតកម្ម​រ​បស់​ខ្លួន​ទៅ​ជា​យូ​នីតច្រើន ដែល​មាន​មូល​ដ្ឋាន​នៅឆ្ងា​យពី​ទី​ស្នាក់​ការ​កណ្តាលរ​ប​ស់ក្រុ​ម​ហ៊ុ​ននៅ​ទីក្រុង Hyderabad ។

ប្រភពដដែល​បាន​ឱ្យដឹងថា ការ​ធ្វើ​ដូច​នេះ ធ្វើ​ឱ្យ​បាត់​ប​ង់​កា​រ​ផ្តោ​ត​អា​រ​ម្ម​ណ៍​នៅ​ពេល ដែ​ល​ការ​ផ​លិ​ត​រ​​ប​ស់​អ្ន​ក​ត្រូ​វ​បា​ន​បែ​ង​ចែ​ក​ជា​អង្គភាព​ច្រើន​ពេក ដែល​មា​ន​ទី​តាំ​ង​​នៅ​ទូ​ទាំងរដ្ឋ ហើយ​ត្រូវ​​ពិសោធន៍ក្នុង​ពេល​តែ​មួយ ដែល​បង្ក​ឱ្យ​មាន​ការ​លំបាក​ខ្លាំង​ ទាំង​ការ​ផ្គត់ផ្គង់​វ​ត្ថុ​ធាតុ​ដើម ការ​ត្រួ​ត​ពិនិត្យ ការ​ផលិត ការធ្វើតេស្ត និង​ការដឹក​ជ​ញ្ជូន​។

បន្ថែម​ពីនេះ អ្នក​ជំនា​ញ​ផ្នែ​ក​សុ​ខភាព បា​ន​ស្តី​បន្ទោ​ស​រដ្ឋា​ភិបាល ចំពោះ​កា​រ​គាំ​ទ្រក្រុមហ៊ុន Bharat Biotech ហួស​ហេតុ​។ អ្នក​ជំ​នា​ញ​សុ​ខ​ភា​ពសាធារណៈ អ្នក​ស្រី Malini Aisola បាន​និយាយថា៖ « ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍន៍​ និង​កា​រ​សាកល្បងព្យា​បាល ការពន្លឿន​ ការអនុម័ត​ប​ទប្បញ្ញត្តិ ដែល​ការ​ធ្វើ​ដូច​នេះ​គឺ​ដើម្បី​រ​ក្សាភា​ពផ្តា​ច់​មុខ​លើ​វ៉ាក់​សាំង ដែ​ល​ត្រូ​វ​បា​ន​បង្កើ​ត​រួ​ម​គ្នាជា​មួ​យ​​ស្ថាប័នរ​ដ្ឋា​ភិ​បាល»។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner